ជាតិ
វីដេអូ
ពលរដ្ឋសហគមន៍សម្រស់កោះហាន ឈប់ដុតជ័រច្បោះ ងាកមកអភិរក្សព្រៃវិញ
07, May 2022 , 11:19 pm        
រូបភាព
ប្រជាពលរដ្ឋដុតយកជ័រ ពីដើមឈើទាល
ប្រជាពលរដ្ឋដុតយកជ័រ ពីដើមឈើទាល
ស្ទឹងត្រែង៖ ដុតជ័រច្បោះ ជាមុខរបរប្រពៃណី របស់ពលរដ្ឋដែលរស់នៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតនៅភូមិ កោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទោះជារបរតពីដូនតា តែរបរនេះ បានធ្វើឱ្យប៉ះពាល់ដើមឈើធំៗជាច្រើន។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អាជ្ញាធរ និងប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានហាមឃាត់ពលរដ្ឋមិនឱ្យដុតជ័រច្បោះ និងរួមគ្នាងាកមកអភិរក្សព្រៃឈើវិញ ។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
ដុតជ័រច្បោះ ជារបរបន្ទាប់បន្សំពីធ្វើស្រែចម្ការ របស់ពលរដ្ឋនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។  អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានលើកឡើងថា ច្រើនឆ្នាំកន្លងមកនេះ ពលរដ្ឋក្នុងភូមិកោះស្នែង តែងតែប្រកបរបរដុតដើមឈើទាលយកជ័រ ពីតំបន់ព្រៃការពារធម្មជាតិដូចជា ព្រៃអ្នកតា ជាដើម។ ការដុតយកជ័រនេះ បានធ្វើឱ្យប៉ះពាល់ដល់ដើមឈើធំៗ ដូច្នេះ រយៈពេល២ឆ្នាំចុងក្រោយនេះ សហគមន៍ បានសម្រេចបិទមិនឱ្យពលរដ្ឋចូលព្រៃដុតឈើយកជ័រទៀតទេ។ 
 
ប្រធានសហគមន៍រូបនេះ ពន្យល់ថា ដើមឈើធំៗ និងកម្រក្នុងសហគន៍នៅសេសសល់មិនច្រើនទេ ដូច្នេះ អ្នកស្រី ចង់ទុកដើមឈើទាំងនោះ បម្រើដល់ការងារទេសចរណ៍។ មួយវិញទៀត ពលរដ្ឋ ចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ពីការប្រើប្រាស់ភ្លើងចន្លុះ និងទូកឈើ ជំនួសដោយភ្លើងអំពូល និងទូកស្មាច់វិញ។ 
 
អ្នកស្រី ប្រាប់ដូច្នេះ៖«យើងបិទមិនឱ្យប្រជាពលរដ្ឋរកជ័រហ្នឹង ដោយសារយើងបារម្ភថា នៅពេលដែលដុតទៅអាចប៉ះពាល់ដល់ដើមឈើ នេះដូចជាសុខភាពមនុស្សយើងដែរ។ យើងចង់ទុកដើមឈើធំៗទាំងនេះ ឱ្យគង់វង្ស ឱ្យកូនចៅជំនាន់ក្រោយ បានឃើញពីធនធានកម្រមួយនេះផង»។ 
 
សហគមន៍អេកូទេសចរណ៍កោះហាន បង្កើតបានរយៈពេល ៦ឆ្នាំហើយ ដោយបានចូលរួមចំណែកក្នុងការងារអភិរក្សធនធានធម្មជាតិរយៈពេល ៣ឆ្នាំ។ អ្នកស្រី បញ្ជាក់ថា ៣ឆ្នាំចុងក្រោយនេះ បទល្មើសព្រៃឈើ និងបរបាញ់សត្វ បានធ្លាក់ជាង ៦០ភាគរយ ដោយសារការរួមចំណែករបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ 


ដើមឈើទាលនៅព្រៃអ្នកតា ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
 
អ្នកស្រី ណា ធ្លាប់ជាអ្នកអាស្រ័យផលពីជ័រច្បោះម្នាក់ បានឱ្យដឹងថា ក្រោយពេលសហគមន៍បិទមិនឱ្យរកជ័រឈើនេះ អ្នកស្រី​​ មានផលលំបាកច្រើន ដោយសារត្រូវចំណាយលុយទិញជ័រពីក្រៅ ដើម្បីបិទទូក និងធ្វើចន្លុះ។  
 
ពលរដ្ឋរូបនេះ រៀបរាប់ថា ពីមុនអ្នកស្រី អាចរកជ័របានប្រហែល ៣០លីត្រក្នុងមួយខែ។ ដំបូងឡើយ អ្នកស្រី ហាក់មិនពេញចិត្តចំពោះ ចំណាត់ការរបស់អាជ្ញាធរ តែបច្ចុប្បន្នអ្នកស្រីយល់ថាបើនៅតែបន្តយកជ័រច្បោះ មិនយូរទេ នឹងធ្វើឱ្យបាត់បង់ព្រៃឈើក្នុងសហគមន៍។
 
លើសពីឈប់ដុតជ័រច្បោះ អ្នកស្រី ណា និងពលរដ្ឋផ្សេងទៀត បានងាកមកគាំទ្រ និងចូលសកម្មភាពការពារព្រៃឈើ ពីការកាប់បំផ្លាញខុសច្បាប់។  អ្នកស្រី ប្រាប់ដូច្នេះថា៖«សហគមន៍មិនឱ្យចូលព្រៃរកជ័រ ក្នុងគោលបំណងចង់ថែរក្សាដើមឈើធំៗទាំងនោះ អ៊ីចឹង ខ្ញុំក៏ចូលរួមការពារដូចគ្នា»៕ 


ប្រជាពលរដ្ឋ ក្នុងភូមិកោះស្នែង ដុតយកជ័រ ពីដើមឈើទាល 


ប្រជាពលរដ្ឋដុតយកជ័រ ពីដើមឈើទាល


Tag:
 ជ័រច្បោះ
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com