អន្តរជាតិ
វៀតណាម ទាមទារឱ្យកប៉ាល់ចិនចេញពីដែនទឹកខ្លួននៅសមុទ្រចិនខាងត្បូង
06, Nov 2021 , 4:17 pm        
រូបភាព
ក្រសួងការបរទេសវៀតណាម បានទាមទារឱ្យកប៉ាល់ចិនចេញពីដែនទឹករបស់ខ្លួននៃប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង ហើយគោរពអធិបតេយ្យរបស់វៀតណាមនៅដែនសមុទ្រនេះ។ ទីក្រុងហាណូយ ក៏ស្នើឱ្យទីក្រុងប៉េកាំងគោរពច្បាប់អន្តរជាតិ និងសេចក្ដីថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូងផងដែរ។
 
នាសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែតុលា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម Phạm Thu Hằng បានចេញសេចក្ដីថ្លែងការណ៍មួយទាមទារឱ្យចិនយកកប៉ាល់របស់ខ្លួនចេញពីតំបន់ថ្មីប៉ប្រះទឹកWhitsun ដែលស្ថិតក្នុងប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូង ដែលវៀតណាមអះអាងថា ជាដែនទឹករបស់ខ្លួន។ ខណៈចិនក៏ចាត់ទុកដែនទឹកទីនេះ និងតំបន់ជាច្រើននៃសមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួនដែរ លោកស្រី Pham ប្រកាសជំហរវៀតណាមជាថ្មីលើរឿងនេះ។
 
«ដូចជាដែលយើងធ្លាប់បញ្ជាក់ជាច្រើនលើក វៀតណាមមានមូលដ្ឋានច្បាប់ និងព័ស្តុតាងប្រវត្តិសាស្រ្តពេញលេញដើម្បីបញ្ជាក់ពីអធិបតេយ្យលើប្រជុំកោះជឿងសា (Spratly) តាមច្បាប់អន្តរជាតិ ហើយទទួលបានអធិបតេយ្យ, សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើដែនដីតាមច្បាប់សមុទ្រឆ្នាំ១៩៨២។​» អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមអះអាងបែបនេះពីក្រសួងការបរទេស មុនបន្តថា វៀតណាមតែងប្រកាន់វិធានការក្រោមច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន។
 
បើតាមអ្នកនាំពាក្យដដែល សកម្មភាពចិននៅដែនទឹកដែលវៀតណាមចាត់ទុកជាកម្មសិទ្ធិ បានបំពានអធិបតេយ្យវៀតណាម ច្បាប់សមុទ្រឆ្នាំ១៩៨២ និងពាក្យពេចន៍ក្នុងសេចក្ដីថ្លែងការណ៍ក្រមប្រតិបត្តិនៃភាគីសមុទ្រចិនខាងត្បូង (DoC) ។
 
បើតាមសារព័ត៌មានវៀតណាម Vietnam News មន្រ្តីដដែលទទូចឱ្យចិនអនុវត្តច្បាប់សមុទ្រ ដោយឆន្ទៈ និងគោរព DoC ឱ្យម៉ត់ចត់ ហើយបង្កើតបរិយាកាសសមស្របដើម្បីសម្រេចឱ្យបានក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងរវាងអាស៊ាន និងចិន។ វៀតណាម ក៏ស្នើឱ្យចិនចូលរួមរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងសណ្ដាប់ធ្នាប់ផ្លូវច្បាប់នៅដែនសមុទ្រក្នុងតំបន់។
 
ប្រជុំកោះ Spratly ជាដែនកោះមួយក្នុងចំណោមដែនកោះធំៗដែលស្ថិតក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។​ ចិនទាមទារស្ទើរទាំងស្រុងដែនទឹកនៃផ្លូវសមុទ្រដ៏មមាញឹកមួយនេះ។ វៀតណាម ជាភាគីពាក់ព័ន្ធមួយជាមួយនឹងម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេផង៕ 

Tag:
 វៀតណាម
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com