ជាតិ
យុវជន ជិត៩០០នាក់ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ច ពីកម្មវិធី«ហូកា»
23, Jul 2022 , 8:59 am        
រូបភាព
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង«ហូកា»។ រូបថត៖ ក្រសួងទេសចរណ៍
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង«ហូកា»។ រូបថត៖ ក្រសួងទេសចរណ៍
ដោយ៖ ចៀន​ និតា
យុវជនខ្មែរជិត៩០០នាក់ក្នុង​ខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ ផ្នែក​បដិសណ្ឋារកិច្ច​ ពីគម្រោង «ហូកា»។ ក្នុងចំណោមយុវជនទាំងនេះ គឺមានស្រី ៥៩៦នាក់។​
 
ឆមាសទីមួយ​ឆ្នាំ២០២២ មានយុវជ​នចំនួន៨៨៤នាក់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគីរី និងមណ្ឌលគីរី សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ទទួលបានបណ្តុះបណ្តាលលើជំនាញទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ច​ពីកម្មវិធីហូកា។ នេះបើយោងតាមក្រសួងទេសចរណ៍ ដោយបញ្ជាក់ថា  យុវជនដែលទទួលបានបណ្តុះបណ្តាលនេះ គឺមានទាំងអ្នកជំនាញដែលកំពុងបម្រើការងារបច្ចុប្បន្ន យុវជនទីទាល់ក្រ និងអ្នកជំណាញដែលបានឈប់សម្រាកពីការងារដោយវិបត្តិជំងឺកូវី-១៩។ 
 
បើតាមលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង«ហូកា»​ ការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដល់យុជននៅតាមតំបន់នានានេះ គឺជាការចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជិវៈទេសចរណ៍។ លោក បន្ថែមថា​​ ការបណ្តុះបណ្តាលនេះ​ គឺទទួលបានការគាំទ្រពីអង្គការ SwissContact អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ UNIDO លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេនានា។​
 
ជាមួយគ្នានេះលោក លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនេះ​ បានលើកឡើងថា  តាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការ SwissContact នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com