កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic កំពុងតវ៉ាប្រឆាំងអូស្ត្រាលី បន្ទាប់ពីមន្ត្រីព្រំដែនដកហូតទិដ្ឋាការ
06, Jan 2022 , 5:59 pm        
រូបភាព
កីឡាករវាយកូនបាល់ Novak Djokovic កំពុងតែតវ៉ាប្រឆាំងការបណ្ដេញចេញពីអូស្ត្រាលី ថ្ងៃទី៦ ខែមករា បន្ទាប់ពីមន្រ្តីព្រំដែនដកហូតទិដ្ឋាការ ដោយសារតែរូបគេ គ្មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការលើកលែងចាក់វ៉ាក់សាំង។


កីឡាករវ័យ៣៤ឆ្នាំ ត្រូវបានមន្ត្រីព្រំដែនហាមឃាត់មិនឱ្យចូលក្នុងប្រទេសអូស្រ្តាលី ក្រោយពេលឈានជើងមកដល់ព្រលានយន្តហោះ ក្នុងទីក្រុងមែលប៊ន នាថ្ងៃទី៥ខែមករា។
 
«លោក Djokovic មិនបានផ្តល់ភស្តុតាងសមស្របណាមួយ ដើម្បីទទួលបានការអនុញ្ញាតចូលក្នុងប្រទេសអូស្រ្តាលីឡើយ។ ទិដ្ឋាការរបស់គាត់ក៏ត្រូវបានបដិសេធរួចរាល់ហើយដែរ។»មន្ត្រីព្រំដែនអូស្ត្រាលីបានប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។


 
បន្ទាប់ពីម្ចាស់ជើងឯក Australian Open ៩សម័យឈានជើងមកដល់ព្រលានយន្តហោះទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ហើយត្រូវបានមន្រ្តីព្រំដែនហាមឃាត់បែបនេះ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី Scott Morrison បានសរសេរក្នុងបណ្តាញសង្គម Tweet «គ្មាននរណាម្នាក់ល្មើសច្បាប់បានឡើយ»។ 
 
«ទិដ្ឋការរបស់ Djokovic ត្រូវបានបដិសេធហើយ។ ច្បាប់គឺជាច្បាប់ ជាពិសេសនៅពេលដែលមនុស្សទាំងអស់បានមកដល់ប្រទេសរបស់យើង គ្មាននរណាអាចល្មើសច្បាប់បានឡើយ។ យើងនៅតែបន្តគោលនយោបាយព្រំដែនដ៏តឹងរឹងរបស់យើង វាសំខាន់ខ្លាំង ព្រោះវាបានជួយការពារអូស្ត្រាលីជាប្រទេសដែលមានចំនួនមនុស្សស្លាប់ ដោយសារកូវីដ-១៩ តិចជាងគេក្នុងពិភពលោក។»លោក Morrison សរសេរក្នុងបណ្តាញសង្គម Tweet បែបនេះ។
 
ទាក់ទងនិងរឿងដែលរដ្ឋាភិបាលអូស្រ្តាលី បានដកហូតទិដ្ឋការរបស់ Djokovic និងមានបំណងបណ្តេញចេញពីប្រទេស។ ប្រធានាតិបតីស៊ែប៊ីលោក Aleksandar Vucic សរសេរសារលើកទឹកចិត្តនឹងជួយគាំទ្រ Djokovic ប្រយុទ្ធដើម្បីយុត្តិធម៌នឹងការពិត។


 
«ខ្ញុំបានខលជជែកគ្នាជាមួយ Djokovic ហើយខ្ញុំបានប្រាប់ Novak ថាប្រជាជនស៊ែប៊ីទាំងអស់នៅជាមួយគាត់ បន្តជួយគាំទ្រគាត់ប្រយុទ្ធប្រឆាំងរហូតដល់ទីបញ្ចប់។ ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិទាំងអស់ ស៊ែប៊ីនឹងប្រយុទ្ធដើម្បី Novak ដើម្បីការពិតនិងយុត្តិធម៌ យើងគ្រប់គ្នាដឹងហើយថា Novak ជាកីឡាករដ៏ខ្លាំង។»លោក Vucic សរសេរបង្ហោះក្នុង Instagram បែបនេះ។
 
មិនតែប៉ុណ្ណោះប្រធានាតិបតី Aleksandar Vucic ក៏បានកោះហៅឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង Belgrade មកពិភាក្សាហើយ​បាន​ទាមទារឱ្យដោះលែង Djokovic សម្រាប់ការប្រកួត Australian Open ពេលខាងមុខ៕

Tag:
 Novak Djokovic
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com