ជាតិ
សត្វត្រយងយក្សមួយសម្បុក ញាស់បានកូនពីរក្បាលទៀត នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
08, Jul 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖  នៅចុងខែមិថុនា ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS ប្រទះឃើញកូនត្រយងយក្ស ញាស់ជោគជ័យ ចំនួនពីរសម្បុក នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្បុកទីមួយមានកូនចំនួន២ក្បាល និងមួយទៀតមិនទាន់អាចកំណត់ចំនួនបាន។ ទន្ទឹមភាពជោគជ័យនេះ កត្តាប្រឈមទាក់ទងសុវត្ថិភាពសត្វប្រភេទនេះ នៅតែបន្តមាន ដែល​អាចក្លាយជាក្តីព្រួយបារម្ភសម្រាប់ការអភិរក្ស។


លោក សូត វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា នៅអំឡុងខែឧសភា ក្រុមការងាររបស់អង្គការWCS ប្រទះឃើញ​សត្វត្រយងយក្សចំនួនពីរសម្បុកបានវិលមកពងកូនក្នុងសម្បុកចាស់ នៅភូមិចំនួនពីរក្នុងស្រុកកែវសីមា។ បើតាមលោក វ៉ាន់ឌឿន សម្បុកមួយក្នុងភូមិស្រែអណ្ដោល ឃុំស្រែឈូក ញាស់បានកូនពីរក្បាល និងបានចម្រើនវ័យហៀបនឹងហើរចេញពីនៅក្នុងខែកក្កដានេះ។
 
ចំណែកឯមួយសម្បុកទៀត នៅក្នុងសហគមន៍ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ក្រុមការងារមិនទាន់អាចសន្និដ្ឋានបានថាមានចំនួនកូនប៉ុន្មានទេ ដោយសារសត្វនៅតូចៗពេក។ «នៅឆ្នាំ២០២១ សម្បុកទាំងពីរនៅក្នុងភូមិចំនួនពីរនេះ ញាស់បានកូនមួយៗ។ តែឆ្នាំនេះ នៅភូមិ​ស្រែអណ្ដោល ញាស់បានកូនពីរ។ នេះអាចនិយាយបានថា ជាជោគជ័យសម្រាប់ការយាមសម្បុករបស់សហគមន៍នៅតំបន់នោះ។ យើងគិតថាបើបន្តបែបនេះ ចំនួនសត្វកម្រប្រភេទនេះ នឹងកើនឡើង»។ នេះជាការលើកឡើងរបស់លោក វ៉ាន់ឌឿន ដោយបានបន្ថែមថា ប្រសិនបើសត្វត្រយងយក្សអាចការពារបាន វានឹងកើនឡើងច្រើន ហើយ​តំបន់ទាំងនោះអាចក្លាយជាកន្លែងទេសចរណ៍ សម្រាប់ការមើលសត្វស្លាប។


រូបភាពដោយ លោក សូត វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS 
 
ជាមួយគ្នានេះ ពលរដ្ឋនៅក្នុងសហគមន៍អាចរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ដែល​កើតចេញពីការចូលរួមថែរក្សា និងអភិរក្សនូវប្រភេទសត្វត្រយងយក្ស ជាសត្វតំណាងកម្ពុជា។ បើតាមអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCSរូបនេះ​ ត្រយងយក្សមានមិនច្រើននោះទេ ដោយ​ក្នុងមួយឆ្នាំៗ ក្រុមការងាររបស់​លោក អាចរកឃើញសម្បុកពងកូនរបស់វាចន្លោះពី១ទៅ៣សម្បុកប៉ុណ្ណោះ។ ម៉្យាង​វិញ​ទៀត​ មួយសម្បុកអាចមានកូនត្រឹមពីរក្បាលប៉ុណ្ណោះ។
 
ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៧ដល់២០២០ ក្រុម​ការងារ​របស់​លោក វ៉ាន់ឌឿន បាន​ប្រទះឃើញមានសម្បុកថ្មីចំនួន៧សម្បុក ក្នុងនោះញាស់ជោគជ័យបានត្រឹមតែ ៤សម្បុក។ ចំណែក​ឆ្នាំ២០២១ សម្បុកនៅភូមិស្រែអណ្ដោល ​និងភូមិខ្ទង់ ចំនួនពីរសម្បុកញាស់បានកូនពីរប៉ុណ្ណោះ។ ចំពោះសម្បុកខ្លះត្រូវបរាជ័យ ដោយមានអ្វីរំខាន នៅពេលកំពុងក្រាបពង។
 
ទោះជាវត្តមានកូនត្រយងយក្សថ្មីពីរក្បាលនេះ ជាក្តីសង្ឃឹមសម្រាប់ដំណើរការជោគជ័យដោយការរួមគ្នាអភិរក្សក្តី តែលោក វ៉ាន់ឌឿន អះអាងថា បញ្ហា និងការព្រួយបារម្ភនៅតែបន្តកើតមាននៅឡើយ។ លោក វ៉ាន់ឌឿន លើកឡើងដូច្នេះ៖«បច្ចុប្បន្ន​ការកាប់ទន្ទ្រានយកដី ការកាប់ព្រៃកាន់តែច្រើនជាងឆ្នាំមុនៗ។ ម្យ៉ាងទៀត ច្បាប់ក៏មិនទាន់អាចចាត់វិធានការណាមួយឱ្យបានច្បាស់លាស់នៅឡើយ។ ខ្ញុំគិតថា នេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិរក្ស។ សត្វក៏ពិបាកស្វែងរកជម្រក និងទីមានសុវត្ថិភាពដែរ»។


  រូបភាពដោយ លោក សូត វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS 

ក្រៅពីកិច្ចការងារថែរក្សា ក្រុមការងាររបស់អង្គការWCS បានកំពុងជំរុញការផ្សព្វផ្សាយ និងចុះអប់រំឱ្យពលរដ្ឋ រួមជាមួយសិស្សានុសិស្សក្នុងសហគមន៍ បានស្គាល់ និងស្វែងយល់ពីអត្ថប្រយោជន៍កើតចេញពីវត្តមានរបស់សត្វប្រភេទកម្រ និងរួមគ្នា ដើម្បីបន្តថែរក្សាឱ្យនៅគង់រង្ស។
 
អ្នកស្រាវជ្រាវ​សត្វព្រៃរូបនេះ និយាយថា​ ពលរដ្ឋគ្រប់រូបអាចចូលរួមថែរក្សាបានដោយការចូលរួមឱ្យតម្លៃសត្វព្រៃ តាមរយៈការមិនបរិភោគ មិនសម្លាប់ មិនកាប់បំផ្លាញព្រៃជាជម្រករបស់វា ក្នុងន័យដើម្បីសង្គ្រោះជីវិតសត្វព្រៃទាំងនោះ។ ត្រយងយក្ស ( Giant Ibis)  គឺជាប្រភេទសត្វកម្រជិតផុតពូជលើពិភពលោក ហើយវាត្រូវបានដាក់ជានិមិត្តរូប សត្វបក្សីជាតិរបស់កម្ពុជា។ រដូវពងកូនសត្វប្រភេទនេះ ចាប់ផ្ដើមពីខែមិថុនា រហូតដល់ខែតុលា ជារៀងរាល់ឆ្នាំ៕ 


 រូបភាពដោយ លោក សូត វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS 

 

Tag:
 មណ្ឌលគិរី
  អង្គការWCS
  ត្រយងយក្ស
  កែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com