កីឡាអន្តរជាតិ
អន្តរជាតិ
Salah សម្លឹងឈ្នះពាន៤ក្នុងមួយរដូវកាល ហើយចង់ជួប Real នៅវគ្គផ្តាច់ព្រ័ត្រ UCL
04, May 2022 , 11:09 am        
រូបភាព
ខ្សែប្រយុទ្ធ Mohamed Salah ថ្ងៃទី៤ ខែឧសភា បាននិយាយថា ខ្លួនចង់ជួប Real Madrid នៅជំនួបវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទីក្រុងប៉ារីស ខណៈពេលក្រុម Liverpool កំពុងសម្លឹងការឈ្នះពានរង្វាន់៤ ផ្សេងគ្នាក្នុងរដូវកាល ២០២១-២២​។

Liverpool ទទួលបានជ័យជម្នះលើក្រុម Villarreal ក្នុងលទ្ធផល ៣-២ នាជំនួបជើងទីពីរ Champions league ថ្ងៃទី៤ ខែឧសភា។ កីឡាករខ្សែការពារ Fabinho, luis Diaz និង Sadio Mane ជាអ្នករកគ្រាប់ទម្លាក់ក្រុម Villarreal នាទឹកដីប្រទេសអេស្ប៉ាញ។ ចំណែក ២គ្រាប់របស់ Villarreal រកបានដោយកីឡាករ Boulaye Dia និង Francis Coquelin។
 
ក្រុមហង្សក្រហមឈ្នះ Villarreal របស់អេស្ប៉ាញ សរុបលទ្ធផលទាំងពីរជើង ៥-២ ហើយនេះក៏ជាការឈានជើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកទី១០ ក្នុងពានរង្វាន់តំបន់អឺរ៉ុបរបស់ក្រុមយក្សអង់គ្លេសមួយនេះ។
 
ក្រោយចប់ការប្រកួត Salah បាននិយាយប្រាប់ទៅទូរទស្សន៍ BT Sports ថា ក្រុមកំពុងសម្លឹងការឈ្នះពានរង្វាន់៤​ក្នុងមួយរដូវកាល និងចង់ជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ UCL។
 
«ពិតណាស់នេះមិនមែនជាពេលដើមរដូវកាលឡើយ យើងតែងតែផ្តោតអារម្មណ៍លើពានទាំងនេះ ហើយយើងពេលនេះក្រុមយើងកំពុងតែខិតជិតវាបំផុត។ ខ្ញុំចង់ជួប Real Madrid ជាង City បើសិនជាអ្នកសួរខ្ញុំ។ នោះខ្ញុំជ្រើសយកជួប Real Madrid ព្រោះយើងធ្លាប់ចាញ់ពួកគេនៅផ្តាច់ព្រ័ត្រ។»។Salah និយាយបែបនេះ។
 
យ៉ាងណាមិញ Liverpool ក៏នឹងត្រូវរង់ចាំក្រុមដែលឈ្នះកាលប្រកួតរវាង Real Madrid ទល់ Manchester City ជើងទីពីរ ដើម្បីទៅប្រកួតជំនួបផ្តាច់ព័ត្រនៅកីឡដ្ឋាន Stade de France នាទីក្រុងប៉ារីសនាថ្ងៃទី២៩ ខែឧសភា៕
 
 
 

Tag:
 UEFA Champions League
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com