ជាតិ
ពីនិស្សិតជលផល យុវជន គឹមឆាវ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបនៅស្រុកប្រាសាទបាគង
10, Jul 2022 , 12:39 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ លោក គង់ គឹមឆាវ ជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបក្នុងស្រុកប្រាសាទបាគង ដែលកំពុងជោគជ័យជាមួយរបរនេះ។ អតីតនិស្សិតផ្នែកវិទ្យាសាស្រ្តជលផលរូបនេះ បានប្រើប្រាស់ចំណេះគួបផ្សំនិងបទពិសោធ បង្កាត់ពូជកង្កែប និងចិញ្ចឹមកង្កែបសាច់។ ការជ្រើសរើសចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាបដែលជាស្រុកកំណើតផ្ទាល់ ព្រោះយុវជនរូបនេះ មើលឃើញពីទីផ្សារកង្កែបល្អ ដោយសារទឹកដីអង្គរសម្បូរកន្លែងទេសចរណ៍។

 
លោក គង់ គឹមឆាវ បានបញ្ចប់ការសិក្សានៅឆ្នាំ២០១៦ លើជំនាញវិទ្យាសាស្ត្រជលផល នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម។ បន្ទាប់ពីបញ្ចប់ការសិក្សានៅ រាជធានីភ្នំពេញរយៈពេល៤ឆ្នាំ យុវជន គឹមឆាវ បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដែលស្ថិតនៅ ភូមិអង្រ្គង ឃុំកន្រ្ទាំង និងចាប់របរជាអ្នកចិញ្ចឹមកង្កែប។
 
របរចិញ្ចឹមកង្កែបស្ដាប់ទៅសាមញ្ញ តែមិនមែនងាយស្រួលនោះទេ។ យុវជនរូបនេះចាប់ផ្ដើមដោយចិញ្ចឹមកង្កែប៣០គូ និងមានអាងទឹក២កន្លែង រៀបចំនៅចំហៀងផ្ទះ។ អាងនោះមានទទឹងទំហំបួនម៉ែត្រ គុណនឹងបណ្តោយប្រាំមួយម៉ែត្រ។ គ្រានោះនៅស្រុកប្រាសាទបាគង មានគ្រួសារតែពីរប៉ុណ្ណោះប្រកបរបរនេះ ដោយក្នុងនោះរាប់ទាំងរូបលោកផងដែរ។ 
 
ដំបូង លោក គឹមឆាវ ដើរលក់កង្កែបរបស់ខ្លួននៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប និងប្រាប់អ្នកដែលស្គាល់ដើម្បីជួយផ្សព្វផ្សាយទីផ្សារបន្ត។ មួយថ្ងៃលោកលក់កង្កែបសាច់បានត្រឹម ១០ទៅ២០គីឡូក្រាមប៉ុណ្ណោះ ដោយ១គីឡូក្រាម មានតម្លៃ៩ពាន់រៀល។ 


 
យុវជន គង់ គឹមឆាវ មិនមែនចិញ្ចឹមកង្កែបតាមតែចិត្តចង់នោះទេ ពោលគឺលោកបានស្រាវជ្រាវទីផ្សារសាច់កង្កែបក្នុងខេត្តសៀមរាប។ យុវជនរូបនេះប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះ៖ «ការសិក្សាជំនាញនេះ ខ្ញុំបានគិតទៅតាមលទ្ធភាពគ្រួសារ និងមើលទៅលើធនធាននៅឯផ្ទះរបស់ខ្ញុំថាអាចធ្វើអ្វីបានខ្លះ។ ដូចជាការចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមត្រី និងកង្កែប ហាក់មានតម្រូវការច្រើន។ ជាងនេះទៅទៀត ទឹកដីអង្គរសម្បូរទៅដោយទេសចរមកលេង ឯរមណីយដ្ឋានក៏មានច្រើន។ ដូច្នេះវាជាឱកាសសម្រាប់កសិករចិញ្ចឹមកង្កែបយកសាច់លក់ដូចខ្ញុំ»។
 
ពេលវេលាកន្លងផុតប្រមាណ ២ឆ្នាំ លោក គឹមឆាវ ចាប់ផ្តើមមានអ្នកស្គាល់ច្រើន និងមានឈ្មួញបញ្ជាទិញបន្តបន្ទាប់។ លោកបានពង្រីកអាងចិញ្ចឹមកង្កែបចំនួន១២អាងបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការទីផ្សារ ព្រោះកង្កែបត្រូវការពេលលូតលាស់ចំនួន៤៥ថ្ងៃ ទើបអាចលក់ចេញបាន។ លោកបន្ថែមដូច្នេះ៖ «កង្កែបមិនអាចលក់ចេញរាល់ថ្ងៃបានទេ ពីព្រោះវាត្រូវការពេលលូតលាស់។ លើសពីនេះ កង្កែបត្រូវការមើលថែដូចជា ផ្លាស់ប្តូរទឹករាល់ថ្ងៃ ដាក់ចំណី និងពិនិត្យមើលស្បែកកង្កែបជៀសវាង ការរលាកស្បែក និងហើមពោះ ដែលបណ្តាលឱ្យកង្កែបងាយងាប់»។ 


 
នាឆ្នាំ២០១៨លោកអាចលក់កង្កែបចន្លោះពី ៣០០ទៅ៤០០គីឡូក្រាមក្នុងមួយថ្ងៃ។ អាងទាំង១២ដែលបន្ថែមនោះ ជាភាពជោគជ័យដំបូងសម្រាប់យុវជនម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបរូបនេះ។ រហូតដល់ឆ្នាំ២០២២ ម្ចាស់កសិដ្ឋានវ័យ២៩ឆ្នាំរូបនេះ កំពុងមមាញឹក នឹងមុខរបររបស់ខ្លួនតាមរយៈការបង្កាត់មេពូជ  ចិញ្ចឹមកង្កែបសាច់ និងភ្ញាស់កូនជាដើម។ លោក គឹមឆាវ អាចរកចំណូលប្រមាណ ៣ពាន់ដុល្លារ ពីការលក់សាច់ និងភ្ញាស់កូនលក់ក្នុងមួយវគ្គ ដែលមានរយៈពេលប្រហែល១ខែ។ 
 
បច្ចុប្បន្នលោក គង់ គឹមឆាវ មានអាងចិញ្ចឹមកង្កែបចំនួន៤៧ ក្នុងនោះមានកង្កែបជាង ៨០ម៉ឺនក្បាល ដែលមានកង្កែបពូជមេចំនួន៥០០គូ។ មេពូជដែលលោកបង្កាត់មានពីរប្រភេទ គឺពូជកង្កែបរណា និងកង្កែបគោក។  លោក គង់ គឹមឆាវ នឹងពង្រីកការចិញ្ចឹមកង្កែបបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ តាមរយៈការពង្រឹងលើគុណភាពសាច់កង្កែប ការបង្កាត់ពូជថ្មីជាដើម។ បើទោះជាបច្ចុប្បន្នកសិដ្ឋានរបស់លោកធ្វើតែនៅបរិវេណផ្ទះយ៉ាងណាក្តី តែលោករំពឹងថា លោកនឹងអាចពង្រីកដីឱ្យធំទូលាយជាងនេះដើម្បីបន្ថែមអាងចិញ្ចឹមកង្កែប
អតីតនិស្សិតជលផលរូបនេះ បន្ថែមថា ការចិញ្ចឹមកង្កែម គឺត្រូវការការយកចិត្តទុកដាក់ណាស់។ ដូច្នេះ កសិករត្រូវសិក្សាឱ្យបានច្រើន។ ក្នុងនាមជាអ្នកមានបទពិសោធន៍ ចំណេះដឹង ក៏ដូចជាបានឆ្លងកាត់ការសិក្សា លោក គង់ គឹមឆាវ មិនស្ទាក់ស្ទើនឹងបង្រៀនពីរបៀបចិញ្ចឹមកង្កែប ដល់កសិករផ្សេងទៀត ដែលមានបំណងចិញ្ចឹមកង្កែបដូចរូបលោក។ ៕



Tag:
 លោក គង់ គឹមឆាវ
  កង្កែប
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com