ជាតិ
កាន់ ម៉េងហុង និង បឺត សង្ឃឹម បានមេដាយមាស ខណៈ ម៉ឺន មេឃា ឡើងទៅវគ្គដណ្តើមខ្សែក្រវ៉ាត់
07, Jul 2022 , 11:56 am        
រូបភាព
បឺត សង្ឃឹម(ក្រហម) ប្រកួតជាមួយកីឡាករថៃ(ខៀវ) Pen Thepeak Muangnon(រូបដោយថ្មី)
បឺត សង្ឃឹម(ក្រហម) ប្រកួតជាមួយកីឡាករថៃ(ខៀវ) Pen Thepeak Muangnon(រូបដោយថ្មី)
ប្រដាល់គុនខ្មែរ៖ជំនួបគូមិត្តភាពអន្តរជាតិ កាន់ ម៉េងហុង និងបឺត សង្ឃឹម ទទួលបានមេដាយមាស រីឯ ម៉ឺន មេឃា ឡើងទៅវគ្គដណ្តើមខ្សែក្រវ៉ាត់ ជើងឯកពិភពលោក WORLD FIGHT TOURNAMENT 2022 នៅពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

កាន់ ម៉េងហុង ដែលជាគូអន្តរជាតិទី១ ប្រកួតជាមួយ កីឡាករអូស្ត្រាលី Dylan Eagle លើប្រភេទទម្ងន់ ៥៥.៣ គីឡូក្រាម បានដាក់សម្ពាធខ្លាំងលើគូប្រកួតខ្លួន។ ៣ទឹកពេញនៃការប្រកួត ម៉េងហុង បានប្រើបច្ចេកទេសធាក់ទប់ និងទាត់ជើងក្រោមធ្ងន់ៗ ធ្វើឲ្យ Eagle ពិបាកតស៊ូ។ បញ្ចប់ការប្រកួត ម៉េងហុង ឈ្នះដោយពិន្ទុទទួលបានមេដាយមាស។
 
សម្រាប់ បឺត សង្ឃឹម ប្រកួតជាមួយនាគឆ្លងដែនថៃ Pen Thepeak Muangnon លើប្រភេទទម្ងន់ ៥៧.២ គីឡូក្រាម។ សង្ឃឹម វាយចេញច្រើនក្រាស់ក្រៃ ដោយទាត់សន្ធប់លើ Pen Thepeak ពីទឹក១ រហូតដល់ទឹក៣។ គូប្រជែងមេដាយមាសមួយនេះ ធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកងរំពង និងអបដោយសម្លេងទះដៃប្រាវៗ។ បញ្ចប់ទឹក៣ បឺត សង្ឃឹម ឈ្នះPen Thepeak ដោយពិន្ទុ។
 
ដោយឡែក ប៊ូខាវ បេនឆាមេក ប្រកួតជាមួយ Varats Dzmitry លើប្រភេទទម្ងន់ ៧២.៦ គីឡូក្រាមវិញ។ ទឹក១ គូនេះវាយគ្នាទៅវិញទៅមកពិតជាគួឲ្យរំជួលអារម្មណ៍។ ដល់ទឹក២ ប៊ូខាវ សង្គ្របលើ Dzmitry ច្រើនដងដោយការកាច់ឡើងជង្គង់ និងមានការឱបកាច់ដួលជាច្រើនលើកផងដែរ។ ផ្លែកែងរបស់គេពិតជាល្អដូចផ្កាមែន ។ ពាក់កណ្តាលទឹក២ ប៊ូខាវ វាយកែងបែកខ្ទង់ច្រមុះ Dzmitry ហូរឈាមស្រោចលើផ្ទៃមុខ ដល់ទឹក៣ គូនេះហាក់មិនសូវមានការវាយសម្រុកគ្នាទេ ដោយសារមានភ្លៀងរលឹមស្រិចៗហាក់រំខានការប្រកួតមួយនេះ។ បញ្ចប់ទឹក៣ ប៊ូខាវ ឈ្នះ Dzmitry ដោយពិន្ទុ។
 
ចំណែកកីឡាករ ម៉ឺន មេឃា បានយកឈ្នះ ដោយពិន្ទុលើកីឡាករប្រេស៊ីល Felype Souza លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម។ ទឹក១ មេឃា ហាក់មិនទាន់មានប្រៀបលើ Souza ចូលទឹក២ មេឃា សម្រុកវាយចេញច្រើន និងកាលដាល់ពោះទឹកធ្ងន់ៗ និងទឹក៣ គូនេះមានការវាយត្រដមប្រសមគ្នា។ បញ្ចប់ការប្រកួត ម៉ឺន មេឃា យកឈ្នះ Felype Souza ដោយឡើងទៅប្រកួតវិលជុំដណ្តើមខ្សែក្រវ៉ាត់ WORLD FIGHT។
  

ការប្រគល់មេដាយមាស ដល៉កីឡាករ ប៊ូខាវ បេនឆាមេក ក្នុងកម្មវិធីប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក(រូបដោយ ថ្មីៗ)

គូចុងក្រោយ កីឡាការិនី ទូច ចាន់វត្តី ជួបជាមួយ កីឡាការិនីមកពី អេស្តូនី Mare Ruumei លើប្រភេទទម្ងន់ ៥៣.៥ គីឡូក្រាម។ ទឹក១ វត្តីវាយចេញបានច្រើនតែស្រាល ចូលដល់ទឹក២ និងទឹក៣ Mare Ruumei វាយបកមកវិញដោយការទាត់ខ្លាំងៗ និងការកាច់ឡើងជង្គង់ផ្ទប់នឹងសង្វៀនផ្នែកជ្រុង ជាច្រើនលើក។ បញ្ចប់ការប្រកួត ទូច ចាន់វត្តី ចាញ់ Mare Ruumei ដោយពិន្ទុ។
 
លោក ថោង ខុន អនុប្រធានអចិន្ត្រីយ៍ នៃគណៈកម្មាធិការ CAMSOC មានប្រសាសន៍ថា ការប្រកួតនេះ ដើម្បីអបអរដំណើរឆ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ និងជំរុញឲ្យគេស្គាល់កីឡាប្រដាល់គុនខ្មែរ។
 
«ខ្ញុំសូមអបអរសាទរការបើកប្រកួតកីឡាគុនខ្មែរពិភពលោកដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេម២០២៣ និងជំរុញការផ្សព្វផ្សាយគុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិគុនខ្មែរ»។ សម្តីលោក ថោង ខុន មានប្រសាសន៍ក្នុងកម្មវិធីយ៉ាងដូច្នេះ។
 
គួរបញ្ជាក់ថា កម្មវិធីប្រកួតវិលជុំដណ្តើមខ្សែក្រវ៉ាត់ WORLD FIGHT TOURNAMENT 2022 ចាប់ផ្តើមពី៦ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នាសង្វៀនប្រដាល់គុនខ្មែរ បាយ័នបឹងស្នោ និងថ្ងៃផ្តាច់ព្រ័ត្រ ធ្វើនៅពហុកីឡដ្ឋានមរតកតេជោ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com