ជាតិ
ព្រះបាទស្រីជេដ្ឋា ព្រះរាជាខ្មែរដែលបោះពុម្ព កាសស្លឹង
10, Jul 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ព្រះបាទស្រីជេដ្ឋា បានដណ្តើមយករាជសម្បតិ្ត និងបានឡើងសោយរាជ្យពីឆ្នាំ ១៥១២ រហូតដល់ឆ្នាំ ១៥២៦។ ព្រះបាទស្រីជេដ្ឋា ប្រើ កាសមាស និងប្រាក់ ជាលុយ ដោយមានរូបនាគជាសញ្ញាសម្គាល់ ហៅថា ស្លឹង។ ដូច្នេះ ព្រះបាទស្រីជេដ្ឋា គឺជាព្រះរាជាដំបូងដែលបានផ្តើមប្រើបុព្វសិទ្ធិក្នុងការបោះផ្សាយប្រាក់នៅកម្ពុជា។ នេះបើតាមសៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព»។
 
រូបិយវត្ថុ គឺជាការកសាងគ្រឹះមួយនៃសិទ្ធិអំណាច និងអធិបតេយ្យភាព ដែលជាការផ្សំផ្គុំរដ្ឋជាមួយទឹកដី។ រូបិយវត្ថុ ដែលត្រូវបានព្រះបាទស្រីជេដ្ឋា ដាក់ឱ្យប្រើប្រាស់ដំបូងនៅកម្ពុជា គឺជាកាសស្លឹង ដែលមានរាងមូលស្តើង ដែលមានទម្ងន់ក្រោម ២ភាគ៣ នៃជី ដែលស្មើនឹង ២,៥ ក្រាម។ សៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា នៅឆ្នាំ ១៨៨០ លោក Moura ថា មួយស្លឹង ស្មើនឹង ២,៣៤ក្រាម ដោយ ១តម្លឹង មានទម្ងន់ ៣,៧៥ក្រាម ស្មើនឹង ១០ជី។ ពោល គឺ ១តម្លឹង មាន១៦ស្លឹង។ 
 
កាសស្លឹង ត្រូវបានបោះពុម្ពដោយ ស្តេចកន (ព្រះបាទស្រីជេដ្ឋា) នៅដើមសតវត្សរ៍ទី១៦។ នៅក្នុងសម័យដ៏ចម្រូងចម្រាសនេះ អង្គរ គ្មានអំណាចអ្វីទៀតទេ។ ព្រះរាជាណាចក្របានបែកខ្ញែក មានភាគីជម្លោះ ៣នាក់ ឈ្លោះគ្នា និងបានរត់ទៅពឹងឱ្យសៀមជួយ។ ស្តេចកន បានកសាង ឬយ៉ាងហោចក៏បានបង្កើតតឹកតាងនៃធម្មានុរូបភាពរបស់លោក ដោយបោះពុម្ពផ្សាយរូបិយវត្ថុ ដែលមានរូបនាគ ឬ រូបណាហ្គាដ៏ធំ។ ការធ្វើដូចនេះ ព្រះអង្គបានផ្តល់អត្តសញ្ញាណមួយសម្រាប់ទឹកដី ដែលទ្រង់កាន់កាប់។ 
 
វិធីដើម្បីបង្កើតអត្តសញ្ញាណមានច្រើនណាស់នៅសម័យនោះ។ កាលគ្រានោះ គេត្រូវភ្ជាប់សាច់សាលោហិតជាមួយព្រះរាជាមុន ដើម្បីឱ្យមានធម្មានុរូបភាព ទោះបីជាត្រូវប្រើវិធីប្រហារជីវិតក៏ដោយ។ ការភ្ជាប់ទំនាក់ទំនងគ្នាជាមួយប្រពន្ធ ប្អូនស្រី ឬកូនស្រីរបស់ស្តេចមុន គឺជាពិធីប្រសិទ្ធី និងការទទួលស្គាល់ខ្លួនជាខ្សែស្រឡាយស្តេច។ 
 
យើងអាចមើលពីស្លាកស្នាមមត្តេយ្យកា ដែលបានជ្រាបចូលក្នុងកិច្ចការសង្គមខ្មែរយូរមកហើយ។ រូបិយវត្ថុ នាំមកនូវផ្លូវថ្មី។ វាជាអត្តសញ្ញាណរបស់ប្រជាជន ដែលព្រះរាជាបញ្ជា ព្រោះព្រះរាជា ជាអ្នកកាន់អត្តសញ្ញាណនោះ។ 
 
រូបិយវត្ថុ ដែលព្រះបាទអង្គឌួងបោះផ្សាយក្រោយមកទៀតនោះ គឺជាទង្វើដ៏សំខាន់មួយផងដែររបស់ព្រះរាជាដ៏អស្ចារ្យមួយរូបនេះ។ ទ្រង់បានព្យាយាមទាមទារយកទឹកដី កម្ពុជាក្រោមមកវិញ។ ក៏ប៉ុន្តែ វាជាទង្វើផ្ទុយស្រឡះមួយ ក្នុងគោលបំណងចង់បាននវភាពជូនប្រទេស ជាជាងវិជ្ជមានភាពនៃអត្តសញ្ញាណរបស់ទ្រង់៕
 
 

Tag:
 សារមន្ទីរ ស.ស.រ
  រូបិយវត្ថុ
  ព្រះបាទជ័យជេដ្ឋា
  ព្រះបាទស្រីជេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com