កីឡាជាតិ
ជាតិ
AFC Asian Cup៖១២ម៉ឺនដុល្លាបន្ថែម ប្រសិនក្រុមជម្រើសជាតិឡើងដល់វគ្គផ្ដាច់ព្រ័ត្រ
06, Jun 2022 , 2:45 pm        
រូបភាព
ជម្រើសជាតិកម្ពុជាហ្វឹកហាត់ ត្រៀមប្រកួតនៅប្រទេសឥណ្ឌា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជម្រើសជាតិកម្ពុជាហ្វឹកហាត់ ត្រៀមប្រកួតនៅប្រទេសឥណ្ឌា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សហព័ន្ធបាល់ទាត់កម្ពុជា ឧបត្ថមទឹកប្រាក់ ៤ម៉ឺនដុល្លា សម្រាប់ជម្រើសជាតិកម្ពុជា ទៅប្រកួត AFC Asian Cup 2023 Qualifiers នៅប្រទេសឥណ្ឌា ហើយក៏នឹងគ្រោងបន្ថែមទឹកប្រាក់១២ម៉ឺនដុល្លា ប្រសិនក្រុមជម្រើសជាតិកម្ពុជា ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

ជម្រើសជាតិកម្ពុជា បានទៅដល់ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី៤ ខែមិថុនា។ មកទល់ពេលនេះ ជម្រើសជាតិកម្ពុជា បានហ្វឹកហាត់ត្រៀមប្រកួតនៅប្រទសឥណ្ឌា ចាប់ពីថ្ងៃទី៥ មិថុនា ដោយថ្ងៃប្រកួត គឺថ្ងៃទី៨ ត្រូវប្រកួតជាមួយជម្រើសជាតិឥណ្ឌា, ថ្ងៃទី១១ ជាមួយ ហ៊ុងកុង និង ថ្ងៃទី១៤ ខែមិថុនា ប្រកួតជាមួយ អាហ្វហ្គានីស្ថាន។ 
 
យោងតាមការផ្សាយលើហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទឹកប្រាក់៤ម៉ឺនដុល្លា ត្រូវបានឧបត្ថមជូនក្រុមជម្រើសជាតិសម្រាប់ការប្រកួតក្នុងវគ្គជម្រុះក្នុងពូលនៅប្រទេសឥណ្ឌា។ តែប្រសិនជា ក្រុមជម្រើសជាតិ អាចឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ សហព័ន្ធ នឹងបន្ថែម១២ម៉ឺនទៀត។ 
 
ការយកឈ្នះក្រុមទាំង៣ក្នុងពូលជាមួយគ្នានេះ មិនមែនជាការងាយស្រួលទេដោយ ក្រុមក្នុងពូល D សុតតែធ្លាប់មានប្រវត្តិឈ្នះកម្ពុជា។ កម្ពុជា ធ្លាប់ប្រកួតមិត្តភាពជាមួយ ឥណ្ឌា នៅឆ្នាំ២០១៧ ដោយចាញ់ឥណ្ឌា ២-៣។ ហុងកុង និង អាហ្វហ្គានីស្ថាន ធ្លាប់ប៉ះ កម្ពុជា ៤លើកដូចគ្នា។ ក្នុងនោះ កម្ពុជា បានចាញ់ ហុងកុង ៣លើក ស្មើ១លើក ដោយ៤ប្រកួតនោះ ២ប្រកួតជាក្របខ័ណ្ឌ ជម្រុះជើងឯកពិភពលោក និង២លើកទៀតជាមិត្តភាព។ សម្រាប់ កម្ពុជា ធ្លាប់ចាញ់អាហ្វហ្គានីស្ថាន ចំនួន៣ប្រកួត និងឈ្នះ១ប្រកួត។ 
 
សមាសភាពកីឡាករ២៣ រូបនោះមាន៖ អ្នកចាំទី៣រូបរួមមាន កែវ សុខ សិលា, ហ៊ុល គីមហ៊ុយ និង វិរៈ ដារ៉ា។ ខ្សែការពារ៨រូបមាន ទេស សម្បត្តិ, កុក បូរីស, កែន ច័ន្ធសុភ័ក្រ, តាំង ប៊ុនឆៃ, សឿយ វិសាល, ជួន ចាន់ចាវ, ឆេង ម៉េង និង ធារី ចន្ថាប៊ិន។ ខ្សែបម្រើ៨រូបមាន ជូ ស៊ីនទី, អ៊ាន ពិសី, អ៊ន ចាន់ប៉ូលីន, សុះ ស៊ូហាណា, អ៊ិន សុដាវីដ, ស៊ីន សុវណ្ណមករា, ឡុង ភារ៉ាត់ និង ប្រាក់ ធីវ៉ា។ ខ្សែប្រយុទ្ធ៤រូបមាន សៀង ចន្ធា, កែវ សុខផេង, ម៉ាត់ ណូរុន និង សារ ទី។
 

Tag:
 បាល់ទាត់
  AFC Asian Cup
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com