ជាតិ
World Vision ៖អ្នកសារព័ត៌មាន ជាធាតុចូលសំខាន់ ក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ
22, Jul 2022 , 9:59 pm        
រូបភាព
លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គរការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ឈរនៅកណ្ដាល។
លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គរការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ឈរនៅកណ្ដាល។
ដោយ:
ភ្នំពេញ៖ លោក ឡេង វីរះ នាយកអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា​ ចាត់ទុកអ្នកសារព័ត៌មាន ជាផ្នែកមួយសំខាន់ក្នុងការរួមចំណែកទប់ស្កាត់ និងបញ្ឈប់អំពើហិង្សាលើកុមារ។


អង្គការទស្សនៈពិភពលោក ប្រចាំប្រទេសកម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពី​ «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា» កាលពីថ្ងៃទី ២០កក្កដា ។ក្នុងសិក្ខាសាលានេះ វាយគ្មិនបានលើកឡើងពីការចូលរួមរបស់អ្នកសារព័ត៌មានដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហាអំពើហិង្សាលើកុមារ ទាំងផ្លូវកាយ និងអំពើហិង្សាផ្លូវភេទ។
 
លោក ឡេង វីរៈ នាយកអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា លើកឡើងក្នុងសិក្ខាសាលានេះថា កុមារជាច្រើនទទួលរងអំពើហិង្សាផ្លូវកាយ​ និងផ្លូវចិត្តដោយចេតនា និងអចេតនា។ ជាមួយគ្នានោះ អ្នកសារព័ត៌មាន ជាអ្នកមានឥទ្ធិពលក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់រូបភាពទាំងអស់។ «ព័ត៌មានជាអំណាច អ្នកមានព័ត៌មានជា អ្នកមានអំណាច» ។ នេះជាការលើកឡើងរបស់លោក ឡេង វីរៈ។
 
លើសពីនេះ អង្គការទស្សនៈពិភពលោកកម្ពុជាក៏បានតាំងចិត្ត ការពារកុមារកម្ពុជាពីការទទួលរងអំពើហិង្សាផ្លូវកាយ និងផ្លូវភេទ។ អង្គការទស្សនៈពិភពលោក ក៏អំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនដើម្បីបញ្ជ្រាបចំណេះដឹងពីផលប៉ះពាលនៃការប្រើប្រាស់អំពើហិង្សាលើកុមារ។
 
សូមជម្រាបថា យោងតាមរបាយការណ៍ពីអង្គការទស្សនៈពិភពលោក កុមារា ទទួលរងអំពើហិង្សាផ្លូវកាយច្រើនជាងកុមារី។​ ក្នុងការសិក្សាលើអាណាព្យាបាលជាង ២ម៉ឺននាក់ របស់ CDHS ២០២១-២០២២ បង្ហាញថា​កុមារា ៤៥ភាគរយទទួលរងអំពើហិង្សាផ្លូវកាយ ខណៈកុមារីមាន ៤០ភាគរយ ៕
 

Tag:
 World Vision
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com