ជាតិ
ការស្រឡាញ់បរិស្ថាន ជំរុញអ្នកស្រី ដាវី បើកហាងកាហ្វេដោយមិនប្រើប្លាស្ទិកឡើយ!
13, Jul 2022 , 8:59 am        
រូបភាព
អ្នកស្រី ឱ ដាវី ជាម្ចាស់ហាងកាហ្វេ Concept Café & Bar ។
អ្នកស្រី ឱ ដាវី ជាម្ចាស់ហាងកាហ្វេ Concept Café & Bar ។
ជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក ម្ចាស់ហាងលក់កាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ សម្រេចប្រើកែវក្រដាស, ប្រដាប់យួរធ្វើពីឫស្សី-ផ្ដៅ, ទុយោម្សៅឫស្សី និងប្រអប់ធ្វើពីកាកអំពៅ សម្រាប់វេចភេសជ្ជៈនិងចំណីអាហារជូនអតិថិជន។ បើតាមអ្នកស្រី ឱ ដាវី ម្ចាស់ហាងកាហ្វេឈ្មោះ Concept Café & Bar ការប្រើសម្ភារៈទាំងនេះ ជាវិធីសាស្ត្រមួយដែលជួយថែរក្សានិងសម្អាតបរិស្ថាននៅកម្ពុជា។ ជាមួយគ្នានេះ អ្នកស្រី ចង់ឱ្យអាជីវកម្មផ្សេងៗនិងពលរដ្ឋខ្មែរ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានជាអតិបរមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
 
Concept Café & Bar ជាហាងលក់កាហ្វេ​និងភេសជ្ជៈនានាមួយកន្លែងដែលមិនប្រើប្រាស់សម្ភារបា្លស្ទិក​សម្រាប់បម្រើសកម្មភាពអាជីវកម្មប្រចាំថ្ងៃឡើយ រាប់ទាំងការវេចខ្ចប់ភេសជ្ជៈ​និងចំណីអាហារនានាជូនអតិថិជន​ ផងដែរ។​ ទិន្នន័យពីក្រសួងបរិស្ថានបានបង្ហាញ ថា ថង់ប្លាស្ទិកប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅនៅភ្នំពេញ។ ចំនួននេះ គឺមិនបានរាប់បញ្ចូលទាំងរបស់របរប្លាស្ទិកផ្សេងៗទេ ដូចជា ប្រអប់ស្នោ ចានធ្វើពីប្លាស្ទិក និងទុយោបា្លស្ទិក...។ 
 
ដើម្បីក្លាយជាផ្នែកមួយជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាដែលកំពុងប្រឈមនាពេលសព្វថ្ងៃនេះ អ្នកស្រី ឱ ដាវី​ សម្រេចចូលរួមបង្កើតហាងConcept Café & Bar ដោយទទួលការវេចខ្ចប់ភេសជ្ជៈ និងចំណីអាហារដោយមិនប្រើប្លាស្ទិកឡើយ។ អ្នកស្រីលើកពីមូលហេតុដែលមិនប្រើប្លាស្ទិកក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ដោយសារតែយើងមានក្ដីស្រឡាញ់មួយ ថាយើងចង់ធ្វើអ្វីម្យ៉ាងដើម្បីសង្គមរបស់យើង ហើយក៏ជាលក្ខណៈផ្ដល់នូវការអប់រំ និងជាលក្ខណៈBusiness[អាជីវកម្ម] ដែលយើងអាចSupport[គាំទ្រ]ខ្លួនឯងផង! គាំទ្រ សង្គមរបស់យើងបានផង»។


របសវេចខ្ចប់បរិស្ថាន ក្នុងហាង Concept Café & Bar។

កែវក្រដាស, ប្រដាប់យួរធ្វើពីឫស្សី, ប្រដាប់ទ្រប់កែវធ្វើពីផ្ដៅ, ទុយោម្សៅឫស្សី, ក្រដាសយួរ និងប្រអប់កាកអំពៅ...ជាដើម ត្រូវបានម្ចាស់ Concept Café & Bar ប្រើប្រាស់ជំនួសឱ្យប្លាស្ទិកទាំងអស់។ ការប្រើសម្ភារៈទាំងនេះ​គឺជាផ្នែកមួយគិតគូរបរិស្ថាន តាមរយៈការកាត់បន្ថយនូវសំណល់ប្លាស្ទិក។  ប៉ុន្តែវាត្រូវចំណាយទ្វេដង បើប្រៀបធៀបសម្ភារៈនានាដែលធ្វើពីប្លាស្ទិក។ 
 
អ្នកស្រី ដាវី បានបញ្ជាក់ថា៖ «ជាក់ស្ដែងយើងប្រៀបធៀប រវាងការព្យាយាមមិនប្រើប្លាស្ទិកសោះ និងប្រើប្លាស្ទិក!​ បើយើងនិយាយពីតម្លៃគឺខុសគ្នាខ្លាំង! ប៉ុន្តែយើងនិយាយពីគុណតម្លៃរបស់វា គឺយើងអត់អាចប្រៀបធៀបគ្នាបានទេ។ អ៊ីចឹងហើយមិនថាទោះបីជាពិបាកយ៉ាងម៉េចក៏យើងព្យាយាមនៅតែតស៊ូប្រើសម្ភារដែលយើងអាចកាត់បន្ថយការប្រើប្លាស្ទិកបាន»។ 
 
កន្លងមក ភ្ញៀវដែលមកហាងរបស់អ្នកស្រី តែងតែបញ្ចេញមតិសរសើរជាហូរហែរពីសកម្មភាពហាងមួយនេះដែលមិនប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិកសម្រាប់វេចខ្ចប់ភេសជ្ជៈ និងចំណីជូនពួកគេ។ សហស្ថាបនិក Concept Café & Bar វ័យ៣០ឆ្នាំរូបនេះបាននិយាយថា៖ «មានភ្ញៀវខ្លះគាត់ពេញចិត្តមែនទែន ដែលយើងបានគិតពីបរិស្ថានរបស់យើងដែរ ហើយ​ក៏មានភាពងាយស្រួលដល់ពួកគាត់ដែរ»។ 
 


ជាការពិតការបដិសេដចំពោះការប្រើប្រាស់ប្លាស្ទិកណាដែលមិនចាំបាច់ក្នុងសកម្មភាពប្រចាំថ្ងៃ គឺវាមិនជារឿងងាយស្រួលឡើយសម្រាប់មនុស្សម្នាក់ៗ។ ប៉ុន្តែអ្នកស្រី ដាវី លើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប ត្រូវចាប់ផ្តើមបោះបង់នូវទម្លាប់ប្រើប្រាស់ប្លាស្ទិកណាដែលមិនចាំបាច់ក្នុងសកម្មភាពប្រចាំ ដោយជំនួយដោយការប្រើកំប៉ុងទឹក ថង់ក្រណាត់ ឬ​ប្រើ សម្ភារផ្សេងៗ​ដែលមិនប៉ះពាល់ដល់បរិស្ថាន។ 
 
អ្នកស្រីថ្លែងទាំងញញឹមដូច្នេះ៖ «ដោយសារតែប្លាស្ទិកមានភាពងាយស្រួល ទាំងធូរថ្លៃ  ដោយសារតែបែបហ្នឹងហើយ បានជាយើងមិនបានគិតទៅដល់ផលអវិជ្ជមានរបស់វា។ ទាំងយើងជាអ្នកទិញ ទាំងអ្នកលក់គួរគិតគូរពីរឿងបរិស្ថានឱ្យបានទាំងអស់គ្នាទៅ និងព្យាយាមក្នុងការ​មិនប្រើប្រាស់ប្លាស្ទិក»៕  
 

Tag:
 ThmeyThmey25
  concept café and Bar
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com