អន្តរជាតិ
ឧត្តមសេនីយ៍កំពូលអាម៉េរិក Milley ថា ចិនបានតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង
28, Oct 2021 , 7:29 pm        
រូបភាព
ប្រធានសេធានាធិការកងទ័ពអាម៉េរិក Mark Milley ។ រូបថត AFP
ប្រធានសេធានាធិការកងទ័ពអាម៉េរិក Mark Milley ។ រូបថត AFP
ប្រធានសេនាធិការកងទ័ពអាម៉េរិក ឧត្តមសេនីយ៍ Mark Milley នៅថ្ងៃទី២៧ ខែតុលា បានទទួលស្គាល់​ថា ចិនពិតជាបានសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងប្រាកដមែន។ លោក Milley ចាត់ទុកការសាកល្បងនេះជារឿងគួរឱ្យបារម្ភ។
 
កាលពីថ្ងៃទី១៦​​ ខែតុលា កាសែត The Financial Times បានរាយការណ៍ថា ក្នុងខែសីហា ទីក្រុង​ប៉េកាំងបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដែលអាចធ្វើដំណើរតាមគន្លងផែនដីមុនពេល វាយ​ប្រហារគោលដៅ។ យ៉ាងណាមិញ ពីរថ្ងៃបន្ទាប់ ក្រសួងការបរទេសចិនបាន បដិសេធថា ខ្លួនបាញ់មីស៊ីលលឿនជាងសំឡេង តែជាការបាញ់យានអវកាសប៉ុណ្ណោះ។
 
ជុំវិញភាពមិនប្រាកដប្រជានេះ ឧត្តមសេនីយ៍ Mark Milley ប្រធានសេនាធិការយោធាម៉េរិក នៅថ្ងៃទី ២៧​ ខែតុលា និយាយច្បាស់ៗថា ចិនពិតជាបានសាកល្បងមីស៊ីលលឿន​ជាង​សំឡេង​​មែន​។ លោក Milley ប្រដូចការសាកល្បងនេះទៅនឹងការបង្ហោះផ្កាយរណប Sputnik របស់សូវៀត។ លោក ចង់​សំដៅលើការបង្ហោះប្រព័ន្ធផ្កាយរណបបង្កើតដោយមនុស្ស​ជា​លើកដំបូងដោយសូវៀតនៅឆ្នាំ​១៩៥៧ ដែលធ្វើអោយទីក្រុងមូស្គូឈានមុខគេលើការប្រណាំងផ្នែកអវកាសក្នុងសម័យ​សង្គ្រាម​ត្រជាក់​។
 
«អ្វី​ដែល​យើង​បាន​ឃើញ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៃ​ការ​សាកល្បង​​អាវុធ​លឿន​ជាង​សំឡេង ហើយ​វា​ពិតជាគួរឱ្យបារម្ភខ្លាំងណាស់»។ ឧត្តមសេនីយ៍ Milley បានសង្កត់ធ្ងន់បែបនេះក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Bloomberg ដែលផ្សាយនៅថ្ងៃទី២៧ ខែតុលា ។
 
អ្នកជំនាញផ្នែកសព្វាវុធ ជឿថា ការសាកល្បងអាវុធរបស់ចិន ទំនងជាត្រូវបានរៀបចំឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធការពាររបស់អាម៉េរិក។ នេះក៏ព្រោះមីស៊ីលនេះផ្លាស់ទីក្នុងល្បឿនលឿនជាងល្បឿនសំឡេង ប្រាំដង ឬប្រហែល៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឲ្យប្រព័ន្ធការពារ អាម៉េរិកពិបាក​ចាប់​បាន​។ លើសពីនេះ អាម៉េរិកជឿជាក់ថា ការសាកល្បងរបស់ចិនធ្វើតាម​ការបាញ់ផ្លោងទម្លាក់​គ្រាប់បែក​តាម​គន្លង​ប្រភាគ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។ 
 
ការបាញ់ផ្លោងទម្លាក់​គ្រាប់បែក​តាម​គន្លង​ប្រភាគ វិធីសាស្រ្តមួយដែលមីស៊ីលចិនអាចគេចផុ​ត​ពី​ប្រព័ន្ធ​ការពារមីស៊ីលរបស់អាម៉េរិកដូចជានៅ Alaska ជាដើមដែលត្រូវបានពង្រាយឡើងដើម្បី​ទប់ទល់នឹង​អាវុធផ្សេងៗបាញ់ពីកូរ៉េខាងជើងជាដើម៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com