ជាតិ
អាជ្ញាធរជាតិព្រះវិហារផ្ដល់ថវិកា៣៥០០ដុល្លារដល់និស្សិតសម្រាប់អនុវត្តគម្រោងស្រាវជ្រាវតំបន់ព្រះវិហារ និងកោះកេរ 23, Jul 2022 , 3:19 pm
![រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ](https://image.thmeythmey.com/pictures/2022/07/23/thumb2/koh__1_.jpg)
រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
×![]()
អាជ្ញាធរជាតិព្រះវិហារ ផ្ដល់ថវិកាចំនួន៣៥០០ដុល្លារ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់អនុវត្តគម្រោងស្រាវជ្រាវតំបន់ព្រះវិហារ និងកោះកេរ។ ថវិកានេះផ្ដល់សម្រាប់និស្សិតចំនួន៣ក្រុម ដើម្បីអនុវត្តគម្រោងស្រាវជ្រាវចំនួន៣ផ្សេងគ្នា។
ដើម្បីជំរុញឱ្យមានការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយឱ្យកាន់តែច្រើនពីតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ អាជ្ញាធរជាតិព្រះវិហារ បានបង្កើតមូលនិធិគម្រោងស្រាវជ្រាវ ដើម្បីផ្ដល់ឱកាសដល់និស្សិត មន្រ្តីរាជការ និងសាស្រ្តាចារ្យ ដើម្បីស្រាវជ្រាវ និងសិក្សាពីតំបន់ទាំង២នោះ។
គម្រោងស្រាវជ្រាវនេះ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា គម្រោងស្រាវជ្រាវលើកដំបូងនេះ បានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ ដែលផ្ដល់អាទិភាពដល់និស្សិតចំនួន៣ក្រុម សម្រាប់អនុវត្តការស្រាវជ្រាវ ដោយបែងចែកជា៣គម្រោងផ្សេងៗគ្នា។
![](https://image.thmeythmey.com/pictures/2022/07/23/koh__2_.jpg)
រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
គម្រោងទាំង៣នោះមាន ការសិក្សាស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ,បដិមាបាត់បង់ និងការទាមទារត្រឡប់មកវិញ និងស្ថានីយគោកដីឆ្នាំង។
លោក ពុទ្ធិការ លើកឡើងដូច្នេះថា៖«គម្រោងស្រាវជ្រាវនោះ យើងកំណត់រយៈពេល៦ខែក្នុងមួយគម្រោង។ ដោយសារឆ្នាំនេះ គឺជាឆ្នាំចាប់ផ្ដើម ដូច្នេះកាលវិភាគរបស់យើង គឺរៀបចំមិនទាន់ស្រួល គឺគម្រោង២របស់និស្សិត បានបញ្ចប់ហើយ។ ដោយឡែកគម្រោង១ទៀត ដែលសិក្សាស្រាវជ្រាវសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយហ្នឹង មិនទាន់ចាប់ផ្ដើមនៅឡើយទេ»។
បើតាមអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ គម្រោងស្រាវជ្រាវទាំង៣នោះ គឺផ្ដល់ថវិកាទៅតាមទំហំនៃការស្រាវជ្រាវ ដែលគម្រោងស្រាវជ្រាវ បដិមាបាត់បង់ និងការទាមទារត្រឡប់មកវិញ និងស្ថានីយគោកដីឆ្នាំង ទទួលបានថវិកា៥០០ដុល្លារ ក្នុងមួយគម្រោង។ ចំណែកឯ គម្រោងស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ ទទួលបានការគាំទ្រចំនួន២៥០០ដុល្លារ។ លោក គង់ ពុទ្ធិការ បញ្ជាក់ថា ថវិកាគាំទ្រនេះ គឺជាថវិការដ្ឋ ផ្ដល់សម្រាប់ការស្រាវជ្រាវតំបន់តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ៕
![](https://image.thmeythmey.com/pictures/2022/07/23/koh__3_.jpg)
រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com