កីឡាជាតិ
ជាតិ
កម្ពុជា រំពឹងទទួលបានមេដាយលើវិញ្ញាសា Latin Dance Ballroom
02, May 2022 , 4:50 pm        
រូបភាព
អត្ដពលិករាំ និងប្រតិភូកីឡារាំ ក្នុងកិច្ចសំណេះសំណាលប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមលើកទី៣១ រូបពីសហព័ន្ធកីឡារាំ
អត្ដពលិករាំ និងប្រតិភូកីឡារាំ ក្នុងកិច្ចសំណេះសំណាលប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមលើកទី៣១ រូបពីសហព័ន្ធកីឡារាំ
សហព័ន្ធកីឡារាំកម្ពុជា សង្ឃឹមថាអត្តពលិកជម្រើសជាតិ អាចទទួលបានមេដាយជ័យលាភីណាមួយ ក្នុងវិញ្ញាសាកីឡានេះ នៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម។


លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ថា កីឡាករ និងកីឡាការិនី មានការវិវឌ្ឍទៅមុខលឿន ដោយមានគុណភាព និងកម្រិតខ្ពស់ តាមរយៈការហ្វឹកហាត់ជាមួយគ្រូសញ្ជាតិអូស្ត្រាលី ។ អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗថា៖«កីឡាករ កីឡាការិនីក្រុមជម្រើសជាតិ មានការរីកចម្រើនលឿនគួរឲ្យកត់សម្គាល់ ទាំងបច្ចេកទេស និងតិចនិច»។ 
 
សម្រាប់ការហ្វឹកហាត់ជាមួយអ្នកគ្រូបង្វឹកសញ្ជាតិអូស្ត្រាលី Skrgic De Fonseka ជិតមួយឆ្នាំនេះ សហព័ន្ធមានការកត់សម្គាល់ពីភាពវិជ្ជមាន ដែលអាចយកជ័យជំនះក្នុងស៊ីហ្គេម។ សហព័ន្ធ រំពឹងថានឹងឈ្នះមេដាយចំពោះវិញ្ញាសារ Latin Dance  ballroom ។
 
ក្បាច់រាំ ដែលចូលរួមប្រកួតមាន Latin dance ballroom មាន៥ក្បាច់ និង Standard Dance  ballroom មាន៥ក្បាច់។ ចំពោះវិញ្ញាសា Latin Dance ដែលមាន៥ក្បាច់នោះ អត្តពលិកជម្រើសជាតិបានហ្វឹកហាត់ រយៈពេល៧ឆ្នាំមកហើយ ។ ចំណែកវិញ្ញាសា Standard Dance មាន៥ក្បាច់ដែរ តែកីឡាករ កីឡាការិរីជម្រើសជាតិ ទើបតែបានហ្វឹកហាត់ក្នុងរយៈពេល១ឆ្នាំតែប៉ុណ្ណោះ។
 
គួរបញ្ជាក់ផងដែរថា សមាសភាពប្រតិភូកីឡារាំកម្ពុជា ដែលត្រូវចូលរួមស៊ីហ្គេមលើកទី៣១នៅប្រទេស វៀតណាម ផ្នែកដឹកនាំ៣រូប មាន៖ លោកស្រី ហង់ ស៊ីមន ប្រធានគ្រប់គ្រង, លោក ស៊ូវ តុង គ្រូបង្វឹក និងកញ្ញា You Shu Jie គ្រូបង្វឹក។ អត្ដពលិក៩រូប មាន៖ កញ្ញា ហ៊ាន លក្ស្មី និង លោក ជុំ ភូណាន់ ប្រកួតវិញ្ញាសា Standard Dance ចង្វាក់ Tango, Slow Foxtrot, លោក ភុន ស៊ីវុត្រា និង កញ្ញា សាន រ៉ូហ្សា ប្រកួតវិញ្ញាសា Standard Dance ចង្វាក់ Waltz,Viennese Waltz, លោក សេង សុគីម និង កញ្ញា ម៉ូវ ដានីតា ប្រកួតវិញ្ញាសា Latin Dance ចង្វាក់ Rumba paso double Jive, លោក ជុំ លីហៀង និង កញ្ញា ឱ រក្សា Latin Dance ចង្វាក់ Samba Cha Cha និង 5 Dance Grade A។ ការប្រកួតស៊ីហ្គេមនៅវៀតណាម នឹងចាប់ផ្ដើមនៅថ្ងៃទី១២-២៣ ខែឧសភា ដែលមាន១១ប្រទេសចូលរួម៕
 

Tag:
 ស៊ីហ្គេម
  កីឡារាំ
  Latin Dance Ballroom
© រក្សាសិទ្ធិដោយ thmeythmey.com