ជាតិ
បោះឆ្នោត
សម្តេច ស ខេង ជំរុញមន្រ្តី និងកងកម្លាំង រួមគ្នាការពារការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានហិង្សា
17, May 2022 , 6:29 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត ស្នើដល់រដ្ឋបាល មន្ត្រីរាជការ គណៈបញ្ជាការឯកភាព កម្លាំងប្រដាប់អាវុធ ប្រជាការពារ ឲ្យប្រឹងប្រែងរួមគ្នា ដើម្បីការពារការិយាល័យបោះឆ្នោត និង ចាត់ចែងដំណើរការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើហិង្សារ។ សម្តេច យល់ថា ការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើហិង្សា គឺជាការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
 
ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេច ស ខេង ថ្លែងដូច្នេះថា៖«យើងទាំងអស់គ្នា ប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះឲ្យបាន២ ក្នុងពេលតែមួយ។ ជ័យជំនះទី១ គឺសម្រាប់គណបក្ស ជ័យជំនះទី២ គឺសម្រាប់ប្រទេសជាតិ។ មានតែគណបក្សប្រជានជនកម្ពុជាទេ ដែលកាន់អំណាចបានយូរជាងគេ ហើយមូលហេតុបានយូរ គឺមិនមែនសម្លាប់គេ ដើម្បីកាន់អំណាចយូរទេ គឺបម្រើប្រជាពលរដ្ឋ ការពារអាយុជីវិតប្រជាលពរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកការបោះឆ្នោតឃុំ-សង្កាត់ ថាមានសារៈសំខាន់មួយ ដើម្បី ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេច បន្តថា ការបោះឆ្នោតឃុំ-សង្កាត់ ជាការផ្តល់ឱកាស ឲ្យប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំរបស់ខ្លួននៅមូលដ្ឋាន។  
 
ការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ រំលង១ថ្ងៃ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាកាលបរិច្ឆេទនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី៕ 
 

Tag:
 ស ខេង
  បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com