ជាតិ
៦ខែ កម្ពុជា រកចំណូលពីពន្ធគយបាន ១ ២៩៣លានដុល្លារ 08, Jul 2022 , 8:59 am
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
×
ដោយ ៖ ធន់ សេងហុង
ភ្នំពេញ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ បានចំនួន ៥ ២៤៩ ពាន់លានរៀល ឬស្មើនឹងប្រមាណ ១ ២៩៣លានដុល្លារ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ នៅថ្ងៃទី៧ ខែកក្កដានេះ។
បើតាមលោក គុណ ញឹម ចំណូលពន្ធគយក្នុងឆមាសទី១ នេះ ស្មើនឹង ៥០,១ភាគរយ លើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២២ បន្តិចប៉ុណ្ណោះ។ លោក គុណ ញឹម បានដូច្នេះថា ៖«រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តផែនការចំណូលបានគ្រប់ផែនការ មានន័យថាអនុវត្តបានលើស៥០ភាគបន្តិច ក្នុងរង្វង់៥០,១ភាគរយ នៃតួលេខដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកា ឆ្នាំ២០២២»។
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក គុណ ញឹម បានឱ្យដឹងដែរថា ក្នុងរយៈពេលជិត១០ខែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករបានជាង ៧៦លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូលទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ រហូតដល់ជាង៩ពាន់គ្រឿង។
សូមជម្រាបដែរថា កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ជិត ២ ៣០០ លានដុល្លារ។ ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com