អន្តរជាតិ
ប្រធានាធិបតីបារាំងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីកុហកជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹក
01, Nov 2021 , 11:59 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជជែកជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅទីក្រុងរ៉ូម។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជជែកជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅទីក្រុងរ៉ូម។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៣១ ខែតុលា អះអាងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បាននិយាយកុហកជុំវិញការលុបចោលកុងត្រាសាងសង់នាវាមុជទឹកជាមួយ​ក្រុមហ៊ុន​បារាំងក្នុងខែកញ្ញា។ លោក ម៉ូ​រី​សុន ឯណោះប្រកែកថា ការលើក ឡើងខាងលើនេះមិនពិតនោះទេ។
 
នៅទីក្រុងរ៉ូមអំឡុងកិច្ចប្រជុំកំពូលលើកទី១៦ នៃ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើនទាំង២០ (G20) ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានជួបមុខផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូ​រី​សុន ជាលើកដំបូងចាប់តាំងពីអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀង​នាវាមុជទឹ​កតម្លៃរាប់ពាន់​លាន​ដុល្លារជាមួយបារាំង។ អូស្ត្រាលី បានបែរទៅចាប់ដៃជាមួយសម្ព័ន្ធភាព​ថ្មីដែល​អាម៉េរិក និង​ចក្រភព​អង់គ្លេសសន្យាផ្ដល់នាវាមុជទឹកនុយក្លេអ៊ែរឱ្យខ្លួន។
 
លោក ម៉ាក្រុង ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីនៅក្រៅកិច្ចប្រជុំថា លោក ម៉ូរីសុន បាននិយាកុហកលើកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹក។​ មេដឹកនាំបារាំង ទំនងជាសំដៅលើកាអធិប្បាយរបស់​អូស្ត្រាលី​ដែលបានអះអាងថាខ្លួនបានប្រាប់បារាំងមុនពេលសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយក្រុមហ៊ុនបារាំង Naval Group ។
 
«ខ្ញុំគោរពប្រទេសរបស់អ្នក។ ខ្ញុំ​មាន​ការ​គោរព និង​មិត្តភាព​យ៉ាងជ្រាលជ្រៅចំពោះប្រជាជនរបស់​អ្នក។ ខ្ញុំគ្រាន់តែចង់និយាយថា ខណៈដែលពួកយើងនៅមានការគោរព អ្នកត្រូវតែស្មោះត្រង់ ហើយត្រូវតែ មានអាកប្បកិរិយាសមស្របទៅនឹងតម្លៃគោរពរបស់ពួកយើងវិញដែរ»។ លោក ម៉ាក្រុង លើក ឡើង បែបនេះចំពោះមុខក្រុមអ្នកសារព័ត៌មានអូស្ត្រាលីបន្ទាប់ពីកិច្ចប្រជុំក្រុម G20។
ប៉ុន្តេលោក ម៉ូរីសុន អះអាងថា លោកមិនបាននិយាយកុហកអ្វីឡើយ។ អំឡុងសន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី៣១ ខែតុលានៅទីក្រុងរ៉ូម លោក  ម៉ូ​រី​សុន បានបដិសេធថា ការលើក​ឡើងរបស់លោក ម៉ាក្រុង​មិនពិតនោះទេ។ នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា លោកធ្លាប់​បានពន្យល់​លោក ម៉ាក្រុង ជា​ច្រើន​សារមកហើយថាកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយបារាំងលែងបំពេញតាម​អ្វីដែល​អូស្ត្រាលី​ត្រូវ​ការ​ទៀតហើយ។
 
ចំណែកឯមេដឹកនាំបារាំង និងអាម៉េរិកឯណោះនៅថ្ងៃទី២៩ ខែតុលាមុនជំនួបក្រុមG20 បាន​ជួប​ពិភាក្សាគ្នា ហើយទំនងបានឆ្លៀតឱកាសស្ដារទំនាក់ទំនងឱ្យល្អប្រសើរជាងមុន។ ប្រធានាធិបតី​អាម៉េរិ​ក​បានគិតថា បារាំងត្រូវបានជូនដំណឹងអំពីការលុបចោលកិច្ចសន្យាមុនពេលកិច្ចព្រមព្រៀង AUKUS ត្រូវ​បានប្រកាស។ លោក បៃឌិន សោកស្ដាយដែលការដោះស្រាយកិច្ចព្រមព្រៀង​សន្តិសុខថ្មីនេះ​មាន​ភាព​ច្របូកច្របល់៕

Tag:
 បារាំង
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com