កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ពីវីរបុរសក្នុងនាមជាកីឡាករទៅជាគ្រូបង្វឹកក្លិប Barcelona
06, Nov 2021 , 1:14 pm        
រូបភាព
ដោយ: រួបរួម
FC Barcelona បាន​ប្រកាសពី​ការឈាន​ដល់កិច្ចព្រមព្រៀងជាមួយលោក Xavi Hernandez ក្នុង​តំណែងជាគ្រូបង្វឹក​សម្រាប់​រដូវកាលបច្ចុប្បន្ន និង​២រដូវកាលទៀត។ វីរបុរស​ដែលចេញពីឈុត​យុវជន​ក្លិបអ្នក​មាន​បុណ្យ​អេស្ប៉ាញ​រូបនេះ បាន​ចាកចេញពី​ក្លិប Al-Sadd របស់​កាតា ដែល​លោក​បាន​ចាប់អាជីពជាគ្រូបង្វឹក​លើកដំបូង​បំផុត​ពី​ឆ្នាំ​២០១៩មក។
 
 លោក Xavi អាយុ​៤១​ឆ្នាំ នឹង​ទៅដល់ក្រុង​បាសេឡូណានាចុងសប្តាហ៍នេះ ហើយ​ពិធីបង្ហាញខ្លួន​ផ្លូវ​ការ​នៅ Camp Nou នឹងប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​៨ ខែវិច្ឆិកា។ លោកត្រូវចូលជំនួស​តំណែង​លោក Ronald Koeman ដែល​ត្រូវបាន​ក្លិបបញ្ចប់​កិច្ច​សន្យា​កាលពី​ថ្ងៃទី​ថ្ងៃទី​២៨ ខែ​តុលា ដោយសារ​តែលទ្ធផល​មិនគាប់ប្រសើរកន្លងមក។
 
Xavi គឺជាអតីត​កីឡាករថ្នាល​របស់ Barcelona ចាប់តាំងពី​ឆ្នាំ​១៩៩១មក។ សម្រាប់ឈុតធំ អតីតខ្សែបម្រើ​ឆ្នើម​លំដាប់ពិភពលោករូបនេះ លេង​បាន​៧៦៧ប្រកួត និង​ឈ្នះពាន​ផ្សេងៗគ្នា​រហូតដល់ទៅ​២៥ នារយៈពេល​១៧​ឆ្នាំជាមួយ​ក្លិប ពោល​គឺ​ចន្លោះពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៥។


 
ពី​ឆ្នាំ​២០១៥ ដល់ឆ្នាំ២០១៩ Xavi បាន​លេងឲ្យ​ក្លិប Al Asadd ដោយបាន​ឈ្នះពាន​ក្នុងស្រុក​ចំនួន​៤ ហើយ​បានជួយ​ឲ្យ​ក្លិប​កាតាមួយនេះ ឈ្នះពាន​ផ្សេងៗគ្នាចំនួន​៥បន្ថែមទៀត ក្នុងតួនាទីលោកជាគ្រូបង្វឹក​ចន្លោះពី​ឆ្នាំ​២០១៩ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។
 
ក្នុងក្រុមជម្រើសជាតិ​វិញ Xavi ជាប់ឈុត​យុវជន​អេស្ប៉ាញគ្រប់កម្រិត​ចន្លោះពី​ឆ្នាំ១៩៩៧ ដល់​ឆ្នាំ​២០០០ និងជាប់ឈុតធំ​នពី​ឆ្នាំ២០០០​ដល់​ឆ្នាំ​២០១៤។ គេបានឈ្នះពានជើង​ឯក FIFA ជាមួយ U20 នៅ​ឆ្នាំ១៩៩ ឈ្នះមេដាយ​ប្រាក់អូឡាំពិកជាមួយ U23 នៅ​ឆ្នាំ​២០០០ និង​ឈ្នះ World Cup នៅឆ្នាំ២០១០ ឈ្នះពានយូរ៉ូ ឆ្នាំ២០០៨, ឆ្នាំ២០១២ ជាមួយជម្រើសជាតិឈុតធំ។ រីឯពាន​ឯកត្តជនវិញ Xavi ទទួលបាន​យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
 
នៅ Barcelona លោក Xavi នឹងត្រូវដឹកបង្វឹក​អតីតមិត្តរួមក្រុម​របស់ខ្លួនមួយចំនួន ដូចជា Sergio Busquets, Gerard Piqué, Sergi Roberto, Jordi Alba និង Ter Stegen ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com