អន្តរជាតិ
WHO៖ ការសិក្សាបឋមមិនទាន់រកឃើញថា វីរុសទម្រង់អូមីក្រុង​​​​​​​​​​​បង្កជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនោះទេ
29, Nov 2021 , 2:32 pm        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៨​ ខែវិច្ឆិកា បានប្រកាសថា ខ្លួនមិនទាន់មានព័ត៌មាន​ច្បាស់បញ្ជាក់ពីវីរុសបំប្លែងខ្លួនថ្មីបង្កជំងឺកូវីដ-១៩ ឈ្មោះអូមីក្រុង ងាយចំលងពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ ឬក៏បង្កឱ្យមានជំងឺធ្ងន់ធ្ងរបើប្រៀបធៀបនឹងវីរុសបំប្លែងខ្លួនដទៃទៀត។
 
«ទិន្នន័យបឋមបង្ហាញថា មានអត្រាកើនឡើងនៃអ្នកជំងឺចូលសម្រាក​ព្យាបាលនៅម​ន្ទីរពេទ្យ​នៅ​អាហ្រ្វិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនមនុស្សឆ្លងជំងឺកូវីដ-១៩ ទូទៅ ជា​ជាងលទ្ធផលនៃការឆ្លងជំងឺកូវីដ-១៩ទម្រង់អូមីក្រុង»។ WHO បានបញ្ជាក់បែបនេះក្នុង​សេចក្ដី​ថ្លែង​ការណ៍ចេញផ្សាយថ្ងៃទី២៨​ ខែវិច្ឆិកា មុនបន្ថែមថា បច្ចុប្បន្នអ្នកជំនាញ​មិនទាន់មានព័ត៌មានលម្អិត​ពី​រោគសញ្ញាដែលទាក់ទងនឹងវីរុសអូមីក្រុងដែលមានភាពខុសប្លែកគ្នាពីវីរុសបំប្លែង​ខ្លួនផ្សេង​ទៀតឡើយ។
 
យ៉ាងណាមិញ WHO បានរំលឹកឡើងវិញថា ភស្តុតាងបឋមបង្ហាញថា វីរុសទម្រង់ថ្មីនេះ អាចបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ។
 
WHO ក៏កំពុងតែធ្វើការជាមួយអ្នកជំនាញបច្ចេកទេសដើម្បីស្វែងយល់ពីផលប៉ះពាល់ និងកម្លាំង​នៃវីរុស​អូមីក្រុងទៅលើវិធានប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានស្រាប់រួមទាំងវ៉ាក់សាំងបង្ការជំងឺផងដែរ។ WHO បានលើកឡើងដែរថា ចំពោះការយល់ដឹងពីកម្រិតនៃភាពធ្ងន់ធ្ងរនៃវីរុសបំ​ប្លែង​ខ្លួន​នេះ​នឹង​ចំណាយ​ពេលច្រើនថ្ងៃទៅច្រើនសប្តាហ៍ខាងមុខទៀត។
 
ក្រៅពីនេះ WHO ក៏បានបញ្ជាក់ថា អ្នកជំនាញក៏កំពុងតែសិក្សាថាវីរុសអូមីក្រុងមានផល ប៉ះពាល់លើការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ឬយ៉ាងណា៕

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com