កីឡាអន្តរជាតិ
អន្តរជាតិ
Conte ថាធ្វើតេស្តជាប្រចាំជួយ Spurs ដោះស្រាយភាពរញ៉េរញ៉ៃនៃបញ្ហាកូវីដ-១៩
28, Dec 2021 , 9:29 pm        
រូបភាព
អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspurs លោក Antonio Conte លើកឡើងថ្ងៃទី២៨ ខែធ្នូថា ការធ្វើតេស្តជាប្រចាំលើកីឡាករពីសំណាក់ Premier League ជាការដោះស្រាយភាពរញ៉េរញ៉ៃនៃបញ្ហាកូវីដ-១៩ បានយ៉ាងល្អ។


ការប្រកួតចំនួន១៥ត្រូវបានផ្អាកនៅក្នុងខែធ្នូ ឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ លើកីឡាករក្លិបនៅ Premier League។ Premier League បានចាត់វិធានការជួយសង្រ្គោះបន្ទាន់លើកីឡាករទាំងអស់រួមទាំងធ្វើ PCR តេស្តជាប្រចាំតាមក្លិបចំនួន២០ ទាំងនៅជុំរំហ្វឹកហាត់ និងមុនការប្រកួតជាដើម។
 
«វាពិតជាការរំខានខ្លាំងកាលពីរសប្តាហ៍កន្លងទៅ ពេលដែលយើងកំពុងហ្វឹកហាត់ត្រៀមការប្រកួត តែចុងក្រោយកីឡាកររបស់យើងបានវិជ្ជមានកូវីដ-១៩ រួចទៅហើយ។ វារញ៉េរញ៉ៃខ្លាំងព្រោះបើមានកីឡាករណាមួយឆ្លងនោះ និងរាលដាលបន្តទៅកីឡាករផ្សេងទៀត។»លោក Conte បាននិយាយក្នុងសន្និសីទមួយ។
 
 លោក Conte បានចាត់ទុកចំណាត់ការនេះ ជារឿងល្អបន្ទាប់ពីមានរឿងដ៏អាក្រក់បានកើតឡើង។
 
«ពេលនេះយើងបានធូរស្បើយច្រើនព្រោះមុនពេលហ្វឹកហាត់យើងបានធ្វើតេស្តរហ័ស និងចប់វគ្គយើងបានធ្វើតេស្តម្តងទៀតដើម្បីសុវត្ថិភាពកីឡាករយើង។ នេះជាការដោះស្រាយយ៉ាងល្អបំផុតបើទោះវាមិនមានប្រសិទ្ធភាព១០០ភាគរយ តែវាក៏បានផ្តល់ភាគរយច្រើនពីការឆ្លងកូវីដបន្ថែមទៀត។»លោក Conte បានបន្ថែមបែបនេះ។
 
ត្រឹមថ្ងៃទី២៨ខែធ្នូនេះមានកីឡាករ និងបុគ្គលិក Premier League ឆ្លងកូវីដ-១៩ ជាកំណត់ត្រាដល់ទៅ១០៣នាក់ ត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ៕

Tag:
 Antonio Conte Tottenham Hotspurs
© រក្សាសិទ្ធិដោយ thmeythmey.com