អន្តរជាតិ
អ៊ីរ៉ង់ ព្រមចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ខណៈសម្ពាធពីអន្តរជាតិកើនឡើង
28, Oct 2021 , 5:59 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ។ រូបថត AFP
ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ។ រូបថត AFP
ដោយ៖ ឡាយ ស្រីពេជ្រ
 
ទីក្រុងតេហេរ៉ង់ ប្រកាសនៅថ្ងៃទី២៧ ខែតុលាថា អ៊ីរ៉ង់នឹងបន្តកិច្ចចរចារជាមួយមហាអំណាចពិភពលោកនៅខែវិច្ឆិកាស្តីពីការពិនិត្យឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ការប្រកាសនេះ ជាជំហានវិជ្ជមានមួយ ខណៈ​ប្រទេស​លោក​ខាង​លិចព្រួយ​បារម្ភ​​ចំពោះការកើន​ឡើងនៃ​ការ​អភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​អ៊ីស្លាមមួយនេះ។
 
«យើងយល់ព្រមចាប់ផ្តើមការចរចាមុនដំណាច់ខែវិច្ឆិកា។ កាល​បរិច្ឆេទ​ពិត​ប្រាកដ​នឹង​ត្រូវ​ប្រកាស​នៅ​​សប្តាហ៍​ក្រោយ»។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Ali Bagheri Kani សរសេរបែបនេះនៅលើ Twitter នៅថ្ងៃទី២៧ខែតុលា បន្ទាប់ពីជំនួបដ៏មានផលនៅទីក្រុងព្រុចសែលជាមួយតំណាងចរចារបស់សហភាពអឺរ៉ុបលោក Enrique Mora អំពីធាតុដែលសំខាន់ក្នុងការសម្រេចបានការចរចាឱ្យជោគជ័យ។ 
 
​អាមេរិក ក៏ត្រៀមខ្លួនសម្រាបការចរចាដែរ។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសអាម៉េរិកនៅថ្ងៃទី២៧ ខែតុលា បញ្ជាក់ថា អាម៉េរិកត្រៀមខ្លួនត្រឡប់ទៅទីក្រុងវីយែនវិញជាមួយការជឿជាក់ថា កិច្ចព្រមព្រៀងឆ្នាំ២០១៥ នឹងអាចសម្រេចបាន និងអនុវត្តយ៉ាងឆាប់រហ័សចំពោះការត្រឡប់ទៅរកអនុលោមភាពទៅវិញទៅមកយ៉ាងពេញលេញ។ ប៉ុន្តែអ្នកនាំពាក្យដដែលរំឭកថា ដូចបានដឹងច្បាស់ហើយ ឱកាសនេះនឹងមិននៅតែបើកចំហរហូតឡើយ ដ្បិតអ៊ីរ៉ង់នៅតែបន្តធ្វើសកម្មភាពបង្ករឿង។ 
 
សូមបញ្ជាក់ថា កន្លងមក អ៊ីរ៉ង់ ក៏មានការចរចាមិនផ្ទាល់ជាមួយអាម៉េរិកលើការវិលត្រឡប់រកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ វិញ។ ប៉ុន្តែការចរចាដែលធ្វើនៅទីក្រុងវីយែននេះ ត្រូវអាក់ខានដោយសារអ៊ីរ៉ង់ផ្លាស់ប្ដូររដ្ឋាភិបាលថ្មី។ អំឡុងកិច្ចចរចា៦ជុំនៅទីក្រុងវីយែន ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅតែមិនយល់ស្របលើជំហានណាមួយដែលត្រូវធ្វើ និងពេលណាត្រូវចាប់ផ្តើមដោយសារជាប់គាំងនឹងបញ្ហាសំខាន់ៗពីររួមមានការកំណត់កម្មវិធីនុយក្លេអ៊ែរប៉ុណ្ណាដែលទីក្រុងតេហេរ៉ង់នឹងទទួលយក និងទណ្ឌកម្មប៉ុណ្ណាដែលក្រុងវ៉ាស៊ីនតោននឹងដកចេញ ។
 
ប្រធានាធិបតីអ៊ីរ៉ង់ថ្មី អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលជាអ្នកអភិរក្សនិយមខ្លាំង ត្រូវមើលឃើញថា ប្រកាន់ជំហរតឹងរ៉ឹងសម្រាប់ការចរចាជាមួយលោកខាងលិច។ គេរំពឹងថា ក្នុងដំណាក់កាលចរចាថ្មី រដ្ឋបាលលោក រ៉ៃស៊ី ទំនងជាប្រកាន់ជំហរដាច់ណាត់ទៀត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com