ជាតិ
ក្រសួងសារធារណការ ហាមម្ចាស់យានយន្តកែច្នៃខុសបច្ចេកទេស កុំឆ្លៀតឱកាសប្រមូលផ្ដុំតវ៉ា សុំអនុគ្រោះលក្ខខណ្ឌ
08, Jul 2022 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖  ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមម្ចាស់យានយន្តកែច្នៃខុសបច្ចេកទេសគ្រប់ប្រភេទ កុំឆ្លៀតឱកាសប្រមូលផ្ដុំតវ៉ា សុំការលើកលែង ឬអនុគ្រោះលក្ខខណ្ឌណាមួយ ពីក្រសួង។
 
ក្រសួងសាធារណការ លើកទឹកចិត្តឱ្យពលរដ្ឋនិងម្ចាស់យានយន្តគ្រប់ប្រភេទ ចូលរួមបន្តគោរពច្បាប់ ជាពិសេសមិនត្រូវនាំគ្នា ចេញមកតវ៉ាទាមទារឱ្យមានការលើកលែងលក្ខខណ្ឌច្បាប់ ដែលជាហេតុធ្វើឱ្យកក់ស្ទះ និងរំខានដល់ប្រយោជន៍សាធារណជន។ 
 
ក្រសួងបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី៧ កក្កដា ដូច្នេះ៖ « សូមមេត្តាកុំឆ្លៀតឱកាសការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យលើកលែងលើលក្ខខណ្ឌណាមួយលើការកែច្នៃយានយន្តខុសបច្ចេកទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើផ្លូវថ្នល់ខូចមុនកាលកំណត់»។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាកសួរព័ត៌មានជុំវិញការផាកពិន័យលើរថយន្តខុសបច្ចេកទេសនេះដែរ ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។
 
តែយ៉ាងណាបម្រាមរបស់ក្រសួងសាធារណការនេះ ធ្វើឡើងក្រោយពីមានករណីម្ចាស់រថយន្តចង្កូតស្ដាំ នាំគ្នាប្រមូលផ្ដុំតវ៉ា នៅរង្វង់កួរស្រូវ ខណ្ឌដង្កោ កាលពីថ្ងៃទី៥ កក្កដា ដោយស្នើសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ឱ្យពួកគេអាចបង់ពន្ធ ប៉ុន្តែមិនចាំបាច់ប្ដូរចង្កូតរថយន្ត។ សម្ដេច ហ៊ុន សែន ក៏បានសម្រេចតាមសំណើរបស់ពួកគេ កាលពីថ្ងៃទី៦ កក្កដា។
  

រូបភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន

 
កាលពីឆ្នាំ២០២១ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសសរុបជាង៦ម៉ឺនគ្រឿង ត្រូវបានអាជ្ញាធរត្រួតពិនិត្យ ដោយមានល្មើសជាង១ម៉ឺនគ្រឿង។ ក្នុងនោះមន្ត្រីជំនាញកាត់ទ្រុងចេញពីរថយន្តចំនួន ១២៦គ្រឿង,រថយន្តគ្មានផ្លាកលេខចំនួន១៤០គ្រឿង,ដឹកទំនិញខុសលក្ខណៈបច្ចេកទេសជាង១ពាន់គ្រឿង,ដោះភ្លើងរថយន្តបំភ្លឺចំនួន៤៩៧គ្រឿង,រថយន្តខ្វះឯកសារចំនួន៤១៩គ្រឿង ,ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន៤១៩នាក់,បញ្ជូនរថយន្តទៅស្នងការដ្ឋានចំនួន ២៤គ្រឿង,មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាង៣ពាន់នាក់,មិនពាក់មួកសុវត្ថិភាពជាង២ពាន់នាក់ និងបើកបរហួសល្បឿនកំណត់ចំនួន៦គ្រឿង។
 
រយៈពេល១ឆ្នាំ២០២១ យានយន្តសរុប២២៣,៨៧៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៦៨,៩៥៦គ្រឿង បានលើ្មសចរាចរណ៍ និងផាកពិន័យ បង់ប្រាក់ជូនរដ្ឋ សរុបជាង១ម៉ឺនលានរៀល។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
 
 
 
 

Tag:
 ចរាចរណ៍
  គោរពច្បាប់
 ម្ចាស់យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com