ជាតិ
ទំនិញខូចគុណភាពប្រមាណ ១ពាន់តោន ត្រូវបានបង្ក្រាបក្នុងរយៈពេល ៥ឆ្នាំ
10, Jul 2022 , 8:29 am        
រូបភាព
រូបភាពពី នគរបាលជាតិ
រូបភាពពី នគរបាលជាតិ
ដោយ:
ភ្នំពេញ៖ ទំនិញ ក្លែងក្លាយ និងខូចគុណភាព សរុបប្រមាណ ១ពាន់តោន ត្រូវបាន គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បង្រ្កាបបាន នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

 
ក្នុងពិធីប្រកាសកែសម្រួលសមាសភាពគ ណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) លោក  សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ប.ផ.ក បានលម្អិតថា ក្នុងការបង្រ្កាបទំនិញក្លែងក្លាយចំនួន ៤០៤ករណី ដែលទំនិញសរុបចំនួន ១ពាន់តោន។ ទំនិញទាំងនោះរួមមាន ឱសថ ផលិតផលវជ្ជសាស្ត្រ ក្លែងក្លាយ និងផលិតផលផ្សេងៗទៀត។
 
ជាមួយគ្នានេះ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លើកឡើងថា ការផលិត និងការចរាចរផលិតផលក្លែងក្លាយ ពីមួយថ្ងៃទៅមួយថ្ងៃ គឺជាការប៉ះពាល់ដល់សុខភាពសាធារណៈ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
 
ក្នុងកម្មពិធីនោះដែរលោក មៀច សុផាន់ណា បានឱ្យអាជ្ញាធរចាត់វិធានការកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងការផលិត ការចែកចាយផលិតផលក្លែងក្លាយ។ លើសពីនេះអាជ្ញាធរត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ នៃផលិតផលក្លែងក្លាយដល់សាធារណជន ក៏ដូចជារួមសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្រាប់ផលិតផលគ្មានគុណភាព និងផលិតផលក្លែងក្លាយ៕
 

Tag:
 ទំនិញខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com