កីឡាអន្តរជាតិ
អន្តរជាតិ
Klopp គាំទ្រ Rangnick និង Tuchel លើសំណើរប្តូរកីឡាករ៥នាក់ក្នុងពេលប្រកួត
28, Dec 2021 , 4:00 pm        
រូបភាព
លោក Jurgen Klopp គ្រូបង្វឹក Liverpool ចូលរួមជាមួយលោក Raft Rangnick និង Thomas Tuchel លើ ការរិះគន់ក្របខណ្ឌ Premier League ថា មិនបានជួយការពារកីឡាករសោះ ខណៈកីឡាករជាច្រើនឆ្លងកូវីដ និងរងរបួសច្រើន។ លោក Klopp ក៏បានអំអាវនាវឱ្យ Premier league ប្រើច្បាប់ប្តូរកីឡាករ៥រូបដូចលីគដទៃ។


កាលពីឆ្នាំ២០២០ ខែធ្នូក្លិបនៅ Premier League ស្នើឱ្យលីគអង់គ្លេសប្រើប្រាស់ច្បាប់ប្តូរកីឡាករ៥រូបក្នុងពេលប្រកួត។ ការបោះឆ្នោតពេលនោះ ក៏រងបរាជ័យដោយក្នុងចំណោម២០ក្រុមនោះមានតែ១៤ក្រុមប៉ុណ្ណោះ បានយល់ព្រមនិង៦ផ្សេងទៀតបដិសេធ។ លីគកំពូលធំៗក្នុងតំបន់អឺរ៉ុបរួមមាន Serie A, La Liga, Ligue1, Bundesliga បានប្រើប្រាស់ច្បាប់ដែលប្តូរកីឡាករ៥នាក់ក្នុងពេលប្រកួតដូចគ្នាទៅនឹងការប្រកួត Champions League និងពាន EFL Cup ដែរ។
 
«វាជាបញ្ហាដ៏ធំនៅលីគកំពូលធំជាងគេក្នុងពិភពលោកមួយនេះ។ យើងត្រូវលេង៣៨ប្រកួតបូករួមពានរង្វាន់ពីរផ្សេងទៀត ដែលនេះនៅមិនទាន់រាប់បញ្ចូល Champions League គឺវាច្រើនលើសលុប។ កីឡាករក៏រងរបួសច្រើន បន្ទាប់ពីកូវីដ-១៩ឆ្លងថ្មីមិនថាក្នុងក្លិបខ្ញុំ ឬក្លិបគេផ្សេង ហើយយើងលេងគ្មានពេលសម្រាកសោះ។»លោក Klopp និយាយប្រាប់អ្នកកាសែតបែបនេះថ្ងៃទី២៨ខែធ្នូ។
 
អតីតគ្រូ Dortmund រូបនេះក៏រិះគន់ចំៗទៅលើកាលវិភាគរបស់ Premier League ដែលនាំឱ្យក្រុមលោកមានភាពមមាញឹកខ្លាំងជាងក្លិបដទៃដែលមានពេលសម្រាកគ្រប់គ្រាន់។


 
«ជាលីគកំពូលលេខ១ក្នុងពិភពលោកនិងតំបន់អឺរ៉ុប ច្បាប់ប្តូរកីឡាករនៅតែ៣នាក់ដដែល វាមិនស្មើភាពសោះ ក្រុមយើងលេង៣ប្រកួតក្នុងមួយសប្តាហ៍ ហើយក្រុមដទៃគ្មានការប្រកួតសោះ។ ខ្ញុំសង្ឃឹមថា យើងនឹងជជែកគ្នាជាថ្មីជាមួយ Premier League ហើយគួរតែផ្លាស់ប្តូរវា។» លោក Klopp បានបន្ថែម។
 
អ្នកចាត់ការ​ Chelsea លោក Tuchel បានអំពាវនាវក្រោយចប់ប្រកួតជាមួយ Aston Villa ទៅកាន់ Premier League ឱ្យមានកាលវិភាគដែលស្មើភាពគ្នា និងចូលរួមការពារកីឡាករអំឡុងពេលកូវីដ-១៩ ហើយប្តូរកីឡាករ៥រូបដើម្បីរក្សាកម្លាំងកីឡាករពីជំងឺនិងរងរបួស។ 
 
មិនតែប៉ុណ្ណោះ លោក Rangnick វិញ បានលើកឡើងការប្តូរកីឡាករ៥រូបថា ជារឿងដ៏ត្រឹមត្រូវអំឡុងពេលកូវីដ។ វានឹងជួយដល់កីឡាករបានច្រើនពិសេសអាចទុកពេលដល់កីឡាករធូរស្បើយពីជំងឺកូវីដ-១៩៕

Tag:
 Jurgen Klopp
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com