ជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន ស្នើឱ្យកូរ៉េខាងជើងអត់ធ្មត់ ហើយរកវិធីបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ
11, Jun 2022 , 5:59 pm        
រូបភាព
រូបភាពពីសារព័ត៌មាន BBC
រូបភាពពីសារព័ត៌មាន BBC
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីល របស់កូរ៉េខាងជើង ពេលថ្មីៗនេះ។ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះ បង្ហាញពីកំណើននៃភាពតានតឹងលើឧបទ្វីបកូរ៉េ ហើយដែលនឹងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោក។
 
តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១០មិថុនា រដ្ឋមន្ត្រីការបរទេសអាស៊ាន ជំរុញឱ្យកូរ៉េខាងជើង អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល រដ្ឋមន្ត្រីការបរទេសអាស៊ាន បានរំឭកឡើងវិញពីការអំពាវនាវរបស់អាស៊ានឱ្យកូរ៉េខាងជើង អនុវត្តបានពេញលេញនូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដែលឱ្យប្រើប្រាស់មធ្យោបាយការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ សម្រាប់អាស៊ាន កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព។
 
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន និងប្រកបដោយសន្តិវិធី។
 
ក្នុងសេចក្ដីថ្លែងការណ៍ដដែលរដ្ឋមន្រ្តីការបរទអាស៊ាន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព នឹងមានសារប្រយោជន៍ដល់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់កូរ៉េខាងជើង ព្រមទាំងក្នុងតំបន់ទាំងមូល៕
 

Tag:
 មីស៊ីល
  អាស៊ាន
  ឧបទ្វីបកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com