ជាតិ
សេដ្ឋកិច្ច
ADB ព្យាករថាកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រឹម​ ៤,៦ភាគរយ ក្នុងឆ្នាំ២០២២
22, Jul 2022 , 3:29 pm        
រូបភាព
រូបពី ADB ។
រូបពី ADB ។
ដោយ ៖ ធន់ សេងហុង 
 
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ច នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍ ពី៥,២ភាគរយ មកត្រឹម៤,៦ភាគរយ នៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹង​រូបិយវត្ថុរបស់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ។ជាពិសេសការ​អូស​បន្លាយនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី ២១កក្កដា ជុំវិញការព្យាករកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងនោះ ADB បានបន្ទាបការព្យាកររបស់ខ្លួនពី ៥,២ភាគរយ កាលពីមេសាកន្លងទៅ មកត្រឹម ៤,៦ភាគរយវិញ។ 
 
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានលើកឡើងថា ៖ «ផលប៉ះពាល់សេដ្ឋកិច្ច​នៃ​ជំងឺកូវីដ-១៩ បានថមថយខ្លះដែលភាគច្រើននៅតំបន់អាស៊ី ប៉ុន្តែយើងនៅឆ្ងាយពីការងើបឡើងវិញពេញលេញ និងប្រកបដោយនិរន្តរភាព»។ 
 
ប្រធានសេដ្ឋវិទូរបស់ ADB បានបន្តថា​ ៖«ក្រៅពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ឥទ្ធិពលនៃសង្រ្គាម​នៅក្នុងប្រទេសអ៊ុយក្រែន បានបន្ថែមសម្ពាធអតិផរណាដែលបណ្តាលឱ្យធនាគារកណ្តាលនៅជុំវិញពិភពលោកដំឡើងអត្រាការប្រាក់ជាហេតុនាំឱ្យកំណើនធ្លាក់ចុះបន្តិច។ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយ ភាពមិនប្រាកដប្រជាជាសកលទាំងអស់នេះ ដែលបន្តបង្កហានិភ័យដល់ការងើបឡើងវិញនៃតំបន់»។
 
កំណើនសេដ្ឋកិច្ចរបស់ចិន បានកើនត្រឹម ៤ភាគរយ ក្នុងឆ្នាំនេះ ធៀបនឹងការព្យាករពីមុន ៥ភាគរយ។ ADB ក៏បានទម្លាក់ការព្យាកររបស់ខ្លួន ចំពោះឥណ្ឌាពី ៧,៥ភាគរយ មកត្រឹម ៧,២ភាគរយ ដោយសារមានអតិផរណាខ្ពស់ជាងការរំពឹងទុក និងការរឹតបន្តឹងរូបិយវត្ថុ។
 
ចំណែក អតិផរណានៅក្នុងតំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងកើនឡើងដល់ ៤,២ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករពីមុន ៣,៧ភាគរយ។ ប៉ុន្តែកម្រិត​អតិផរណា​នៅក្នុងតំបន់នេះ នៅតែទាបជាងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។ 
 
ដោយឡែក ADB ក៏បានព្យាករពីតំបន់អាស៊ីអាគ្នេយ៍ ដែលទំហំសេដ្ឋកិច្ចនៅតំបន់នេះ មានការកើនពី ៤,៩ភាគរយដល់ ៥,0ភាគរយ នៅឆ្នាំនេះ ដោយសារមានការកើនឡើងនៃតម្រូវការក្នុងស្រុក ស្របពេលការរឹតត្បិតកូវីដ១៩ កាន់តែធូរស្រាល។
 
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៣ ADB បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ច​របស់ខ្លួន​នៅតំបន់នេះពី ៥,៣ភាគរយ មកត្រឹម ៥,២ភាគរយ ខណៈការអតិផរណានឹងកើនពី ៣,១ភាគរយ ទៅដល់ ៣,៥ភាគរយ។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕
 

Tag:
 ADB កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com