ជាតិ
សម្កេច ស ខេង នឹងបញ្ជូនមន្រី្តទៅជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់
20, Jul 2022 , 9:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និង លោក KADA Hiroyuki អនុរដ្ឋមន្រី្តក្រសួងយុត្តិធម៌ជប៉ុន។ រូបពីក្រសួងមហាផ្ទៃ
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និង លោក KADA Hiroyuki អនុរដ្ឋមន្រី្តក្រសួងយុត្តិធម៌ជប៉ុន។ រូបពីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ប្រាប់អនុរដ្ឋមន្រី្តក្រសួងយុត្តិធម៌ជប៉ុនថា នឹងបញ្ជូនមន្រី្តទៅចូលរួមវេទិកាពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ ពន្ធនាគារ និងអន្តោប្រវេសន៍។ ការចូលរួមរបស់មន្រី្តកម្ពុជា ធ្វើឡើងតាមការអញ្ជើញរបស់ជប៉ុន ខណៈកម្ពុជាក៏កំពុងមានបញ្ហាប្រឈមជុំវិញវិស័យទាំងនេះ។
 
សម្ដេច ស ខេង និង លោក KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុនបានជួបពិភាក្សាគ្នា ស្ដីពីវិស័យយុត្តិធម៌ ពន្ធនាគារ និងអន្តោប្រវេសន៍។ ជំនួបនេះធ្វើឡើង ខណៈពេលជប៉ុនគ្រោងនឹងរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្រី្តយុត្តិធម៌ជប៉ុន-អាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។ 
 
កាលពីថ្ងៃទី១៩កក្កដានេះ សម្ដេច ស ខេង បានជួបជាមួយ អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ភាគីជប៉ុន បានស្នើសម្ដេច ស ខេង ឲ្យបញ្ជូនមន្ត្រីកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រី្តយុត្តិធម៌ជប៉ុន-អាស៊ាន និងវេទិកាចំនួនពីរទៀត។ វេទិការទីមួយ គឺរបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តិចំពោះជនល្មើស ហៅកាត់ថា (UNAFEI)។ វេទិកានេះ ធ្វើឡើងដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។
 
ចំណែក វេទិកាមួយទៀត គឺជាវេទិកាអន្ដោប្រវេសន៍តូក្យូ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២២។ កម្មវិធីនេះ នឹងមានការផ្លាស់ប្ដូរព័ត៌មានពីស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ អន្តោប្រវេសន៍។ លោក KADA Hiroyuki សង្ឃឹមថា កម្ពុជានឹងបញ្ជូនមន្រី្តជំនាញទៅចូលរួម ដើម្បីផ្លាស់ប្ដូរចំណេះដឹង និងបង្កើនកិច្ចសហប្រតិបត្តិការ។ 
 
ដើម្បីបង្កើនទំនាក់ទំនង និងពង្រឹងវិស័យច្បាប់នៅ​កម្ពុជា សម្ដេច ស ខេង សន្យានឹងបញ្ជូនមន្រី្តជំនាញកម្ពុជាទៅជប៉ុន តាមការអញ្ជើញ ទាំងបីកម្មវិធី។ សម្ដេច ស ខេង ប្រាប់អនុរដ្ឋមន្រី្តក្រសួងយុត្តិធម៌យ៉ាងដូច្នេះថា៖ «នេះគឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា និងអាស៊ានផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិស័យអនុវត្តច្បាប់ វិស័យយុត្តិធម៌ វិស័យពន្ធនាគារ និងវិស័យអន្ដោប្រវេសន៍»។ 
 
ជាមួយគ្នាដែរ រដ្ឋមន្រី្តក្រសួងមហាផ្ទៃ លើកពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលមន្រី្តជំនាញបានចាត់វិធានការដោះស្រាយជាបន្តបន្ទាប់ មានបន្ធូរបន្ថយទោស ការអនុវត្តទោសនៅក្នុងសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌជាដើម។ រីឯ វិស័យអន្តោប្រវេសន៍ សម្ដេច ស ខេង បញ្ជាក់ថា ការងារនេះ ស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែដោយសារការងារនេះរីកកាន់តែធំទៅ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៀត។ បច្ចុប្បន្ន ជនអន្តោប្រវេសន៍បរទេសនៅកម្ពុជាប្រមាណ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ៕ 
 
 

Tag:
 កម្ពុជា-ជប៉ុន
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com