កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ ជា សាវៃ ជួយឬទ្ធិសែន ដណ្ដើមបានលេខ៣ ក្រោយឈ្នះក្រុម​កំពតអេហ្វស៊ី
11, Jun 2022 , 11:39 am        
រូបភាព
រូបក្រុមបាល់ទាត់ឬទ្ធិសែន ក្នុងជំនួបជាមួយ កំពត រូបពី ពានសម្ដេចហ៊ុនសែន
រូបក្រុមបាល់ទាត់ឬទ្ធិសែន ក្នុងជំនួបជាមួយ កំពត រូបពី ពានសម្ដេចហ៊ុនសែន
ក្រុមបាល់ទាត់ឬទ្ធិសែន បានឈ្នះជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ ក្រុមបាល់ទាត់កំពតអេហ្វស៊ី ក្នុងលទ្ធផល ០-២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា។
 
ការប្រកួតនៅតង់ទី១ ក្រុមឬទ្ធិសែន បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ ក្រុមបាល់ទាត់កំពត។ នៅនាទី៣០ ឬទ្ធិសែន ស្ទើរតែរកបានមួយគ្រាប់ ដោយការតែតបាល់ តែផុតគោលដៅបន្ដិច។ ទោះ​មានការស៊ុតច្រើនលើកពីក្រុមបាល់ទាត់ឬទ្ធិសែននៅ​តង់ទីមួយ តែអ្នកចាំទីកំពត អាចជួយសង្គ្រោះបាន ដោយរក្សាលទ្ធផល ០-០  ខណៈដែលកំពត ​ពិបាកបណ្ដើរបាល់ចូលតំបន់គ្រោះថ្នាក់ របស់ឬទ្ធិសែន។ នៅក្នុងតង់ទី២ ឬទ្ធិសែន បន្ដដាក់សម្ពាធលើក្រុមបាល់ទាត់កំពត បន្ដទៀត ហើយចូលដល់នាទី៦០ ជា សាវៃ ខ្សែប្រយុទ្ធឬទ្ធិសែន បានតែតបញ្ចូលទី ដោយមានការបញ្ជូនបាល់ពីមិត្តរួមក្រុមកីឡាករ សំអាង ដេវីត។ ឬទ្ធិសែន បាននាំមុខ កំពត ០-១។ 
 
កំពត មិនអាចបំប៉ោងសំណាញ់ទី ឬទ្ធិសែន បានទេ បើទោះជាមានឱកាសវាយបកវិញខ្លះក៏ដោយ។ គ្រាប់ទី២ របស់ក្លិបឬទ្ធិសែន រកបានដោយ ជា សាវៃ ម្ដងទៀត នៅនាទី៨៧ នាំឲ្យលទ្ធផល០-២។ លទ្ធផលបញ្ចប់តង់ ឬទ្ធិសែន ឈ្នះ កំពត ០-២។
 
គួរបញ្ជាក់​ថា ពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ខេត្ត ​បញ្ចប់នៅថ្ងៃទី១១ ខែមិថុនា នេះ ដោយម្ចាស់ជ័យលាភីលេខ៣ បានទៅ​ក្រុមបាល់ទាត់ឬទ្ធិសែន។ ដោយឡែក ក្រុមបាល់ទាត់ឧត្ដរមានជ័យ ត្រូវប្រកួតជាមួយ ភ្នំពេញហ្គាឡាក់ស៊ី ដើម្បីប្រជែងយកជើងឯក ពានសម្ដេចលើកទី១៦ ថ្នាក់ខេត្ត នៅកីឡដ្ឋាន Cambodian Airway នៅវេលាម៉ោង ៣:៣០រសៀល ថ្ងៃទី១១មិថុនានេះ៕
 

Tag:
 បាល់ទាត់
  ពានសម្ដេចហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com