កីឡាជាតិ
ជាតិ
«ខ្លាំងឡើង អាស៊ីអាគ្នេយ៍» ជាពាក្យស្លោកក្នុងពិធីបើកស៊ីហ្គេមលើកទី៣១
08, May 2022 , 8:59 pm        
រូបភាព
ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ វៀតណាម នឹងធ្វើពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១២ ខែឧសភា នៅពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ។ វប្បធម៌ ប្រពៃណី នឹងត្រូវផ្សព្វផ្សាយជាមួយពាក្យស្លោកស៊ីហ្គេម ដែលមានអត្ថន័យជាភាសាខ្មែរថា«ខ្លាំងឡើង អាស៊ីអាគ្នេយ៍» (Stronger South East Asia)។

 
ពហុកីឡដ្ឋានជាតិ My Dinh នៃទីក្រុងហាណូយ នឹងដាក់បង្ហាញនូវកម្មវិធីសំខាន់៣ ក្នុងពិធីបើកស៊ីហ្គេមលើកទី៣១ រួមមាន ការបង្ហាញនូវការរាក់ទាក់របស់វៀតណាម, សក្ដានុពល នៃតំបន់អាស៊ីអាគ្នេយ៍ និងសាមគ្គីភាព មិត្តភាព ជូនដល់ប្រទេសជាសមាជិកអាស៊ាន។
 
គណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (Sea Games 2021) កាលពីថ្ងៃទី៥ ខែឧសភា បានបញ្ជាក់ថា នាយករដ្ឋមន្ដ្រីវៀតណាម លោក Pham Minh Chinh ជាអ្នកប្រកាសបើកស៊ីហ្គេមដោយផ្ទាល់ បន្ទាប់ពីក្បួនដង្ហែប្រតិភូតំណាងប្រទេសជាសមាជិកចូលរួម។
 
អ្នកស្រី Tran Ly Ly នាយកស្ដីទីនៃក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ បញ្ជាក់ថា ពិធីបើកនេះ នឹងមានការសម្ដែងពីសិល្បករ សិល្បការិនី និងសិស្សានុសិស្ស នៅលើឆាកដែលមានផ្ទៃដីប្រមាណ៧០០០ម៉ែត្រការ៉េ។ ការសម្ដែងនេះ បង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ម្ចាស់ផ្ទះវៀតណាម , និមិត្តសញ្ញា នៃកីឡាទាំង៤០ប្រភេទក្នុងការប្រកួត នឹងបង្ហាញរូបភាពជាគំនូរ ជាពិសេសបទចម្រៀងស៊ីហ្គេម “Let’s shine” ដែលសិល្បករ សិល្បការិនី និងសិស្សានុសិស្ស ចូលរួមសម្ដែង និងច្រៀងរួមគ្នានៅលើឆាក។
 
គួរបញ្ជាក់ផងដែរថា ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២-២៣ ខែឧសភា ដោយម្ចាស់ផ្ទះ បានយកទីក្រុងហាណូយ ជាកន្លែងចាប់ផ្ដើម និងទីតាំប្រកួត១១ កន្លែងផ្សេងទៀត ដែលនៅជិតទីក្រុងហាណូយ៕
 

Tag:
 ស៊ីហ្គេម
  វប្បធម៌វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com