អន្តរជាតិ
ប្រធានអាស៊ាន ធ្វើអ្វីខ្លះ?
29, Oct 2021 , 4:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន លើកញញួរប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ រូបថតពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន លើកញញួរប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ រូបថតពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន មានសមាជិក១០ប្រទេស។ តំណែងប្រធានអាស៊ាន ត្រូវផ្លាស់ប្ដូរទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ ទទួលតំណែងជាប្រធាន រដ្ឋសមាជិកអាស៊ានធ្វើការងារអ្វីខ្លះ?
 
តំណែងប្រធានអាស៊ាន មានរយៈពេលមួយឆ្នាំ ហើយផ្លាស់ប្ដូរតាមលំដាប់អក្ខរក្រមឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិកទាំង១០។ ឧទាហរណ៍ ព្រុយណេ (Brunei) ជាប្រធានអាស៊ាននៅឆ្នាំ២០២១ ដូចនេះនៅឆ្នាំ២០២២ ដល់វេនកម្ពុជា (Cambodia) វិញម្ដង ហើយបន្ទាប់ពីកម្ពុជា គឺឥណ្ឌូណេស៊ី (Indonesia) ។
 
ក្នុងករណីខ្លះ តំណែងប្រធានអាស៊ាន អាចផ្លាស់ប្ដូរដោយមិនគោរពតាមលំដាប់នេះដែរ។ ក្នុងឆ្នាំ២០១១ ព្រុយណេ ត្រូវកាន់តំណែងប្រធាន តែឥណ្ឌូណេស៊ី ដឹកនាំជំនួសវិញ ហើយព្រុយណេ កាន់តំណែងប្រធានវិញនៅឆ្នាំ២០១៣ ដែលជាវេនរបស់ឥណ្ឌូណេស៊ី។ 
 
ប្រធានអាស៊ានធ្វើអ្វីខ្លះ? មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា រដ្ឋសមាជិកដែលទទួលតំណែងប្រធាន ត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន, កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ទាំងបី (នយោបាយ, សេដ្ឋកិច្ច, សង្គម-វប្បធម៌), កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមវិស័យ និងឧត្តមមន្រ្តី និងគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍។ 
 
កិច្ចប្រជុំកំពូលអាស៊ាន ត្រូវរៀបចំពីរលើកក្នុងមួយឆ្នាំ។ កិច្ចប្រជុំកំពូល​​​ ជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់អាស៊ាន ដោយឈរលើគោលការណ៍កុងសង់ស៊ីស (ជាឯកច្ឆន្ទ)។ ជាការកត់សម្គាល់ នៅកិច្ចប្រជុំកំពូលលើកទី១ មេដឹកនាំអាស៊ាន ជជែកពីបញ្ហាប្រឈមក្នុងតំបន់ ខណៈកិច្ចប្រជុំកំពូលលើកទី២ មេដឹកនាំអាស៊ាន បន្តជជែកពីបញ្ហាផ្ទៃក្នុង ហើយបន្តជួបជាមួយមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ានមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលីជាដើម។
 
មាត្រា៣២ នៃធម្មនុញ្ញអាស៊ានចែងថា រដ្ឋសមាជិកដែលទទួលតំណែងប្រធាន ត្រូវជំរុញលើកកម្ពស់ផលប្រយោជន៍អាស៊ានរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍អាស៊ានតាមរយៈគំនិតផ្ដួចផ្ដើម ការសម្របសម្រួល, កុងសង់ស៊ីស និងកិច្ចសហប្រតិបត្តិការ។ លើសពីនោះ ប្រធានអាស៊ាន ត្រូវធានាមជ្ឈភាពអាស៊ាន ការឆ្លើយតបទាន់ពេលវេលា និងដោយប្រសិទ្ធភាពលើបញ្ហាបន្ទាន់ និងស្ថានភាពអាសន្នដែលប៉ះពាល់អាស៊ាន។ ប្រធានអាស៊ាន ក៏ធ្វើជាតំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូខាងក្រៅ។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូហារតូ ដឹកនាំកិច្ចប្រជុំអាស៊ានមុនគេនៅឆ្នាំ១៩៧៦ ។ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ដែលត្រូវដឹកនាំកិច្ចប្រជុំនៅឆ្នាំ២០២២ ធ្លាប់ដឹកនាំកិច្ចប្រជុំពីររួចហើយនៅឆ្នាំ២០០២ និងឆ្នាំ២០១២ ៕ 
 
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com