កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ជាជនរងគ្រោះនៃនយោបាយហើយត្រូវបានចាប់ដាក់ឃុំនៅអូស្ត្រាលី
07, Jan 2022 , 5:00 pm        
រូបភាព
គ្រួសាររបស់កីឡាករវាយកូនបាល់ Novak Djokovic និយាយថ្ងៃទី៧ខែមករាថា Novak ក្លាយជាជនរងគ្រោះនៃនយោបាយក្នុងប្រទេសអូស្ត្រាលី។ រដ្ឋបាលអូស្រ្តាលីបានដកហូតទិដ្ឋការ និងបង្អាក់ដំណើរទៅប្រកួត Australian Open របស់កីឡាករលំដាប់លេខ១ពិភពលោក។


កាលពីថ្ងៃទី៤ ខែមករា កីឡាករវ័យ៣៤ឆ្នាំ ធ្លាប់បានប្រកាសថាទទួលបានការលើកលែងពិសេសចំពោះច្បាប់ចាក់វ៉ាក់សាំងក្នុងប្រទេសអូស្ត្រាលីដើម្បីចូលរួមប្រកួត Australian Open នាខែមករា។ ប៉ុន្តែ Djokovic ត្រូវបានមន្រ្តីព្រំដែនដកហូតទិដ្ឋការពេលមកដល់ព្រលានយន្តហោះទីក្រុងមែលប៊ននាថ្ងៃទី៦ខែមករា។
 
មកដល់ពេលនេះកីឡាករសញ្ជាតិស៊ែប៊ីកំពុងតែស្នាក់នៅសណ្ឋាគាមួយកន្លែងក្នុងទីក្រុងមែលប៊នដើម្បីធ្វើច​ត្តា​ឡី​ស័ក បន្ទាប់ពីមេធាវីរបស់គេបានធានាឱ្យចូលក្នុងប្រទេស។ Djokovic ក៏ត្រូវឡើងសវនាការនាថ្ងៃទី១០ខែមករា ដើម្បីប្រឆាំងតវ៉ាឱ្យបានចូលរួមប្រកួតព្រមទាំងសុំការលើកលែង ការបណ្តេញចេញពីរដ្ឋាភិបាលអូស្ត្រាលី។


 
«ពួកគេកំពុងឃុំឃាំងគាត់ ពួកគេធ្វើនេះដូចជាន់ឈ្លីទៅដល់ Novak មិនតែប៉ុណ្ណោះប្រទេសស៊ែប៊ី ព្រមទាំងប្រជាជនស៊ែប៊ីទាំងមូល។»លោក Srdjan Djokovic ឪពុកម្ចាស់ពាន Australian Open ៩សម័យប្រាប់អ្នកកាសែតបែបនេះ។
 
ឪពុករបស់កីឡាករវ័យ៣៤ឆ្នាំក៏បានឆ្លើយតបទៅកាន់ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison ដែលបានលើកឡើងថា Djokovic មិនមានសិទ្ធិទទួលបានការលើកលែងពិសេសឡើយ។
 
«លោក Morrison និងអ្នកគាំទ្ររបស់កាត់កំពុងតែវាយប្រហាទៅលើ Novak ដូចបង្ខំស៊ែប៊ីទាំងមូលឱ្យលុតជង្គង់ចឹង។ ប្រទេសស៊ែប៊ីតែងតែបង្ហាញថាគាត់ (Djokovic) មកពីប្រទេសដែលមានមោទនភាពចំពោះគាត់។ រឿងនេះដូចមិនពាក់ព័ន្ធនឹងកីឡាសោះ វាបែរជារឿងនយោបាយទៅវិញ ហើយពិតជាអយុត្តិធម៌សម្រាប់ Djokovic ណាស់។»លោក Srdjan បានបន្ថែមបែបនេះ។
 
ទាក់ទងនឹងរឿង Djokovic កំពុងតែជួបបញ្ហាក្នុងប្រទេសអូស្ត្រាលីបែបនេះ លោក Niki Pilic អតីតគ្រូបង្វឹកដែលធ្លាប់បង្វឹកកីឡាករម្ចាស់ពានរង្វាន់ Grand Slam ២០ ប្រាប់ទីផ្នាក់ងារ Reuters ថាជារឿងជ្រុលនិយម។ «ក្នុងប្រទេសអូស្ត្រាលីអ្នកនយោបាយតែងតែបែបនេះ គឺចូលចិត្តជ្រៀតជ្រែកចូលជារឿងមួយកីឡា។»លោក Pilic និយាយបែបនេះ។


 
លើសពីនេះលោក Radmilo Armenulic អតីតគ្រូបង្វឹកក្រុមយូហ្គោស្លាវីបានចាត់ទុកការទទួលស្វាគមន៍កីឡាករ Djokovic ពីសំណាក់រដ្ឋបាលអូស្ត្រាលីប្រៀបដូចជាការចាប់ឧក្រិដ្ឋជនអ៊ីចឹង។
«ពួកគេបានឃុំឃាំងគេក្នុងបុស្តិ៍ប៉ូលីស ហើយ Djokovic ស្ថិតនៅក្នុងបន្ទប់ឃុំឃាំងជាង៨ម៉ោង បន្ទាប់ពីគាត់បានប្រកាសថាទទួលបានការលើកលែងចាក់វ៉ាក់សាំងដើម្បីចូលរួមប្រកួត Australian Open។
 
ក្នុងការគិតរបស់ខ្ញុំ វាមិនមែនជាច្បាប់ទេ តែជាកង្វះខាត់គម្រិតនៃច្បាប់ក្នុងប្រទេសនោះ។ ពួកគេបានស្វាគមន៍ Novak ដូចជាជនជាប់ទោសអ៊ីចឹងហើយពួកគេបានព្យាយាមបង្អាក់ដំណើរឈ្នះ Grand Slam លើកទី២១របស់ Novak។» លោក Armenulic ប្រាប់ទីផ្នាក់ងារ Reuters បែបនេះ៕

Tag:
 Tennis Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com