អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សកាន់អំណាចជប៉ុន ឈ្នះការបោះឆ្នោតសភាដើម្បីបន្តដឹកនាំប្រទេស
01, Nov 2021 , 10:30 am        
រូបភាព
បក្សប្រជាធិបតេយ្យសេរី (LDP) ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្ងៃទី៣១ ខែតុលា។ នេះបើតាមលទ្ធផលដែលចេញនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា។ ទោះថយអាសនៈសភាបន្តិចក្ដី ជ័យជម្នះនេះ នឹងរក្សាតំណែងនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ បន្តមួយអាណត្តិទៀត។
 
យោងតាមលទ្ធផលផ្លូវការ បក្សប្រជាធិបតេយ្យសេរីរបស់នាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ និងបក្ស Komeito ដែលជាដៃគូក្នុងរដ្ឋាភិបាល ទទួលបានអាសនៈភាគច្រើនចំនួន២៩០ លើអាសនៈសរុប៤៦៥ នៃសភាជាន់ទាបរបស់ជប៉ុន។ បូកបញ្ចូលអាសនៈសរុប សម្ព័ន្ធភាពចម្រុះកំពុងកាន់អំណាច អាចរក្សាអំណាចដើម្បីដឹកនាំប្រទេស៤ឆ្នាំទៀត។ 
 
ប៉ុន្តែសំឡេងគាំទ្ររបស់បក្ស LDP បានថយចុះ។ ការថយចុះអាសនៈដែលធ្លាក់លើបក្សប្រឆាំង ជាសញ្ញាបង្ហាញពីការមិនពេញចិត្តរបស់ប្រជាជនជប៉ុនលើរដ្ឋបាលលោក គីស៊ីដា ពាក់ព័ន្ធការដោះស្រាយវិបត្តិកូវីដ-១៩ និងគោលនយោបាយសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិជាដើម។
 
ទោះជាយ៉ាងណា ជាមួយការរក្សាសំឡេងភាគច្រើនក្នុងសភា លោក គីស៊ីដា បានបង្ហាញពីសមត្ថភាពក្នុងការដឹកនាំបក្សដើម្បីទទួលបានជ័យជម្នះខុសពីការរំពឹងមុនការបោះឆ្នោត៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com