ជាតិ
ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូល នៃប្រាសាទអង្គរវត្តឆ្នាំនេះ នៅថ្ងៃ២១ មីនា
16, Mar 2022 , 6:29 pm        
រូបភាព
ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត នាពេលកន្លងមក។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត នាពេលកន្លងមក។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត «សមរាត្រី» នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង៦ និង៣០នាទីព្រឹក។ នេះបើតាមជំនាញនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី។ ព្រឹត្តិការណ៍នេះ នឹងកើតឡើងពីរដង ក្នុងឆ្នាំ២០២២នេះ ដោយកើតឡើងម្ដងទៀត នៅថ្ងៃ២២ ខែកញ្ញា។

 
តាមរយៈហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ឹម សុខរិទ្ធី ពន្យល់ពីសមរាត្រីថា គឺជាពេលវេលា ដែលពេលថ្ងៃនិងពេលយប់ មានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ យប់មានរយៈពេលវែងជាងពេលថ្ងៃ ឬថ្ងៃមានរយៈពេលវែងជាងយប់ ហើយជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ 
 
លោកបន្ថែមទៀតថា ប្រទេសកម្ពុជា មានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ព្រោះវាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុន ក្នុងបំណងតម្រូវតាមបាតុភូតធម្មជាតិ ដែលបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង។
 
បើតាមការអះអាង របស់បុរាណវិទូរូបនេះ ព្រឹត្តិការណ៍ព្រះអាទិត្យស្ថិតចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្តនេះ  ប្រហែលកើតមានតែនៅ លើប្រាសាទអង្គរវត្តតែប៉ុណ្ណោះ ខណៈសំណង់បុរាណជាច្រើនផ្សេងទៀត លើពិភពលោកគឺមិនអាចរៀបចំដូច្នេះបានឡើយ។ 
 
 

លោក អ៊ឹម សុខរិទ្ធី ជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ រូបភាព៖ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ។

លោកបន្តថា ដ្បិតបាតុភូតធម្មជាតិនេះ កើតឡើងរាល់ឆ្នាំ។ ប៉ុន្តែព្រឹត្តិការណ៍សមរាត្រី និងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត មានបាតុភូតនៃពេលវេលាកើតឡើងមិនដូចគ្នាឡើយ។ ត្រង់ចំណុចនេះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ដូច្នេះ៖ «កាលពីឆ្នាំ២០១៩កន្លងទៅ(សមរាត្រី) ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាល នៃគុកតារាជ អំឡុងពេល ចាប់ពីម៉ោង៥ និង៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក»៕ 
 


 

Tag:
 សមរាត្រី
  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com