ជាតិ
អណ្ដូងទឹកស្អាតខ្នាតធំមួយ ផ្តល់ជូនអ្នកភូមិត្រពាំងថ្ម ដែលខ្សត់ទឹកខ្លាំងនារដូវប្រាំង
01, May 2022 , 4:50 pm        
រូបភាព
 រូបភាព៖ ហ្វេសប៊ុក ឃឹម ហ្វីណង់
រូបភាព៖ ហ្វេសប៊ុក ឃឹម ហ្វីណង់
សៀមរាប៖ អណ្ដូងទឹកស្អាតខ្នាតធំមួយ ត្រូវបានកសាង និងរៀបចំនៅភូមិត្រពាំងថ្ម ស្រុកបន្ទាយស្រី ខណៈដែលភូមិសាស្រ្ដនេះខ្សត់ទឹកខ្លាំងនារដូវប្រាំង។ អណ្ដូងទឹកដែលបំពាក់ឧបករណ៍ស្វ័យប្រវត្តិនេះ នឹងអាចដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងភូមិនេះនាពេលអនាគតផងដែរ។
 
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ភូមិត្រពាំងថ្មមានប្រជាជនសរុបជាង ២០០គ្រួសារ ដែលខ្វះខាតទឹកប្រើប្រាស់។ រយៈពេល២ឆ្នាំចុងក្រោយនេះ លោក ហ្វីណង់​ បានកៀរគរសប្បុរសជនជាច្រើន ដើម្បីជួយសង់អណ្ដូងក្នុងភូមិសាស្រ្ដមួយនេះ។ លោកថា អណ្ដូងទឹកមិនក្រោម២០គ្រឿងទេ ដែលស្រុក និងសប្បុរសជនបានជួយ ក្នុងបំណងជួយដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះ។
 
«អណ្ដូងទឹកស្អាតសម្រាប់សហគមន៍ បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្ដុកទឹកចំណុះ ១០០០០លីត្រ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិដែលខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំងខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី»។ នេះជាសំណេររបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ អម​ជាមួយរូបភាពច្រើនសន្លឹក ក្នុងពិធីសម្ពោធអណ្ដូងទឹក នៅលើហ្វេសប៊ុក។
 
អណ្ដូងទឹកស្អាតខាងលើនេះ គឺជាអំណោយរបស់សមាគម Jesus Christ of Latter-day Saints ដែលចំណាយថវិកាច្រើនម៉ឺនដុល្លារ តបតាមសំណើរអាជ្ញាធរស្រុកបន្ទាយស្រី។ លោក ហ្វីណង់ យល់ថា អណ្ដូងទឹកនេះនឹងផ្តល់ក្ដីសង្ឃឹមខ្ពស់ដល់អ្នកភូមិ មានភាពយូរអង្វែង និងអាចឈានដល់ការបញ្ចប់បញ្ហាខ្វះទឹកប្រើប្រាស់។ លោក ហ្វីណង់៖« គណៈកម្មការគ្រប់គ្រងទឹកមួយ ដែលស្វ័យគ្រប់គ្រងដោយអ្នកភូមិខ្លួនឯងផ្ទាល់ នឹងត្រូវបានបង្កើតឡើងដើម្បីធានានិរន្តរភាពនៃគម្រោងអណ្ដូងទឹកសហគមន៍មួយនេះ»។
 
 
ជាមួយនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់នេះ លោក ហ្វីណង់ បានរំឮកថា វាបានបណ្ដាលឱ្យភូមិត្រពាំងថ្ម ស្ថិតនៅក្នុងចំណោមភូមិក្រីក្រជាងគេនៅស្រុកបន្ទាយស្រី និងតែងតែទទួលបានអាទិភាពក្នុងការទទួលបានជំនួយឧបត្ថម្ភនានា។ កន្លងមកនារដូវប្រាំង ក្រៅពីពឹងលើទឹកភ្លៀង និងទឹកស្រះដែលសល់តិចតួចនៅរដូវវស្សា សហគមន៍ពឹងលើស្រះទឹកសហគមន៍ ,អណ្ដូងស្នប់ពិសេសដែលមានតម្លៃថ្លៃ និងការទិញទឹកពីអ្នកដឹកយកមកលក់ជាដើម៕
 

Tag:
 បន្ទាយស្រី
  ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com