ជាតិ
សេដ្ឋកិច្ច
លោក ប៉ែន សុវិជាតិ ៖ ក្រសួងពាណិជ្ជកម្ម មិនមែនជាក្រសួងចាយលុយដោយគ្មានចំណូលទេ
21, Jul 2022 , 7:59 pm        
រូបភាព
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម ។រូបពី ក្រសួងព័ត៌មាន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម ។រូបពី ក្រសួងព័ត៌មាន។
ដោយ​ ៖ ធន់ សេងហុង 
 
ក្រសួងពាណិជ្ជកម្មរកចំណូលបានចំនួនជាង១២០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ បើតាមលោក ប៉ែន សុវិជាតិ ចំណូលដែលក្រសួងពាណិជ្ជកម្មរកបាន តាមរយៈសេវាសាធាណៈ ការផាកពិន័យ និងការរៀបចំតាំងពិព័រណ៍ផ្សេងៗ។


«ក្រសួងពាណិជ្ជកម្ម មិនមែនជាក្រសួងចាយលុយដោយគ្មានចំណូលទេ ជាក្រសួងដែលមានចំណូល ...»។ លោក ប៉ែន សុវិជាតិ ថ្លែងបែបនេះ នៅក្នងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ កក្កដា។ 
 
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនរូបនេះ បានឱ្យដឹងថា រយៈពេល៥ឆ្នាំមកនេះ​ ក្រសួងបានកៀគរចំណូលចូលថវិកាជាតិចំនួន ៤៩៧,៤៨ពាន់លានរៀល(ជាង១២០លានដុល្លារ) ដែលស្មើនិង ១០៦,៩ភាគរយនៃផែនការថវិកាដែលបានកំណត់។ 
 
ថវិកាដែលក្រសួងពាណិជ្ជកម្មរកបានក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ ២០១៨ មានចំនួន ២២០,២៦ពាន់លានរៀល(ជាង៥៣លានដុល្លារ) ,ឆ្នាំ២០១៩ មានចំនួន ១១៣,២២ពាន់លានរៀល (ជាង២៧លានដុល្លារ)​។ ចំណែកឆ្នាំ២០២០ ដោយសារកម្ពុជាបានជួបវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មរកចំណូលបានត្រឹមតែ ៥២,៨៧ពាន់លានរៀល (ជិត១៣លានដុល្លារ)ប៉ុណ្ណោះ មុនពេលវិបត្តិសុខភាពនេះ នៅតែអូសបន្លាយ ដល់ឆ្នាំ២០២១ ហើយរកចំណូលកើនឡើងបន្តិចបន្តួចបាន ៥៨,៩០ពាន់លានរៀល(ជាង១៤លានដុល្លារ)។  
 
ដោយឡែក រយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ ស្ថានភាពកម្ពុជាមានការវិវត្តន៍ទៅរកភាពល្អប្រសើរ ក្រសួងពាណិជ្ជកម្មរកចំណូលបាន ៥២,២៣ពាន់លានរៀល(ជាង១២លានដុល្លារ)។
 
បើតាមលោក​ សុវិជាតិ ចំណូលដែលក្រសួងពាណិជ្ជកម្មរកបានពីសេវាសាធារណៈសំខាន់ៗដូចជា ការចេញវិញ្ញាបនបត្រ​ប្រភពដើមទំនិញ ,ការចុះបញ្ជីក្រុមហ៊ុន សហគ្រាស និង ការផ្តល់សេវាចុះឈ្មោះម៉ាកពាណិជ្ជនាម រួមទាំងការធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ ដែលផ្តល់សិទ្ធទៅឱ្យមន្ទីរពាណិជ្ជកម្ម ចេញវិញ្ញាបនបត្រប្រភពដើមទំនិញទម្រង់D នៅតាមបណ្តាខេត្តជាប់ព្រំដែន។ 
ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មក៏រកចំណូលបាន តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ពីការដាក់ពិន័យទៅម្ចាស់ដេប៉ូ ស្ថានីយប្រេងឥន្ទនៈ និងផលិតទំនិញដែលខូចគុណភាព​ ហួសសុពលភាព...។ ជាពិសេស ការចេញលិខិតអនុញ្ញាត សម្រាប់ប្រកបអាជីវកម្មលោហធាតុមានតម្លៃ និងគ្រឿងអលង្កាសម្រាប់បិទស្លាកថ្លៃ  ព្រមទាំងការរៀបចំពិព័រណ៍នៅតាមបណ្តារាជធានីខេត្ត។ 
 
គិតត្រឹមថ្ងៃទី១៩ កក្កដានេះ អាជីវករដែលប្រកបរបរពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក(រកស៊ីអនឡាញ) បានមកដាក់ពាក្យសុំប៉ាតង់ មានចំនួន ៧ ១០៤នាក់ ខណៈអ្នកដាក់ពាក្យជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម មាន ១៥ ៨០០នាក់ ។ក្រសួងពាណិជ្ជកម្ម តម្រូវឱ្យអាជីវករបង់ថ្លៃសេវាចំពោះអ្នកដាក់ពាក្យជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្នុងម្នាក់ចំនួន ៥០ដុល្លា។  នេះបើតាមលោក សុវិជាតិ ៕ 
 

Tag:
 ប៉ែន សុវិជាតិ ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com