ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលវ៉ាក់សាំង Pifizer ជិត២០ម៉ឺនដូស​ទៀត ពីអូស្ត្រាលី
08, Jul 2022 , 12:29 pm        
រូបភាព
ពិធីប្រគល់និងទទួលនៃវ៉ាក់សាំងរវាង លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល(ស្តាំ) និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា (ឆ្វេង) ។ រូបភាព ពី SPM ។
ពិធីប្រគល់និងទទួលនៃវ៉ាក់សាំងរវាង លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល(ស្តាំ) និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា (ឆ្វេង) ។ រូបភាព ពី SPM ។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ ៖ កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ឱ្យកុមារប្រភេទ Pfizer ប្រមាណ ២០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី ៨ខែកក្កដានេះ។ វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះ គឺជាជំនួយទ្វេភាគី​ និងជាលើកទីពីរហើយ ពីរដ្ឋាភិបាលអូស្រ្តាលី។


វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ​ Pfizer​ ចំនួន ១៩៦ ៨០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃ៨កក្កដា។ ពិធីប្រគល់និងទទួលនៃវ៉ាក់សាំងនេះ ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំ​កម្ពុជា។ វ៉ាក់សាំងនេះ គឺជាជំនួយលើកពីរ។ កម្ពុជាធ្លាប់ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Pfizer-BioNtech ចំនួន២,៣៥លានដូស ទូបង្កកត្រជាក់ ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ពីរដ្ឋាភិបាលអូស្រ្តាលី កន្លងមកដែរ។​
 
លោកបន្តអះអាងដូច្នេះថា អូស្ត្រាលី ប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ក្នុងការឆ្លើយតបតាមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ។ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំ​កម្ពុជា បានថ្លែងថា៖ «វ៉ាកសាំងនេះ​ និងជួយការពារដល់កុមារកម្ពុជា ដែលមានអាយុពី៥ឆ្នាំដល់ ១១ឆ្នាំ ពីជំងឺកូវីដ-១៩ ហើយនឹងការគាំទ្របន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺនេះ »។ 
 
បើតាម លោក ម៉ម ប៊ុនហេង កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ៧៤លានដូស ក្នុងនោះ មាន៥៣លានដូស ទាំងជំនួយទ្វេភាគី តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងការបញ្ជាទិញដោយផ្ទាល់ បានមកដល់កម្ពុជាហើយ។ ចំណែកវ៉ាក់សាំង២០លានដូសទៀត នឹងត្រូវដឹកមកកម្ពុជា ជាបន្តបន្ទាប់។ គិតមកត្រឹមដំណាច់ខែមិថុនា កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ នៅឃ្លាំងប្រមាណ៨លានដូស សម្រាប់បន្តចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ 
 
សូមជម្រាបថា ត្រឹមថ្ងៃទី៨ កក្កដា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ ជាង ១៥,០៩លាននាក់ ដោយក្នុងនោះ មានពលរដ្ឋជាង ៣៤ម៉ឺននាក់បានចាក់នូវដូសជំរុញទីប្រាំ និងជាង៣លាននាក់ បានចាក់នូវដូសទីបួន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ចំនួននេះ គឺកម្ពុជាបានសម្រេចផែនការជាង៩៤ភាគរយ៕
 

Tag:
 វ៉ាក់សាំង អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com