ជាតិ
បទសម្ភាសន៍
ផ្នត់គំនិតយកកូនតិច ឬច្រើន នៅក្នុងសង្គមកម្ពុជា!
05, Jun 2022 , 7:59 pm        
រូបភាព
រូបភាព​តំណាង។ រូបភាព​ដោយ​៖​ ញឹក​ ស្រីល័ក្ខ​
រូបភាព​តំណាង។ រូបភាព​ដោយ​៖​ ញឹក​ ស្រីល័ក្ខ​
ដោយ ៖ ធន់ សេងហុង 
 
នាពេលបច្ចុប្បន្ននេះ​ គូស្វាមីភរិយាថ្មោងថ្មីដែលទើបរៀបការហើយ មានទំនោរក្នុងការយកកូនតិច ឬច្រើនអាស្រ័យសមត្ថភាព ក៏ព្រោះការចំណាយខ្ពស់ទៅលើការសិក្សារបស់កូន ថ្លៃអាហារប្រចាំថ្ងៃ​ សម្ភារៈនិយម សុខភាព ការចំណាយលើកម្មវិធីសង្គមផ្សេង គួបផ្សំការមាញឹកការងារជាដើម។ ទាំងអស់នេះហើយបានជះឥទ្ធិពលដល់ការគិតពិចារណាថាគួរតែមានកូនតិច ឬច្រើន ។

លោក ធន់ សេងហុង អ្នកសារព័ត៌មាននៃសារពត៌មានថ្មីៗ បានសាកសួរលោកបណ្ឌិត អ៊ី រតនា អតីតសាស្ត្រាចារ្យ និងជាអ្នកប្រឹក្សាសង្គមមួយរូបដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសជប៉ុន ជុំវិញប្រធានបទ «តើគ្រួសារមួយ គួរយកកូនតិច ឬច្រើន នាសង្គមបច្ចុប្បន្ន?»
លោក ធន់ សេងហុង ៖ តើលោកបណ្ឌិតយល់យ៉ាងណាដែរ ចំពោះការសម្រេចយកកូនតិច ឬច្រើននៅក្នុងគ្រួសារមួយ  ? 
 
លោក អ៊ី រតនា ៖ សំណួរនេះមានលក្ខណៈទូលំទូលាយបន្តិច ដោយមិនបានកំណត់ឆ្នាំឬសម័យកាលណាមួយជាក់លាក់ ក៏ប៉ុន្តែខ្ញុំសូមព្យាយាមឆ្លើយដូចតទៅ ៖ទី១៖ មិនមានការសិក្សាស្រាវជ្រាវជាវិទ្យាសាស្ត្របែបប្រជាសាស្ត្រ ឬការធ្វើជំរឿនប្រជាសាស្ត្រទេ ក្នុងសម័យបុរាណនៅកម្ពុជា។ គេបានសង្កេតឃើញប្រជាជនខ្មែរជាជាតិសាសន៍មួយក្នុងតំបន់ទន្លេមេគង្គ ដែលមានចំនួនប្រជាជនមិនច្រើនទេ បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងតំបន់នេះ។ សម័យអាណាចក្រអង្គរជាពិសេសពីសតវត្សរ៍ទី១០-១៥ ក្នុងចន្លោះយុគសម័យនេះគឺនៅចន្លោះសតវត្សរ៍ទី១២-១៣ ខ្មែរមានកំណើនប្រជាសាស្រ្តប្រមាណពីចន្លោះ៧៥០,០០០នាក់ ទៅជាង៩០០,០០០នាក់ក្នុងទំហំដី៣០០០ម៉ែត្រក្រលា។ មកដល់ជាងពាក់កណ្តាលសតវត្សរ៍ទី២០(គឺត្រឹមឆ្នាំ១៩៧៥) គេប៉ាន់ប្រមាណថាប្រទេសកម្ពុជាមានប្រជាជនប្រមាណជាង៧លាននាក់។ ក្នុងចន្លោះឆ្នាំ១៩៧៥-១៩៨០ គេប៉ាន់ប្រមាណថាប្រជាជនខ្មែរប្រមាណពីចន្លោះ១,៥-២លាននាក់ ត្រូវបានស្លាប់ និងសម្លាប់ ហើយមួយចំនួនទៀតត្រូវបានធ្វើចំណាកស្រុកទៅនៅបរទេស។ មកដល់ឆ្នាំ១៩៩៨ការធ្វើជំរឿនប្រជាសាស្ត្រលើកដំបូងក្នុងរយៈពេលប្រមាណ៣០ឆ្នាំ ត្រូវបានធ្វើឡើងប្រទេសកម្ពុជាមានប្រជាជនសរុបជាង១១,៤៣៧,៦៥៦នាក់ ក្នុងជំរឿនប្រជាសាស្ត្រឆ្នាំ២០០៨ ប្រជាជនខ្មែរសរុបបានកើនដល់ជាង១៣,៤លាននាក់។ ពីឆ្នាំនៅឆ្នាំ២០០៨-២០២២នេះ គេប៉ាន់ប្រមាណថាប្រទេសកម្ពុជាមានប្រជាជនចំនួនជាង១៧លាននាក់ បើគិតពីអាត្រានៃកំណើនវិញគឺពីចន្លោះ១,៣-១,៤ភាគរយ មានន័យថា មិនមានចំនួនច្រើនដូចប្រទេសវៀតណាម (ប្រមាណ៩៨លាននាក់) ថៃ (ប្រមាណ៧០លាននាក់) ហ្វីលីពីន (ប្រមាណ១១០លាននាក់) ឥណ្ឌូនេស៊ី (ជាង២៧៣លាននាក់)ទេ ប៉ុន្តែកើនជាងប្រទេសឡាវ (ជាង៧លាននាក់) និងប្រ៊ុយណេ (តិចជាង១លាននាក់)។
 
ទី២៖ ទស្សនៈនៃការមានគ្រួសារ និងការបង្កើតឬយកកូនមានលក្ខណៈខុសគ្នាទៅតាមសម័យកាលនីមួយៗ ក្នុងនោះមានកត្តានយោបាយ កត្តាសេដ្ឋកិច្ច កត្តាអប់រំ កត្តាសុខាភិបាល គោលនយោបាយពាក់ព័ន្ធនឹងប្រជាសាស្ត្រ និងច្បាប់ ព្រមទាំងប្រពៃណី ទំនៀមទម្លាប់ និងសាសនាផងដែរ។ ការសង្កេតជាទូទៅ និងតាមប្រវត្តិសាស្ត្រខ្មែរពីបុរាណ មកដល់បច្ចុប្បន្នអាចនិយាយបានថាប្រជាពលរដ្ឋខ្មែរមិននិយមចង់បានកូនច្រើនទេ គឺជាមធ្យមពីចន្លោះ៣នាក់ទៅ៤នាក់។ បើនៅជនបទអាចពីចន្លោះ៣ទៅ៤នាក់ និងទីក្រុងពីចន្លោះ២នាក់ទៅ៣នាក់។ 
 
ទី៣៖ គ្រួសារដែលមានជីវភាពទីទ័លក្រលំបាក ជាទូទៅមានកូនច្រើនគឺពីចន្លោះ៥នាក់ទៅ៧នាក់។ ការណ៍ដែលមានកូនច្រើននេះ​គឺអាចពាក់ព័ន្ធនឹងកត្តាជាច្រើនដូចជា៖ សុខភាពស្ត្រីជាម្តាយល្អពីកំណើត ការអប់រំតិច ការមិនយល់ដឹងអំពីវិធានការការពារមិនឱ្យមានកូន គ្មានថវិកាក្នុងការចំណាយលើការការពារ ទំនេរច្រើន និងមិនសូវមានជម្រើសច្រើន។ ពោលគឺកូនមិនតាមបំណងនៃការចង់បាន។ គ្រួសារអ្នកក្រ មិនត្រូវបានរាប់រកនិងចូលសង្គមដូចគ្រួសារអ្នកមាននោះទេ​ ដែលគ្រួសារអ្នកមាន តែងតែទទួលបានការអប់រំច្រើន មានទ្រព្យសម្បត្តិច្រើន មានឋានៈតួនាទីក្នុងសង្គម និងមានការរាប់រក រាប់អាន ដែលយល់ដឹងអំពីផលវិបាកនៃការមានកូនច្រើន និងតិច គឺជាគ្រួសារដែលមានជម្រើស មានកូនតាមបំណងប្រាថ្នា។ 
 
ទី៤៖ លក្ខណៈសម្បត្តិមួយទៀត ក្នុងសង្គមជឿនលឿន មានស្ថេរភាពនយោបាយល្អ សេដ្ឋកិច្ចលូតលាស់ សេរីភាព ការអប់រំទំនើប ការសំបូរសប្បាយ ការដើរហើរសេរីពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀតកាន់តែទូលំទូលាយ និងការប្រាស្រ័យទាក់ទងគ្នាទាន់ចិត្ត និងងាយស្រួលតាមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជីវិតរស់នៅកាន់តែថ្លៃឡើងៗជាកត្តាជះឥទ្ធិពលខ្លាំងដល់ការសម្រេចចិត្តយកគ្នាជាប្តី ប្រពន្ធ និងការសម្រេចចិត្តយកកូន។ បន្ថែមពីនេះគោលនយោបាយហាមឃាត់មិនឱ្យមានកូនច្រើន និងការលើកទឹកចិត្តឱ្យមានកូនច្រើនពីរដ្ឋាភិបាល ក៍ជះឥទ្ធិពលច្រើនដល់ការយកកូននៃគ្រួសារខ្មែរផងដែរ។
 
លោក ធន់ សេងហុង ៖ ជាទស្សនៈលោកបណ្ឌិតផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពថា គ្រួសារមួយគួរតែយកកូនតិច ឬច្រើនបាន ត្រូវមើលលើកត្តាអ្វីខ្លះ ? 
 
លោក អ៊ី រតនា ៖ ជាការពិតមានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ការយកកូនតិចឬច្រើន  ប៉ុន្តែនៅទីនេះខ្ញុំសូមលើកយក៥ចំណុចដោយសង្ខប ៖ ទី១ កត្តាសុខភាព៖ គឺជាកត្តាសំខាន់ជាងគេ ប្រសិនបើភរិយា និងស្វាមីមានសុខភាពល្អគឺគាត់អាចយកកូនបានច្រើនតាមបំណងប្រាថ្នារបស់ពួកគាត់។ ភរិយា និងស្វាមីខ្លះទោះបីជីវភាពមធ្យម ប៉ុន្តែចង់បានកូនច្រើនគឺពីចន្លោះ៤ទៅ៦នាក់ ពីព្រោះពួកគាត់អាចគិតថា មានកូនច្រើនគឺល្អ ពេលកូនៗធំឡើងអាចជួយទំនុកបំរុងពួកគាត់បាន មានបងប្អូនបង្កើច្រើនអាចជួយគ្នាបាន ការជួបជុំគ្រួសារមានសភាពអ៊ូអរ បន្តពូជពង្សគ្រួសារជាដើម។ គ្រួសារខ្លះគិតថាខ្លួនមិនមានបងប្អូនបង្កើតច្រើនគឺម្នាក់ឯក ឬមានតែពីរនាក់ ដូច្នេះគាត់ចង់បានកូនច្រើនដើម្បីបន្តនិរន្តរភាពគ្រួសារ វង្សត្រកូល និងមានធនធានមនុស្សអភិវឌ្ឍសហគមន៍គាត់ជាដើម។ 
 
ទី២ គឺកត្តាសេដ្ឋកិច្ច៖ ប្រសិនបើសេដ្ឋកិច្ចគ្រួសារ ដូចជាផ្ទះ ដីស្រែ ចំការ ឬដីសម្រាប់ធ្វើអ្វីមួយ រួមជាមួយទ្រព្យសម្បតិ្តលុកកាក់មិនសូវមានបាន កម្រិតមធ្យម គួបផ្សុះជាមួយការរស់នៅថ្លៃ ក៏ជាកត្តាជះឥទ្ធិពលដល់ការមានកូនតិចឬច្រើនដែរ។ បច្ចុប្បន្ននេះការរស់នៅគឺថ្លៃ រីឯការរកចំណូលមិនសមមូលគ្នា ដូចជា ៖ការចំណាយលើសិក្សា ការហូបចុក ការចំណាយលើសកម្មភាពបុណ្យ អាពាហ៍ពិពាហ៍ និងកម្មវិធីសង្គមផ្សេងៗសុទ្ធតែចំណាយច្រើន ព្រមទាំងការមមាញឹកការងារ ជាហេតុផលប៉ះពាល់ដល់ការសម្រេចចិត្តយកកូនតិចឬច្រើន។ 
 
ទី៣ កត្តាការអប់រំ៖ មនុស្សដែលមានការអប់រំខ្ពស់ មានការយល់ដឹងអំពីបញ្ហាច្រើនអំពីសង្គម ការកសាងគ្រួសារ ការកសាងសង្គម ផលវិបាកនានា និងមិនសូវមានពេលទំនេរគិតគូរអំពីគ្រួសារ មើលថែទាំ និងអប់រំកូននោះទេ។ ក្រៅពីនេះពួកគេចង់មានសេរីភាព ការសប្បាយ ការដើរកំសាន្ត និងមិនចង់មានបន្ទុកលើខ្លួនច្រើន។ អ្នកមានការអប់រំខ្ពស់ សេដ្ឋកិច្ចគ្រួសារល្អគឺគិតអំពីគុណភាព ផលល្អនៃការមានកូនតិច ពោលចង់ឱ្យកូនមានការអប់រំខ្ពស់ រៀនសាលាល្អ ថ្លៃនិងគុណភាព ដើម្បីទទួលការងារល្អ និងកិត្តយសក្នុងសង្គម។  
 
ទី៤ កត្តានយោបាយ៖ ក្នុងស្ថានភាពប្រទេសល្អមិនល្អក៏ជាកត្តាជះឥទ្ធិពលដល់ការសម្រេចចិត្តយកប្តី ឬប្រពន្ធ និងការយកកូនតិចឬច្រើនដែរ។ ជាទូទៅស្ថានភាពនយោបាយល្អ មនុស្សអាចមានការទុកចិត្តក្នុងការយកប្តី ប្រពន្ធ និងមានកូន តិចឬច្រើន។
 
ទី៥ ទស្សនវិជ្ជាថ្មីអំពីគ្រួសារ៖ នៅក្នុងយុគសម័យជឿនលឿន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្នធ្វើឱ្យមនុស្សប្រែប្រួល ផ្លាស់ប្តូរ និងសម្របសម្រួលខ្លួនទៅតាមស្ថានភាពជឿនលឿននៃប្រទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ពោលគឺមនុស្សដែលមានជីវភាពមធ្យមនិងមានការអប់រំល្អឡើងទៅមិនចង់រៀបការលឿនក្នុងវ័យក្រោម៣០ឆ្នាំទេសម្រាប់បុរស ហើយស្ត្រីក្នុងវ័យចន្លោះ២៥-២៩ឆ្នាំ។ គេចង់ប្រើពេលវេលានៅលីវយូរ មានសេរីភាពពីការទទួលបន្ទុកជាគ្រួសារ មិនចង់បានកូនច្រើន(ត្រឹម២នាក់) គេមិនសូវមានការព្រួយបារម្ភពេលខ្លួនចាស់ទៅដោយសារសង្គមបានបង្កើតភ្នាក់ងារសេវាសង្គមជាច្រើន ដើម្បីមើលថែទាំមនុស្សចាស់ជរា (គេអាចបង់ប័ណ្ណធនារ៉ាប់រង សម្រាប់ពេលចាស់ជាដើម) មានមនុស្សខ្លះសាកល្បងរស់នៅជាមួយគ្នា ដោយមិនបាច់រៀបការ និងចុះអេតាស៊ីវិលក្លាយជាប្តីប្រពន្ធពិតប្រាកដ។ ភាពមមាញឹកការងារ ការប្រកួតប្រជែងក្នុងវិស័យការងារ និងសម្ភារនិយម ព្រមទាំងជីវិតរស់នៅការចំណាយកាន់តែថ្លៃទៅៗ សុទ្ធតែជាកត្តាជះឥទ្ធិពលលើជីវិតអាពាហ៍ពិពាហ៍ និងការសម្រេចចិត្តមានកូនឬមិនមានកូន។
 
លោក ធន់ សេងហុង ៖ តើការយកកូនតិច អាចប៉ះពាល់ដល់កម្លាំងផលិតកម្មនៅកម្ពុជាដែរឬទេ ? 
 
លោក អ៊ី រតនា ៖ ពិតណាស់ប្រាកដជាមានផលប៉ះពាល់ដល់កម្លាំងផលិតកម្មនៃកម្ពុជា ពីព្រោះប្រទេសកម្ពុជាជាប្រទេសកសិកម្មដែលមានផ្ទៃដីកសិកម្មប្រមាណជាង៣១ភាគរយទូទាំងប្រទេស និងមានផ្ទៃដីគ្របដណ្តប់ដោយព្រៃប្រមាណជាង៤៥ភាគរយ(ក្នុងឆ្នាំ២០១៨ប្រភពពីធនាគារពិភពលោក)។ ប្រទេសកម្ពុជាមានកម្លាំងយុវជនប្រមាណ៦៥ភាគរយ ក្រោមអាយុ៣០ឆ្នាំ ក្នុងនោះពីអាយុ១៤-៣០ឆ្នាំមានប្រមាណជិត២៧ភាគរយ និងក្រោម១៤ឆ្នាំមានប្រមាណជាង៣០ភាគរយ។ នេះបញ្ជាក់ឱ្យឃើញថាកម្ពុជាមានអត្រាយុវជនពេញកម្លាំងជាផលិតកម្មច្រើនជាងគេនៅក្នុងតំបន់ ដែលជាសក្តានុពលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៃឱកាសការងារក្នុងស្រុកមិនទាន់ឆ្លើយតបនឹងតម្រូវការពលកម្មនៅឡើយ ពីព្រោះទំហំការងារភាគច្រើនគឺស្ថិតក្នុងវិស័យឧស្សាហកម្មធុនស្រាល គឺកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសំណង់ ហើយប្រាក់បៀរវត្សរ៍មិនសមមូលនឹងកម្លាំង រួមទាំងការចំណាយច្រើន ធ្វើឱ្យប្រជាជនជាច្រើនចំណាកស្រុកទៅធ្វើការនៅបរទេស(ថៃ កូរ៉េខាងត្បួង ជប៉ុន ម៉ាឡេស៊ីជាដើម)។

កត្តាមួយគួរយកចិត្តទុកដាក់នោះគឺយុវជនខ្មែរភាគច្រើនបានចាកចេញពីការងារកសិកម្មធ្វើស្រែចំការ ដាំដុះដំណាំកសិកម្មផ្សេងៗ មករកការងារធ្វើនៅទីក្រុងធំៗ និងទៅបរទេស និងផលិតផលកសិកម្មក្នុងស្រុកមានតម្លៃមិនអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យកម្ពុជានាំចូលផលិតផលពីប្រទេសជិតខាងប្រមាណ៧០ភាគរយ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
 
លោក ធន់ សេងហុង៖ ដើម្បីឱ្យគ្រួសារមួយមានសុភមង្គលល្អ លោកបណ្ឌិតផ្តល់ជាទស្សនទានគំនិតថាគួរអនុវត្តបែបណាខ្លះ ?
 
លោក អ៊ី រតនា៖ សុភមង្គលគឺសំដៅលើជារួមសេចក្តីសុខផ្នែកកាយ និងផ្នែកចិត្ត។ គឺការអវត្តមាននូវទុក្ខ ការឈឺចាប់ ការឯកោ ការបារម្ភ និងស្នេហារវាងប្តី និងប្រពន្ធ ឪពុកម្តាយ និងកូន។ សេចក្តីសុខផ្នែកកាយសំដៅលើរូបកាយមានសុខភាពល្អ និងទ្រព្យសម្បត្តិមានមិនក្រ ទៅតាមការកំណត់ន័យរបស់មនុស្សនីមួយៗ គ្រួសារនីមួយ”  ព្រមជាមួយគ្នានេះសេចក្តីសុខផ្នែកចិត្តគឺសំដៅលើស្មារតី បញ្ញា ការអប់រំ ចំណេះដឹង គឺអ្វីៗដែលនាំមកនូវជីវិតមានន័យ។

កត្តាទាំងពីរនេះពិតជាសំខាន់ណាស់ វាជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក។ បើមនុស្សមានការអប់រំល្អ មានសតិ ស្មារតីល្អនាំឱ្យចិត្តល្អ មនុស្សមើលឃើញអំពីបញ្ហារាក់ ជ្រៅនៃជីវិតគ្រួសារ បុគ្គល និងសង្គម។ មនុស្សអាចយល់ដឹងអំពីគុណសម្បត្តិល្អនៃជីវិត គឺអ្វីដែលពួកគេចង់បាន និងចង់រស់នៅ និងចង់កសាង ពោលគឺជីវិតរស់នៅប្រកបដោយសីលធម៌ គុណធម៌ ការគោរពស្រលាញ់គ្នា ឱ្យតម្លៃគ្នា ជួយគ្នាទៅវិញទៅមក ការយោគយល់ អត់ឱនអធ្យាស្រ័យឱ្យគ្នា និងការទទួលខុសត្រូវខ្ពស់ក្នុងសង្គម។ ជាទូទៅ មនុស្សផ្តោតលើ កត្តាសម្ភារៈ ការមានទ្រព្យសម្បត្តិច្រើន មានការអប់រំខ្ពស់ មានតួនាទីខ្ពស់ និងឋានៈសង្គម ពីព្រោះកាត្តាទាំងនេះជាកត្តាកំណត់ ដែលតាមពិតទៅ ធាតុសំខាន់ៗគឺអ្វីដែលបានរៀបរាប់នៅទីនេះ។ 
 
ក្នុងលក្ខណៈគ្រួសារគឺការរក្សាបាននូវចំណងនៃស្នេហាឬសេចក្តីស្រលាញ់រវាងប្តី ប្រពន្ធ និងឪពុកម្តាយនិងកូន និងរវាងកូននិងកូនៗ។ ចំណងស្នេហាដែលរក្សាបានគឺល្គឹកណាគ្រួសារមួយអាចរក្សាបាននូវសីលធម៌ គុណធម៌ ការគោរពស្រលាញ់គ្នា ឱ្យតម្លៃគ្នា ជួយគ្នាទៅវិញទៅមក ការយោគយល់ អត់ឱនឱ្យគ្នា និងការទទួលខុសត្រូវខ្ពស់ ក្នុងព្រះពុទ្ធសាសនាគឺព្រហ្មវិហារធ៌មទាំងបួនគឺមេត្តា ករុណា មុទិតា និងឧបេក្ខា។

កាលណាយើងមានធាតុទាំងអស់នេះដោយការចេះបែងចែក និងថ្លឹងថ្លែងរាល់ទង្វើ អាកប្បកិរាយ មាយាទ និងសំដីនោះសិរីសួស្តី ជ័យមង្គល វិបុលសុខ និងសចក្តីចម្រើននឹងកើតមានឡើង។

ជាធម្មតាទំនាស់ ឬជម្លោះទាំងឡាយតែងកើតមានឡើងក្នុងវិថីជីវិតគ្រួសារមួយ ក៏ប៉ុន្តែចំណេះវិជ្ជា និងធាតុល្អទាំងឡាយជាឱសថដ៏ស័ក្តិសិទ្ធិនៃការព្យាបាលជម្លោះនៃគ្រួសារ ប្តី ប្រពន្ធ កូន ដែលជាធម្មតាកើតឡើងដោយមូលហេតុជាច្រើន ដូចជាការច្រណែន ការប្រចណ្ឌ ការប្រចាំគ្នា ការពង្រើយកន្តើយ ការមិនជួយការងារគ្នា និងការយល់ច្រឡំជាដើម។ ហើយការមិនយល់អំពីហេតុ និងផលនៃសេចក្តីស្រលាញ់ជាមូលហេតុនាំឱ្យគ្មានសុភមង្គល។
 

Tag:
 អ៊ី រតនា យកកូន
© រក្សាសិទ្ធិដោយ thmeythmey.com