ជាតិ
ថៃ ដាក់លក្ខខណ្ឌលើការនាំចូលពោតពីកម្ពុជា
22, Jul 2022 , 8:59 am        
រូបភាព
រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ការនាំចេញគ្រាប់ពោតរបស់កម្ពុជាទៅថៃ ត្រូវជាប់លក្ខខណ្ឌដោយតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតនាំចូលជាមុន។  គ្រាប់ពោត ត្រូវឆ្លងកាត់ការធ្វើធូបនកម្ម (Fumigation) មុនពេលនាំចេញដោយប្រើថ្នាំ Methyl bromide ខណៈថ្នាំប្រភេទនេះមានតម្លៃថ្លៃនិងប៉ះពាល់ដល់ស្រទាប់អូហ្សូន។ ចំពោះមុខ ក្រសួងកសិកម្ម បានស្នើសុំទៅភាគីថៃដកលក្ខខណ្ឌប្រើប្រាស់ថ្នាំ Methyl bromide ចេញ និងជំនួសវិញដោយថ្នាំ Phosphine។ ប៉ុន្តែថៃមិនយល់ព្រមនឹងសំណើរបស់កម្ពុជាឡើយ ដោយបញ្ជាក់ថាលក្ខខណ្ឌនេះ ត្រូវបានដាក់គ្រប់ប្រទេស ដែលនាំគ្រាប់ពោតចូលប្រទេសថៃ មិនមែនតែកម្ពុជានោះទេ។
 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១កក្កដានេះ ប្រទេសថៃ បានដាក់លក្ខខណ្ឌតម្រូវថ្មី ដោយតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតនាំចូលជាមុន និងគ្រាប់ពោតត្រូវធ្វើធូបនកម្ម (Fumigation) មុនពេលនាំចេញដោយប្រើថ្នាំ Methyl bromide។ សម្រាប់ក្រសួងកសិកម្ម ថ្នាំប្រភេទនេះមានតម្លៃថ្លៃ និងស្ថិតក្នុងបញ្ជីថ្នាំកសិកម្មដែលអាចអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងលក្ខខណ្ឌជាក់លាក់ណាមួយតែប៉ុណ្ណោះ។ លើសពីនេះ តាមរយៈការត្រួតពិនិត្យផ្ទាល់ពីអ្នកជំនាញរបស់ក្រសួងកសិកម្ម ថ្នាំប្រភេទនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូនផងដែរ។
 
លិខិតដដែលបន្តថា បច្ចុប្បន្ន នៅកម្ពុជាក៏មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួង មានលទ្ធភាពផ្តល់សេវាធូបនកម្ម (Fumigation) លើថ្នាំប្រភេទនេះ​ដែរ។ ប៉ុន្តែដោយសារថ្នាំនេះមានតម្លៃថ្លៃ ធ្វើឱ្យតម្លៃគ្រាប់ពោតកើនឡើងមួយកម្រិតទៀត ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញពោត។ 
 
ជាវិធានការ ក្រសួងកសិកម្ម ក៏បានចរចាជាមួយភាគីថៃជាច្រើនលើកច្រើនសា ដោយសុំឱ្យដកលក្ខខណ្ឌប្រើប្រាស់ថ្នាំ Methyl bromide ចេញនិងជំនួសវិញដោយថ្នាំ Phosphine។ ប៉ុន្តែភាគី ថៃមិនយល់ព្រមតាមការស្នើសុំរបស់​កម្ពុជាឡើយ ដោយបញ្ជាក់ថាលក្ខខណ្ឌនេះ ត្រូវបានដាក់ចំពោះគ្រប់ប្រទេសនាំ គ្រាប់ពោតចូលប្រទេសថៃ ពោលគឺមិនចំពោះតែកម្ពុជាទេ។ដោយឡែក ដំណាំពោតដែលបានដាំដុះ សម្រាប់នាំចេញធ្វើជាចំណីសត្វ គឺមិនតម្រូវឱ្យមានការចុះបញ្ជីជាចម្ការ អនុវត្តកសិកម្មល្អ (GAP) ឡើយ។ 
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានចុះបញ្ជីឈ្មោះក្រុមហ៊ុន នាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន។ ក្រសួងកសិកម្ម ក៏ត្រួតពិនិត្យពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញគ្រាប់ពោតកម្ពុជា ទៅកាន់ប្រទេសចិន តាមរយៈអគ្គរដ្ឋបាលគយរបស់ចិនរួចរាល់ហើយ។ កម្ពុជា នៅចាំតែការអនុម័តពីអគ្គរដ្ឋបាលគយរបស់ចិន សម្រាប់ការនាំចេញ​ប៉ុណ្ណោះ។
 
គិតមកដល់ថ្ងៃទី២១ខែកក្កដានេះ កម្ពុជា បាននាំចេញគ្រាប់ពោត ទៅទីផ្សារប្រទេសថៃ តាមលក្ខខណ្ឌតម្រូវថ្មី មានចំនួន ៣៧ ៥០០តោន៕ 
 
 
 

Tag:
 ពោត
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com