អន្តរជាតិ
ប្រធានសន្និសីទ COP26 ៖ បើធ្វើសកម្មភាពចាប់ពីឥឡូវនេះ យើងអាចការពារផែនដី ដ៏មានតម្លៃរបស់យើង
01, Nov 2021 , 5:29 pm        
រូបភាព
ពិធីបើកសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ នៅទីក្រុង Glasgow ។ រូបថត Xinhua
ពិធីបើកសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ នៅទីក្រុង Glasgow ។ រូបថត Xinhua
សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦របស់អង្គការសហប្រជាជាតិ (COP26) បានចាប់ផ្ដើមហើយនៅថ្ងៃទី៣១ ខែតុលានៅទីក្រុង Glasgow ទឹកដីស្កុតឡែន។ ប្រធានសន្និសីទ COP26 លោក Alok Sharma លើកឡើងថា COP26 ជាក្តីសង្ឃឹមចុងក្រោយដើម្បីកម្រិតសីតុណ្ហភាពផែនដីមិនឱ្យកើនហួស ១,៥​អង្សា។ លោក Sharma សង្កត់ធ្ងន់ថា ប្រសិនបើប្រទេសទាំងអស់ចាប់ផ្ដើមសកម្មភាពរួមគ្នា ពួក​គេ​នឹង​អាច​ការពារពិភពលោកដ៏មានតម្លៃនេះបាន។
 
កិច្ចប្រជុំ COP26 ត្រូវធ្វើឡើងក្នុងរយៈពេលជាងពីរសប្ដាហ៍ចាប់ពីថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី១២ ខែវិច្ឆិកា។ កិច្ចប្រជុំនេះ ជាវេទិកាដ៏ចាំបាច់បំផុតសម្រាប់ពិភពលោកដែលកំពុងតែជួបប្រទះនឹងគ្រោះធម្មជាតិ​យ៉ាង​ធ្ងន់​ធ្ងរដែលបណ្ដាលមកពីការប្រើប្រាស់ផូស៊ីលឥន្ធនៈជាង១៥០ឆ្នាំមកនេះ។
 
«ពួកយើងដឹងថា ភពផែនដីរបស់យើងកំពុងផ្លាស់ប្តូរកាន់តែអាក្រក់ទៅ»។ ប្រធានសន្និសីទ COP26 លោក Alok Sharma បានថ្លែងបែបនេះក្នុងការបើកសុន្ទរកថាថ្ងៃទី៣១ ខែតុលាមុនបន្តថា កិច្ចចរចាជាសកល នេះ ជាក្តីសង្ឃឹមចុងក្រោយដើម្បីកម្រិតសីតុណ្ហភាពផែនដីមិនឱ្យកើនហួស១,៥អង្សាសេ។ 
 
លោក Sharma មកពីអង់គ្លេស ក៏បានព្រមានថា ការប្រែប្រួលអាកាសធាតុមិនបានសម្រាកឡើយ​អំឡុង​ការ​រីករាលដាលជំងឺកូវីដ-១៩។ ត្រង់នេះលោកចង់សំដៅលើការប្រែប្រួលអាកាសធាតុ​នៅតែបន្ត ​ហើយ​គ្រោះ​ធម្មជាតិនៅតែកើតឡើងជាញឹកញយ ខណៈដែលមេដឹកនាំពិភពលោក​មិន​បាន​ជួប​ពិភាក្សាគ្នា​អំឡុង​ការ​ផ្ទុះ​ឡើងនៃជំងឺកូវីដ-១៩ ជាសកលក្នុងឆ្នាំ២០២០ ។ ប្រធានរៀបចំសន្និសីទរូបនេះសង្កត់ធ្ងន់ថា ប្រសិន​បើ​ប្រទេសទាំងអស់ធ្វើការជាមួយគ្នាកា​ត់បន្ថយការ​បំភាយ​ឧស្ម័ននោះពួកគេនឹងអាចការពារពិភពលោក​បាន។
 
ទាក់ទងការសម្រេចគោលដៅកំហិតការកើនសីតុណ្ហភាពមិនឱ្យលើស១,៥អង្សា លោក Sharma បញ្ជាក់​ថា ការបញ្ចុះបញ្ចូលមេដឹកនាំពិភពលោក ជារឿងពិបាកសម្រេចបាន។ លោកក៏ព្រមានថា ប្រទេស​លើ​ពិភព​លោកកំពុងឈានទៅរកកម្រិតកំណើនសីតុណ្ហភាពផែនដី២អង្សា។
 
គួរបញ្ជាក់ថា មេដឹកនាំ និងរដ្ឋាភិបាលមកពីជាង១២០ប្រទេស នឹងធ្វើដំណើរទៅកាន់ទីក្រុង Glasgow សម្រាប់កិច្ចប្រជុំមួយនេះ។ ប្រធានាធិបតីអាម៉េរិក, បារាំង, នាយករដ្ឋមន្រ្តីឥណ្ឌា និង​អូស្ត្រាលី​នឹង​ចូល​រួម​ផ្ទាល់​ក្នុងកិច្ចប្រជុំនេះផងដែរ ខណៈ​ប្រធានាធិបតីចិនដែលជាប្រទេសបញ្ចេញឧស្ម័ន កាបូនិចច្រើនជាងគេបង្អស់ ព្រមទាំងរុស្ស៊ីនឹងមិនចូលរួមផ្ទាល់នោះទេ៕

Tag:
 COP26
© រក្សាសិទ្ធិដោយ thmeythmey.com