អន្តរជាតិ
ប្រមុខ UN ប្រាប់រុស្ស៊ីមិនត្រូវធ្វើតាមតែចិត្ត ហើយត្រូវគោរពធម្មនុញ្ញ UN ឱ្យបានពេញលេញ
23, Feb 2022 , 12:19 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២២ ខែកុម្ភៈបាន​ជំរុញ​ឱ្យ​រុស្ស៊ី​គោរព​តាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ក្រោយប្រទេសនេះទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ។ លោក ហ្គូតេរ៉េស ក៏បានថ្កោលទោសរុស្ស៊ីចំពោះការទទួលស្គាល់ឯករាជ្យនេះដែរ។
 
«គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនមែនជាមុខម្ហូបអាហារឡើយ។ អគ្គលេខធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស លើកឡើងបែបនេះដោយសំដៅរុស្ស៊ីដែលទើបទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យមានសាធារណរដ្ឋប្រជាមានិតដូណេត្ស និងសាធារណរដ្ឋលូហាន។ លោកក៏សង្កត់ធ្ងន់ដោយសំដៅលើរុស្ស៊ីថា រដ្ឋសមាជិក​បានទទួលយក​គោលការណ៍​នៃ​ធម្មនុញ្ញទាំងអស់ ដូចច្នេះពួកគេត្រូវតែអនុវត្តគោលការណ៍​នោះទាំ​ង​អស់ផងដែរ។
 
បន្ថែមពីនេះ អគ្គលេខាធិការ​ UN រូបនេះ ក៏បានហៅការទទួលស្គាល់តំបន់ផ្ដាច់ខ្លួន អ៊ុយក្រែនដោយរុស្ស៊ី ជាការរំលោភលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងជាការបញ្ចប់កិច្ចព្រមព្រៀង Minsk ដ៏សំខាន់ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ UN។ កិច្ចព្រមព្រៀង Minsk ឆ្នាំ ២០១៤ ជាយន្តការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅភាគខាងកើតអ៊ុយក្រែន។
 
ជុំវិញការបញ្ជូនទ័ពទ័ពទៅតំបន់ផ្ដាច់ខ្លួនដោយរុស្ស៊ី លោក ហ្គូតេរ៉េស បានរិះគន់ចំណាត់​ការ​មួយ​នេះ​ថា បានបំផ្លើសគោលគំនិតនៃការរក្សាសន្តិភាព។ ប្រមុខ UN បញ្ជាក់ទៀតថា នៅពេលដែលកងទ័ព​ប្រទេសមួយចូលទឹកដីនៃប្រទេសមួយផ្សេងទៀតដោយគ្មានការយល់ព្រម នោះពួកគេមិនមែន​ជាអ្នក​រក្សាសន្តិភាពដោយមិនលំអៀងនោះទេ។ ពួកគេមិនមែនជាអ្នករក្សាសន្តិភាពទាល់តែសោះ។ លោក ហ្គូតេរ៉េស ក៏បានអំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់ ហើយភាគីទាំងអស់ត្រូវ​វិល​ទៅ​រក​ផ្លូវ​នៃ​ការ​ចរចាគ្នាឡើងវិញ។
 
គួរបញ្ជាក់ថា អាម៉េរិក និងសម្ព័ន្ធមិត្តបានចាប់ផ្ដើមប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ខណៈដែល​ពួកគេមើលឃើញថាស្ថានការណ៍ហាក់មិនថមថយ ហើយរុស្ស៊ីក៏ទំនងជាចាប់ផ្ដើម​ឈ្លានពានអ៊ុយក្រែនផងដែរ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com