ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
Concept Cafe & Bar ហាងកាហ្វេដែលមិនប្រើប្លាស្ទិក
09, Jul 2022 , 1:59 pm        
រូបភាព
អ្នកស្រី ឱ ដាវី សហស្ថាបនិក Concept Cafe & Bar
អ្នកស្រី ឱ ដាវី សហស្ថាបនិក Concept Cafe & Bar
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ហាង Concept Cafe& Bar ត្រូវបានបើកដំណើរការជាងមួយឆ្នាំហើយ។ សហស្ថាបនិកហាង គឺអ្នកស្រី ឱ ដាវី បានប្រាប់កម្មវិធី«គំនិតថ្មី»ថា អ្នកស្រី មិនប្រើប្លាស្ទិកនៅក្នុងការវេចខ្ចប់ភេសជ្ជៈឡើយ ហើយការបម្រើភេសជ្ជៈនៅក្នុងហាងផ្ទាល់ក៏ដូច្នេះដែរ។ ដោយមិនប្រើប្រាស់ប្លាស្ទិក។ ស្ត្រីវ័យ ៣០ឆ្នាំរូបនេះ ពន្យល់ថាអ្នកស្រីបើកហាងនេះ ព្រោះតែផ្តល់ភេសជ្ជៈសុខភាពដល់អតិថិជន ហើយក៏ចង់ចូលរួមថែរក្សាបរិស្ថានផងដែរ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ឱ ដាវី  ដូចតទៅ៖
 
 
Concept Cafe & Bar ជាហាងកាហ្វេ និងភេសជ្ជៈ ដែលមិនប្រើប្រាស់សម្ភារវេចខ្ចប់ជាប្លាស្ទិក ប៉ុន្តែជំនួសវិញដោយក្រដាសរឹងដែលនាំចូលពីប្រទេសចិន និងផលិតផលកែច្នៃក្នុងស្រុកមួយចំនួនទៀត។ អ្នកស្រី ឱ ដាវី ដែលជាម្ចាស់ហាង Concept Cafe & Bar បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី«គំនិតថ្មី»ថា នេះគឺជាអាជីវកម្មដំបូងដែលអ្នកស្រីបើកដំណើរការ ដោយ សារចិត្តស្រឡាញ់ខ្លាំង និងមានឱកាសអាចចូលរួមគិតគូរពីបរិស្ថានផងដែរ។
 
ប្រឡូកក្នុងការធ្វើអាជីវកម្មជាលើកដំបូង ដោយមិនបានត្រៀមទុកមុនច្រើន  អ្នកស្រី ឱ ដាវី ដែលជាអតីតនារីអាកាសចរណ៍ ទទួលស្គាល់ថា ពិតជារឿងដ៏លំបាកមួយ។ ប៉ុន្តែស្ត្រីវ័យ ៣០ឆ្នាំរូបនេះ ក៏មិនព្រមបោះបង់វាដោយងាយៗឡើយ។ «ខ្ញុំចូលមក ប្រឡូកមក គឺថាថ្មីទាំងអស់ វាជាបទពិសោធទី១របស់ខ្ញុំ។ អ៊ីចឹងពេលវាថ្មីពេក ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា Struggling (តស៊ូ) ប៉ុនែ្តអ្វីដែលសំខាន់ គឺដោយសារខ្ញុំជ្រុលធ្វើវាហើយ អ៊ីចឹងមិនអាចត្រឡប់ទៅក្រោយបានទេ។ ហើយសម្រាប់បទពិសោធខ្ញុំ ចង់ចែករំលែកថា បើសិនចង់ធ្វើអ្វីមួយ ត្រូវសិក្សាពីអាជីវកម្មនោះទៅ បើមានលទ្ធភាពហើយ ក៏ធ្វើវាទៅ»។
 
មានសម្បុរស្រអែម កម្ពស់ខ្ពស់ អ្នកស្រី ដាវី អះអាងថា ក្រៅពីមិនប្រើប្រាស់ប្លាស្ទិកនៅក្នុងការបម្រើភេសជ្ជៈនៅក្នុងហាង និងការវេចខ្ចប់ផ្សេងៗ Concept Cafe & Bar ក៏ព្យាយាមផ្តល់នូវភេសជ្ជៈសុខភាព ដល់អតិថិជនរបស់ខ្លួន ដែលភាគច្រើនជាជនជាតិបរទេស។ អ្នកស្រី ឱ ដាវី បានស្វែងទិញ ផ្លែឈើធម្មជាតិពីបណ្តាខេត្តមួយចំនួន ដូចជារតនគិរី កំពង់ចាម និងខេត្តកណ្តាល ជាមួយនឹងរសជាតិភេសជ្ជៈដែលមិនសូវមានរសជាតិផ្អែម ដែលក៏ជាការគិតគូរពីសុខភាព និងផ្តល់ជម្រើសឱ្យអតិថិជន។ ក្រៅពីទទួលភេសជ្ជៈហើយ ពួកគេ ក៏អាចសម្រាកលម្ហែ និងអានសៀវភៅនៅក្នុងហាងនេះផងដែរ៕

Tag:
 គំនិតថ្មី
  SMEs
  ភេសជ្ជៈ
  កាហ្វេ
  ឱ ដាវី
© រក្សាសិទ្ធិដោយ thmeythmey.com