ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអង្គការស៊ីប៉ា អនុវត្តគម្រោង«ការអប់រំក្នុងពន្ធនាគារ» ដើម្បីបណ្តុះបណ្តាលចំណេះដឹងទូទៅដល់ជនជាប់ឃុំទាំង២៨ មណ្ឌលអប់រំកែប្រែ។
អង្គការស៊ីប៉ា បានបង្កើតគម្រោងថ្មីនេះ ដែលមានរយៈពេល៣ឆ្នាំ ដោយគ្រោងចំណាយថវិកាសរុបជិត ៤០ម៉ឺនដុល្លារ។ «ការអប់រំក្នុងពន្ធនាគារ» ជាគម្រោងទី២របស់អង្គការស៊ីប៉ា ក្រោយជោគជ័យលើគម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» រយៈពេល១០ឆ្នាំ។
លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងពីអត្ថប្រយោជនៃបណ្ណាល័យនេះក្នុងសិក្ខាសាលាដូច្នេះថា៖«ការអានសៀវភៅនេះ បានជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគាររយៈពេលខ្លី កាត់បន្ថយការឡូឡា ឈ្លោះប្រកែកគ្នារវាងជនជាប់ឃុំក្នុងបន្ទប់ជាមួយគ្នា កាត់បន្ថយអារម្មណ៍ស្មុគស្មាញ ការនឹកគិតអំពីគ្រួសារ និងការគិតរកល្បិចគេចខ្លួន»។
![](https://image.thmeythmey.com/pictures/2022/07/22/khum__1_.jpg)
ជនជាប់ឃុំកំពុងអានសៀវភៅក្នុងបណ្ណាល័យ។ រូបភាពដោយ៖ Molika SOK
រយៈពេល១០ឆ្នាំនេះ អង្គការស៊ីប៉ា សម្រេចបាន ២៨បណ្ណាល័យ ដោយមានអ្នកអានសរុប ៨ពាន់នាក់។ អ្នកខ្ចីសៀវភៅ មាន១ម៉ឺននាក់ និងសៀវភៅ ដែលត្រូវបានខ្ចីយកទៅអានមានចំនួន ១៤០០០ក្បាល។ ក្នុងគម្រោងនេះ ក៏មានការបណ្តុះបណ្តាលសិស្សអក្ខរកម្ម ដល់ជនជាប់ឃុំបានចំនួន ២៤៨៥នាក់ និងបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ១១៩១នាក់ផងដែរ។
ក្រោយជោគជ័យគម្រោងខាងលើ អង្គការស៊ីប៉ា បានបន្តគម្រោងថ្មីជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដោយផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងទូទៅសម្រាប់អ្នកនៅក្នុងពន្ធនាគារ។ គម្រោង«អប់រំក្នុងពន្ធនាគារ» ជាគម្រោងបន្ទាប់ ដែលនឹងធ្វើឱ្យបណ្ណាល័យនៅក្នុងពន្ធនាគារទាំងអស់ក្លាយជាមណ្ឌលពហុសិក្សា សម្រាប់ជនជាប់ឃុំ។ គម្រោងនេះ អនុលោមតាមគោលនយោបាយជាតិរបស់ក្រសួងអប់រំ ឱ្យជនជាប់ឃុំបានស្គាល់អំពីបរិបទឌីជីថល ក្រោយពេលធ្វើសមាហរណកម្ម។
គម្រោងថ្មីនេះ ក៏ជាឱកាសទីពីរសម្រាប់ជនជាប់ឃុំទាំង២៨ អាចទទួលបានការអប់រំ ក៏ដូចជាបានទទួលបទពិសោធន៍ថ្មីជាមួយនឹងធនធានឯកសារឌីជីថល។ ការបណ្តុះបណ្តាលតាមធនធានឌីជីថល(NomaLab) ដោយផ្តល់ការប្រើប្រាស់ទាំងមាន និងគ្មានអីនធឺណេត ដើម្បីជំរុញការសិក្សាតាមបែបបច្ចេកវិទ្យា។
![](https://image.thmeythmey.com/pictures/2022/07/22/khum__2_.jpg)
ជនជាប់ឃុំកំពុងអានសៀវភៅក្នុងបណ្ណាល័យ។ រូបភាពដោយ៖ Molika SOK
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា៖« គម្រោងនេះកើតចេញពីអ្វី ដែលយើងបានធ្វើនៅគម្រោងចាស់ ១០ឆ្នាំជាង។ ជនជាប់ឃុំនៅក្នុងពន្ធនាគារ គាត់ត្រូវការរៀនសូត្រ គាត់ត្រូវការចំណេះដឹងបន្ថែម។ ទោះពួកគាត់មិនមានសេរីភាពនៅខាងក្រៅ ប៉ុន្តែការចង់ដឹង ចង់ចេះរបស់ពួកគាត់ គឺនៅតែមាន។ គាត់មានសិទ្ធិទទួលបានការអប់រំ អ៊ីចឹងហើយទើបយើងពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ធ្វើយ៉ាងណាដាក់ចេញនៅគម្រោងបន្ទាប់ ដើម្បីឱ្យពួកគាត់អាចបន្តរៀនសូត្រ»។
នាយកអង្គការស៊ីប៉ារូបនេះ សង្ឃឹមថាគម្រោងនេះនឹងផ្តល់ជាប្រយោជន៍ដល់ជនជាប់ឃុំទាំងអស់ ដ្បិតប្រទេសមួយចំនួនបានអនុវត្តគម្រោងនេះប្រសើរច្រើន ដោយជនជាប់ឃុំ អាចមានសញ្ញាបត្រទុតិយភូមិថែមទៀតផង។
លោក សុទ្ធិ ថ្លែងថា៖«យើងមិនទាន់សង្ឃឹមដល់កម្រិតនេះ ប៉ុន្តែយើងនឹងព្យាយាមធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានការអប់រំបន្ត។ ការអប់រំនេះសំខាន់ណាស់ ដើម្បីធ្វើឱ្យពួកគាត់បាត់ភាពស្មុគស្មាញ បំបាត់ស្ត្រេស ធ្វើឱ្យគាត់មានសង្ឃឹមក្នុងជីវិត។ វាជារឿងសំខាន់មែនទែន ដែលយើងព្យាយាមធ្វើឱ្យពួកគាត់»។
ទន្ទឹមនោះ លោក សំ លាងអេង ប្រធានគម្រោង«អប់រំនៅក្នុងពន្ធនាគារ» រំពឹងថា ជនជាប់ឃុំនឹងទទួលបានការអប់រំ លើគ្រប់វិស័យ ដូចជា ការសិក្សាបន្ត ការស្រាវជ្រាវ ការអប់រំផ្លូវចិត្ត និងការធ្វើកសិកម្ម តាមរយៈធនធានឌីជីថល។ លោកបន្ថែមថា៖« វាគឺជាទុនមួយ ពេលគាត់ធ្វើសមាហរណកម្មចូលសង្គមជាតិវិញ ប្រកបទៅដោយចំណេះដឹង ចំណេះធ្វើ ក៏ដូចជាតាមទាន់នូវការវិវត្តខាងក្រៅរបស់សង្គមជាតិយើង»៕
![](https://image.thmeythmey.com/pictures/2022/07/22/khum__3_.jpg)
ជនជាប់ឃុំកំពុងអានសៀវភៅក្នុងបណ្ណាល័យ។ រូបភាពដោយ៖ Molika SOK