ជាតិ
សេដ្ឋកិច្ច
​អ្នកចាត់ចែងបូជាសពសោធនិក នឹងទទួលបានប្រាក់ ២លានរៀល ពី ប.ស.ស
08, Jul 2022 , 7:59 pm        
រូបភាព
ដោយ៖ ញឹក សំអូន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចផ្តល់ប្រាក់ឱ្យសមាជិកក្រុមគ្រួសារនៃសព ដែលទទួលបានប្រាក់សោធននិវត្តន៍ យ៉ាងតិច ២លានរៀល ពីបេឡាជាតិរបបសន្តិសុខសង្គម។


ក្រសួងការងារ បានប្រកាសថា សាច់ញាតិគ្រួសារនៃសពដែលមានប្រាក់សោធននិវត្តន៍ នឹងទទួលបានប្រាក់យ៉ាងតិចបំផុត ២លានរៀល ហើយអាចទទួលបានលើសនេះទៅតាមប្រាក់អតីតភាព ៥ខែចុងក្រោយរបស់សមាជិកគ្រួសារ។
 
បន្ទាប់ពីបុគ្គលដែលមានប្រាក់ចូលនិវត្តន៍បានស្លាប់ ក្នុងរយៈពេល ៣ខែនោះ សាច់ញាតិត្រូវយកលិខិត មរណភាពទៅបញ្ជាក់នៅបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស រួមទាំងឯកសារដែលពាក់ព័ន្ធមួយចំនួនទៀត ដែលទទួលស្គាល់ដោយ ប.ស.ស។ 
 
«សិទ្ធិវន្តនៃវិភាជន៍បូជាសព (សមាជិកគ្រួសារ ឬអ្នកចាត់ចែងបូជាសព) ដែលចាត់ចែងបូជាសពរបស់សោធនិកជរាភាព ឬសោធនិកទុព្ធលភាព ត្រូវបំពេញទម្រង់ទាមទារវិភាជន៍បូជាសព ក្នុងអំឡុងពេល៣ខែ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់សោធនិក»។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងការងារ ចុះថ្ងៃទី៧ កក្កដា ២០២២។
 
បើតាមក្រសួងការងារដដែល នៅពេលជនសោធនិកជរាភាពទទួលមរណភាពនោះ សិទ្ធិវន្តនៃវិភាជន៍បូជាសព ឬអ្នកចាត់ចែងបូជាសព ដែលត្រូវទៅទទួលប្រាក់អប្បបរមា២លានរៀលនេះ ត្រូវជូនដំណឹងទៅ ប.ស.ស ក្នុងរយៈពេល ២សប្ដាហ៍។
 
សូមជម្រាបថា កាលពីថ្ងៃទី ១ ខែកក្កដា រដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រាក់សោធននិវត្តន៍ឱ្យវិស័យឯកជន និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីការងារ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com