កីឡាជាតិ
ជាតិ
អតីតកីឡាការិនីហែលទឹក ហែម ថុនវិទីនី ជួយការងារសង្គមតាមរយៈការបង្ហាញម៉ូត
11, Jun 2022 , 9:29 am        
រូបភាព
រូបពីលោក ម៉ែន សីហា អ្នកឆ្នៃម៉ូត
រូបពីលោក ម៉ែន សីហា អ្នកឆ្នៃម៉ូត
អតីតកីឡាការិនីជម្រើសជាតិ ហែម ថុនវិទីនី ដែលបបច្ចុប្បន្នជាគ្រូបង្វឹកកីឡាហែលទឹក បានចាប់អាជីពមួយទៀត ជាតារាបង្ហាញម៉ូត។ ការបង្ហាញម៉ូតរបស់កីឡាការិនីរូបនេះ គឺជាផ្នែកមួយនៃគម្រោងបង្ហាញម៉ូត “ជីវិតចុងក្រោយរបស់សត្វសមុទ្រ” (The Last Life  of The Sea Creature) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

 
អតីតកីឡាការិនី ហែម ថុនវិទីនី បានចុះកិច្ចសន្យាជាទូតសុឆន្ទៈ ឲ្យ Queen Victoria ដែលជាក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ រយៈពេល១ឆ្នាំ គឺ២០២២ ដល់២០២៣។ សម្រាប់ ហែម ថុនវិទីនី គម្រោងនេះ ជាកិច្ចការជួយសង្គមមួយ ដែលខ្លួនពេញចិត្តបំពេញការងារ។ «(គម្រោង)ជីវិតចុងក្រោយរបស់សត្វសមុទ្រ ត្រូវជាមួយអ្វី ដែលខ្ញុំពេញចិត្តនៅក្នុងផ្នែកទឹក។ ខ្ញុំចង់ធ្វើយូរហើយ ដោយបានគិតនូវគម្រោងនេះយូរដែរហើយ»។ នេះបើតាមអតីតកីឡាការិនីហែលទឹកឆ្នើមរបស់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ។
 
ផ្លាស់ប្ដូរជំនាញពីអ្នកហែលទឹក មកជាអ្នកបង្ហាញម៉ូត វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់ វិទីនី ។ ប៉ុន្តែដោយសារតែការស្រលាញ់ការងារសង្គមនេះ វាក៏ក្លាយជាកម្លាំងចិត្តមួយ ជួយឲ្យ វិទីនី បំពេញភារកិច្ចបានយ៉ាងល្អ ក្រៅពីអាជីពហែលទឹកនេះ។ 
 
«ពីវិស័យកីឡា មកពីបង្ហាញម៉ូត មានការពិបាកខ្លះៗ ដោយសារពីដំបូង ខ្ញុំមិនសូវចេះពាក់ស្បែកជើងកែង និងរបៀបដើរ។ កីឡាខុសគ្នា ឆ្ងាយពីសិល្បៈ តែខ្ញុំមានក្ដីស្រឡាញ់ជាមួយសិល្បៈ។ ខ្ញុំកាន់តែស្រឡាញ់ពេលដែលបានចូលហ្វឹកហាត់ ជាពិសេសហ្វឹកហាត់ជាមួយបងប្រុស Oliva Kong។ ខ្ញុំ ត្រូវសិក្សានូវការដើរ ទម្រង់បវរកញ្ញា ខុសពីកីឡាដែលហ្វឹកហាត់ត្រៀមប្រកួត ហើយខុសពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់។ តែ ខ្ញុំ បានតស៊ូដោយសារខ្ញុំធ្លាប់មានការតស៊ូក្នុងវិស័យកីឡាពីមុនមក។»។ នេះជាការលើកឡើងរបស់  វិទីនី ។

អតីតកីឡាការិនីជម្រើសជាតិ ហែម ថុនវិទីនី ដែលបបច្ចុប្បន្នជាគ្រូបង្វឹកកីឡាហែលទឹក បានចាប់អាជីពមួយទៀត ជាតារាបង្ហាញម៉ូត។ រូបពី លោក ម៉ែន សីហា
 
លោក ម៉ែន សីហា ស្ថាបនិក នៃកម្មវិធី Cambodia’s Queen of The Catwalk បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទពីមូលហេតុដែលក្រុមហ៊ុន Queen Victoria សម្រេចយកគ្រូបង្វឹកហែលទឹករូបនេះ ធ្វើជាតួអង្គសំខាន់ក្នុងការបង្ហាញម៉ូត នៃគម្រោង“ជីវិតចុងក្រោយរបស់សត្វសមុទ្រ”។ គម្រោងនេះ គឺជាបការង្ហាញម៉ូតសម្លៀកបំពាក់ ដែលរំលេចនូវសម្រស់ធម្មជាតិក្នុងសមុទ្រ។
 
«ខ្ញុំ បានឃើញការប្រកួតរបស់ វិទីនី ក្នុងការប្រកួតហែលទឹក។ ខ្ញុំមានមោទនភាពពីការតស៊ូប្រកួតក្នុងវិស័យកីឡារបស់ វិទីនី។ គាត់ ជាមនុស្សស្រីដែលរឹងមាំ ហើយពូកែ ជាមួយជំនាញរបស់គាត់ វិទីនី សាកសមជាតួធំក្នុងគម្រោងនេះ។»។ ស្ថាបនិករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
លោក ម៉ែន សីហា បានប្រាប់ពីអត្ថន័យសំខាន់នៃគម្រោង “ជីវិតចុងក្រោយរបស់សត្វសមុទ្រ” ដែលបានគិតទុកអស់រយៈ៤ឆ្នាំនេះ គឺចង់បណ្ដុះគំនិតផ្សព្វផ្សាយ និងបណ្ដុះផ្នត់គំនិតពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថានសមុទ្រកម្ពុជា។ អ្នកច្នៃម៉ូតរូបនេះ គ្រោងនឹងដឹកនាំ តារាបង្ហាញម៉ូតចូលរួមសកម្មភាពសង្គមនៅសមុទ្រ ដូចជា សម្អាតសំរាមនៅសមុទ្រ និងចែកសម្ភារៈមួយចំនួនដល់កុមារក្រីក្រនៅតំបន់សមុទ្រផងដែរ។
 
នេះ ជាលើកទី២ហើយ ដែល Queen Victoria បានបង្ហាញម៉ូត “ជីវិតចុងក្រោយរបស់សត្វសមុទ្រ” ហើយក៏ទទួលបានជោគជ័យខ្លាំងដែរ។ ដោយឡែក លើកទី១ មិនសូវទទួលបានជោគជ័យប៉ុន្មានទេ ។ នេះបើតាមលោក ម៉ែន សីហា ៕
 
 

Tag:
 ហែលទឹក
  ហែម ថុនវិទីនី
  ម៉ែន សីហា
© រក្សាសិទ្ធិដោយ thmeythmey.com