កីឡាជាតិ
ជាតិ
កីឡា១២ប្រភេទ សម្រេចដាក់ប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ 29, Jul 2022 , 6:59 pm
![កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន នាក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី](https://image.thmeythmey.com/pictures/2022/07/29/thumb2/29720221725la__1_.jpg)
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន នាក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី
×![]()
ដោយ៖ហៀក ឆក
ក្រុមប្រឹក្សាសហហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ បានសម្រេចដាក់កីឡា១២ប្រភេទក្ នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី២៩ ខែកក្កដា នៅសណ្ឋាគារ Swiss BelHotel ក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ដែលមានប្រទេសចំនួន ១០បានចូលរួម បានសម្រេចអនុម័តដាក់កីឡា១២ ប្រភេទ សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។ សម្រាប់តំណាងកម្ពុជាមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
![](https://image.thmeythmey.com/pictures/2022/07/29/29720221725la__2_.jpg)
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១១ នាក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
កីឡាទាំង១២ប្រភេទ ដែលត្រូវបានអនុម័តជាផ្លូវការរួមមាន កីឡាប៊ូស្យា បាល់ទាត់ម្ខាង៥នាក់ (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់ម្ខាង៧នាក់(ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់ទះលើរទេះ។ ក្រៅពីកីឡាទាំង១២ ប្រភេទដែលបានសម្រេចអនុម័ត ក៏នៅមានកីឡាខ្លះទៀត ត្រូវបានដាក់សម្រាប់ពិចារណា។ នេះបើតាមលោក វ៉ាត់ ចំរើន ដែលបានធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
គួបញ្ជាក់បន្ថែមថា តាមការគ្រោងទុកកម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
Tag:
អាស៊ានប៉ារ៉ាហ្គេម
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com