អន្តរជាតិ
អាម៉េរិកនិង​សម្ព័ន្ធមិត្ត ​ថ្កោលទោស​រុស្ស៊ីដែលរំលោភ​​សេរីភាព​សារព័ត៌មាន
29, Oct 2021 , 9:29 pm        
រូបភាព
ប៉ូលិសរុស្ស៊ីឃាត់ខ្លួនអ្នកកាសែតម្នាក់ក្នុងការតវ៉ាកន្លងមក។ រូបថត AFP
ប៉ូលិសរុស្ស៊ីឃាត់ខ្លួនអ្នកកាសែតម្នាក់ក្នុងការតវ៉ាកន្លងមក។ រូបថត AFP
ដោយ៖ឡាយ ស្រីពេជ្រ 
 
អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅថ្ងៃទី២៨ ខែតុលា ថ្កោលទោសរុស្ស៊ីលើការចាត់វិធានការបំបាត់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេស។ ក្រុមលោកខាងលិច ជំរុញឱ្យរដ្ឋាភិបាលទីក្រុងមូស្គូការពារសេរីភាពសារព័ត៌មានឱ្យបានពេញលេញ។
 
«យើងជំរុញឱ្យសហព័ន្ធរុស្ស៊ីធ្វើតាមការប្តេជ្ញា និងកាតព្វកិច្ចរបស់រុស្ស៊ីចំពោះសិទ្ធិមនុស្សអន្តរជាតិហើយគោរព និងធានាសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៨ខែតុលារបស់អាម៉េរិក និងសម្ព័ន្ធមិត្តចំនួន១៧ប្រទេសទៀតរួមមានបារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម។
 
អាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ទទូចឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ការគាបសង្កត់លើសំឡេងឯករាជ្យ បញ្ចប់នីតិវិធីនយោបាយប្រឆាំងនឹងអ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយ ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ទាំងអស់។ លើសពីនេះ ក្រុមលោកខាងលិច រិះគន់រុស្ស៊ីថា ការតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ចុះឈ្មោះជាភ្នាក់ងារបរទេស បានបង្ហាញយ៉ាងច្បាស់ពីការប្រឹងប្រែងក្នុងការហាមប្រាមប្រជាជនរុស្ស៊ីទទួលបានសារព័ត៌មានឯករាជ្យ។​​​ 
 
បើតាមសេចក្តីថ្លែងការណ៍រួមដដែល ប្រទេសទាំងអម្បាលម៉ានខាងលើ ក៏ចោទរុស្ស៊ីចេតនាបិទវត្តមានក្រុមហ៊ុនព័ត៌មានដែលគាំទ្រដោយរដ្ឋាភិបាលអាម៉េរិកឈ្មោះ Radio Free Europe/Radio Liberty នៅក្នុងប្រទេសទៀតផង។ 
 
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយនានា បានរិះគន់រដ្ឋាភិបាលរុស្ស៊ីចំពោះការឃុំខ្លួនអ្នកកាសែតដែលបានរាយការណ៍ពីសកម្មភាពតវ៉ាប្រឆាំងការឃុំខ្លួនលោក Alexei Navalny និងករណីបំពានអ្នកយកព័ត៌មានរបស់ Radio Free Europe/Radio Liberty នៅគ្រីមៀ។ ចំណែកឯ មហាអំណាចលោកខាងលិចក៏បានលើកឡើងពីរឿងរុស្ស៊ីបណ្តេញអ្នកយកព័ត៌មាន BBC ឈ្មោះ Sarah Rainsford ផងដែរ។
 
ចាប់តាំងពីឆ្នាំ២០១២ មក រុស្ស៊ី បានដាក់ចេញច្បាប់ទាក់ទងភ្នាក់ងារបរទេសដែលផ្តោតចំពោះអង្គការមិនមែនរដ្ឋាភិបាល។ អ្នកសារព័ត៌មាន និងអ្នកសរសេរប្លុក ក៏ត្រូវបានការចាត់ចូលជាភ្នាក់ងារបរទេសដូចគ្នា។ តាមច្បាប់រុស្ស៊ី អង្គភាពណាដែលត្រូវបានសម្គាល់ថា ជាភ្នាក់ងារបរទេសត្រូវតែភ្ជាប់អត្ថបទ វីដេអូ និងការបង្ហោះរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់ពួកគេជាមួយការបញ្ជាក់ថា ជាភ្នាក់ងារបរទេសនិងប្រភពនៃការផ្គត់ផ្គង់លុយ បើមិនដូច្នេះទេ នឹងត្រូវពិន័យតាមច្បាប់៕
 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com