អន្តរជាតិ
មេដឹកនាំតៃវ៉ាន់ អះអាងពីវត្តមានទ័ពអាម៉េរិកដើម្បីបណ្ដុះបណ្ដាលយោធាតៃវ៉ាន់
28, Oct 2021 , 8:29 pm        
រូបភាព
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ថ្លែងក្នុងជំនួបមួយនាពេលកន្លងមក។ រូបថតពីការិយាល័យប្រធានាធិបតីតៃវ៉ាន់
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ថ្លែងក្នុងជំនួបមួយនាពេលកន្លងមក។ រូបថតពីការិយាល័យប្រធានាធិបតីតៃវ៉ាន់
ដោយ៖​ ឡាយ ស្រីពេជ្រ
 
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានបញ្ជាក់ពីវត្តមានយោធាអាម៉េរិកនៅកោះតៃវ៉ាន់ដើម្បីបង្វឹកយោធាដែនកោះនេះ។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN លោកស្រី Tsai ក៏មានជំនឿថា អាម៉េរិកនឹងការពារកោះតៃវ៉ាន់នៅក្នុងព្រឹត្តិការណ៍ណាដែលចិនបើកការវាយប្រហារយោធា។
 
ព័ត៌មាននៃវត្តមានយោធាអាម៉េរិកនៅកោះតៃវ៉ាន់ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅដើមខែតុលានេះ។ មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ក៏បានបញ្ជាក់រឿងនេះក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN ដែលផ្សាយនៅថ្ងៃទី២៧ ខែតុលា។ ប៉ុន្តែលោកស្រីលើកឡើងថា ចំនួនយោធាអាម៉េរិក មានមិនច្រើនច្រើនឡើយ។
 
ការសារភាពរបស់លោកស្រី Tsai ជាលើកដំបូងដែលមេដឹកនាំតៃវ៉ាន់បញ្ជាក់ពីវត្តមានកងទ័ពអាម៉េរិកលើដែនកោះមួយនេះ ចាប់តាំងពីយោធាអាម៉េរិកដកចេញពីតៃវ៉ាន់នៅឆ្នាំ១៩៧៩ ក្រោយអាម៉េរិកភ្ជាប់ទំនាក់ទំនងជាមួយចិនជំនួសតៃវ៉ាន់។ មេដឹកនាំតៃវ៉ាន់រូបនេះ បញ្ជាក់ថា តៃវ៉ាន់មានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយអាម៉េរិកក្នុងគោលបំណងបង្កើនសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ ហើយថា អាម៉េរិកនឹងចេញមួយតៃវ៉ាន់ផងដែរ។
 
«ខ្ញុំ​ពិតជាមាន​ជំនឿថា អាម៉េរិកនឹងជួយការពារកោះតៃវ៉ាន់»។ លោកស្រី Tsai លើកឡើងបែបនេះក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ CNN ។
 
ជុំវិញវត្តមានយោធាអាម៉េរិក រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng ប្រាប់សមាជិកសភាថា យោធាតៃវ៉ាន់ និងអាម៉េរិកមានទំនាក់ទំនងរវាងគ្នាជាយូរមកហើយ។ បើតាមលោក Chiu កងទ័ពតៃវ៉ាន់ បានទទួលការបណ្ដុះបណ្ដាលនៅអាម៉េរិក ហើយយោធាអាម៉េរិកក៏បង្ហាត់កងទ័ពវិញដែរ។ ត្រង់នេះ ប្រមុខការពារជាតិតៃវ៉ាន់បញ្ជាក់ថា វាមិនមែនជាការតាំងមូលដ្ឋានទ័ពឡើយ។ 
 
ជាមួយគ្នានេះដែរ លើទំនាក់ទំនងជាមួយចិន ទោះបីជាមានការគំរាមកំហែងនិងការរំលោភបំពានជាបន្តបន្ទាប់ពីសំណាក់ទីក្រុងប៉េកាំង លោកស្រី Tsai នៅតែសង្ឃឹមថា ចិននិងតៃវ៉ាន់អាចសហការគ្នាដោយសន្តិវិធី ទោះបីជាបរិយាកាសរវាងតៃវ៉ាន់និងចិននៅបច្ចុប្បន្នកំពុងអាប់អួរក៏ដោយ៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com