ជាតិ
ពលរដ្ឋសហគមន៍សម្រស់កោះហាន មានជំនឿជ្រាលជ្រៅលើ«ព្រៃអ្នកតា»
08, May 2022 , 12:59 pm        
រូបភាព
(front) «ព្រៃអ្នកតា» ជាទីតាំងទេសចរណ៍ និងជំនឿ នៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ខេត្តស្ទឹងត្រែង។
(front) «ព្រៃអ្នកតា» ជាទីតាំងទេសចរណ៍ និងជំនឿ នៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ខេត្តស្ទឹងត្រែង។
ស្ទឹងត្រែង៖ ប្រជាសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានជំនឿយ៉ាងជ្រាលជ្រៅលើ «ព្រៃអ្នក តា» ដែលជា ទីតាំងកោះមួយដែលមានដើមឈើធំៗ ខ្ពស់ៗ នៅក្នុងសហគមន៍។ «ព្រៃអ្នកតា»នៅសហគមន៍នេះ មានទំហំ ប្រមាណ១គីឡូម៉ែត្រការ៉េ។ ក្រៅពីរៀបចំពិធីសែនអ្នកតា មួយឆ្នាំ២ដង ដែលជាទំនៀមទម្លាប់ពីដូនតាមក ពលរដ្ឋក្នុងសហគមន៍នេះ ​ក៏តែងតែមកបន់ស្រន់នៅពេលមានជំងឺឈឺថ្កាត់ និងបន់ស្រន់សុំសេចក្ដីសុខជាដើម។
សូមលោក អ្នកនាង ទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី ជាមួយ លោក វ៉ាត សំណាង ជាពលរដ្ឋរស់នៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដូចតទៅ៖

 
 
«ព្រៃអ្នកតា» ជាកោះមួយស្ថិតនៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលមានទីតាំងនៅក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ «ព្រៃអ្នកតា» មានទំហំប្រមាណ១គីឡូម៉ែត្រការ៉េ ​មានដើមឈើធំៗ ខ្ពស់ៗ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃ គួរជាទីគយគន់ និងស័ក្តិសមសម្រាប់អ្នកចូលចិត្តដើរព្រៃ។ 
 
ក្រៅពីទាក់ទាញផ្នែកទេសចរណ៍ កោះមួយនេះ ក៏ជាកន្លែងប្រតិបត្តិជំនឿអរូបី របស់ពលរដ្ឋក្នុងឃុំកោះស្នែង តកូនតចៅ រហូតដល់បច្ចុប្បន្នដែរ។ ស្ថិតលើដីប្រមាណ១គីឡូម៉ែត្រ គឺមានខ្ទមតូចមួយ សង់អំពីឈើ ប្រក់ដោយស័ង្កសី ដែលសង់ដោយពលរដ្ឋផ្ទាល់ ដើម្បីគោរពបូជាអ្នកតា លើកោះមួយនេះ។ 
 
​លោក វ៉ាត សំណាង ដែលកើតក្នុងសហគមន៍នេះផ្ទាល់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ទីតាំងព្រៃនេះ អ្នកស្រុកមានជំនឿ និងប្រតិបត្តិជំនឿនេះ តាំងពីដូនតាមក ដល់បច្ចុប្បន្ន។ លោក វ៉ាត សំណាង ពន្យល់ពីជំនឿរបស់អ្នកភូមិ លើព្រៃនេះដូច្នេះ៖ «អ្នកភូមិស្រុក គាត់មានជំនឿខ្លាំងណាស់​! ដល់ពេលឈឺថ្កាត់ មានឧបសគ្គណាមួយ ដែលកើតឡើងក្នុងគ្រួសាររបស់គាត់ អាចបែរបន់អី អាចបាន»។ 
 
នៅ «ព្រៃអ្នកតា»នេះ ចាស់ៗជំនាន់មុន ផ្ដែផ្ដាំឱ្យកូនចៅជំនាន់ក្រោយ មិនឱ្យកាប់បំផ្លាញព្រៃឈើលើកោះមួយនេះឡើយ ដោយពួកគាត់សំអាងថា​ជាកន្លែងរបស់អ្នកតា និងត្រូវបានហៅតំបន់មួយនេះថា «ព្រៃអ្នកតា»ជាប់រហូតមក។ ក្រៅពីបួងសួងសុំសេចក្ដីសុខ ជៀសពីឧបសគ្គ និងជំងឺឈឺថ្កាត់នានា នៅទីតាំងព្រៃនេះ អ្នកភូមិតែងយកតង្វាយមកសែន ជារៀងរាល់ឆ្នាំ។ 
ការសែនព្រេននេះ អ្នកភូមិតែងប្រមូលផ្ដុំគ្នា ដោយរៃអង្គាសថវិកា ដើម្បីប្រារព្ធធ្វើឡើង ពីរដងក្នុងមួយឆ្នាំ គឺនៅខែមាឃ និងខែពិសាខ ក្នុងគោលបំណងដើម្បីឱ្យអ្នកតា ជួយថែរក្សាអ្នកភូមិ។ ចំណែកឯគ្រឿងតង្វាយ ដែលយកមកសែននោះរួមមាន មាន់ ជ្រូក និងស្រា ជាដើម​។ ទំនៀមទម្លាប់សែននេះ ត្រូវបានអ្នកភូមិ ប្រតិបត្តិបន្តរហូតមកដល់បច្ចុប្បន្ន​ មិនដែលខកខានឡើយ៕

Tag:
 ជំនឿ
  កោះហាន
© រក្សាសិទ្ធិដោយ thmeythmey.com