ជាតិ
សេដ្ឋកិច្ច
សាំងធម្មតាធ្លាក់ថ្លៃ ៤៥០រៀល ខណៈម៉ាស៊ូតក៏ធ្លាក់ ៣០០រៀលដែរ ក្នុងមួយលីត្រ
21, Jul 2022 , 3:49 pm        
រូបភាព
តម្លៃលក់រាយនៃប្រេងឥន្ធនៈរបស់ស្ថានីយTETA នាថ្ងៃទី២១កក្កដា ឆ្នាំ២០២២។ រូបថត៖ HEAK Chhoork
តម្លៃលក់រាយនៃប្រេងឥន្ធនៈរបស់ស្ថានីយTETA នាថ្ងៃទី២១កក្កដា ឆ្នាំ២០២២។ រូបថត៖ HEAK Chhoork
ដោយ៖ ចៀន ​​និតា
 
មួយខែមកនេះ តម្លៃប្រេងឥន្ធនៈដែលលក់រាយលើទីផ្សារកម្ពុជា​បានធ្លាក់ចុះជាបន្តបន្ទាប់។ បច្ចុប្បន្ន សាំងធម្មតានៅកម្ពុជាមានថ្លៃត្រឹម ៤ ៨០០រៀល។ តម្លៃនេះធៀបនឹងរយៈពេល១០ថ្ងៃមុន គឺធ្លាក់ចុះ ៤៥០រៀលក្នុងមួយលីត្រ។​ ដោយឡែក ម៉ាស៊ូត ក៏បានធ្លាក់ថ្លៃក្នុងចំនួន៣០០ដែរក្នុងមួយក្នុងមួយលីត្រ។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
 
 
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ប្រេងម៉ាស៊ូតតម្លៃ ៥ ៣០០រៀលក្នុងមួយលីត្រ​។ នេះជាតម្លៃអតិបរមារបស់ប្រេងឥន្ធន: ដែលស្ថានីយ/ដេប៉ូប្រេងឥន្ធន:ទាំងអស់ មិនអាចលក់លើសតម្លៃនេះបានឡើយ។ តម្លៃលក់នៃសាំងធម្មតា និងម៉ាស៊ូត ត្រូវអនុវត្តដល់ដំណាច់ខែកក្កដា ឆ្នាំ២០២២។ 
 
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ព្រមានដល់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈណា ដែលលក់សាំងឬម៉ាស៊ូត លើសថ្លៃកំណត់ដោយក្រសួងពាណិជ្ជកម្ម ឬមានការក្លែងបន្លំគុណភាព និងបរិមាណចំពោះអតិថិជន នឹងរងការពិន័យជាអន្តរការណ៍។ 
 
​រយៈពេល៥ខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) រកឃើញម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈជាង៦០០កន្លែង ដែលល្មើសនឹងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។​ លោក បានបញ្ជាក់ថា​ ភាគច្រើនដែលម្ចាស់ស្ថានីយឥន្ធនៈប្រពឹត្តិខុសនោះ ​ គឺការល្មើសនឹងបទដ្ឋានព័ត៌មាន និងក្លែងបន្លំគុណភាព ចំពោះអ្នកប្រើប្រាស់។ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា  ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលបន្លំគុណភាពឬប្រភពដើមនៃទំនិញចំពោះអ្នកប្រើប្រាស់ គឺអាចរងការពិន័យរហូតដល់២០លានរៀល(៥ ០០០ដុល្លារអាម៉េរិក)៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com